ភ្នំពេញៈ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក ឌ្រីសម៉ាន់ អ៉ីហ្គោរ៍ (DRIESMANS Igor) បានប្តេជ្ញាចិត្តជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហភាពអឺរ៉ុប ឱ្យបានកាន់តែរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យបន្ថែមទៀតក្នុងអាណតិ្តការទូតរបស់លោក។
ការប្តេជ្ញានេះត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកត្រូវបានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព នារសៀលថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤។
តេឡេក្រាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «ឯកឧត្តម ក៏បានសម្តែងនូវការបេ្តជ្ញាចិត្តក្នុងអាណតិ្តបេសកកម្មការទូតរបស់ឯកឧត្តម ក្នុងការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហភាពអឺរ៉ុប ឱ្យបានកាន់តែរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យបន្ថែមទៀត ជាពិសេសក្នុងការពាំនាំនូវការពិតស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់មុតស្រួច និងភាពប្រកួតប្រជែងរបស់កម្ពុជា ជូនចំពោះពាណិជ្ជករ និងវិនិយោគិនសហភាពអឺរ៉ុប ក្នុងទិសដៅទាក់ទាញ និងជំរុញពាណិជ្ជកម្ម និងការវិនិយោគ នៅកម្ពុជា»។
លើសពីនោះ លោក ឌ្រីសម៉ាន់ អ៉ីហ្គោរ៍ ក៏បានលើកទ្បើងអំពីចំណងការទូតដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា-សហភាពអឺរ៉ុប លើវិស័យជាច្រើន រួមមាន៖ ពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងប្រជាជន និងប្រជាជន។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ចំពោះ លោក ឌ្រីសម៉ាន់ អ៉ីហ្គោរ៍ និងសហការី ព្រមជាមួយនឹងការអបអរសាទរចំពោះការចូលកាន់មុខតំណែងរបស់ជាអគ្គរដ្ឋទូតផងដែរ។ បន្ថែមពីនោះ លោក ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះកម្ពុជា និងបានបង្ហាញនូវក្តីសង្ឃឹមចំពោះការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។
លោក ឌ្រីសម៉ាន់ អ៉ីហ្គោរ៍ បានថ្លែងអំណរគុណជូនចំពោះ លោកនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសមនេះ៕