ភ្នំពេញៈ កម្ពុជា និងគុយ បាបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំង ២ ដែលមានតាំងពីយូរលង់មកហើយ ខណៈគុយបាបានបញ្ជាក់ជំហរបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនិងបញ្ជូនវេជ្ជបណ្ឌិតជំនាញមកបណ្តុះបណ្តាលតាមមន្ទីរពេទ្យនៅកម្ពុជា។
ការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីកម្ពុជា-គុយបា ធ្វើឡើងក្នុងឱកាសដែលលោកស្រី លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ (Liurka Rodriguez Barrios) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅកម្ពុជាត្រូវចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា និងមានជំនួបដាច់ដោយឡែកជាមួយលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា និងលោក ឈា រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។
យោងតាមការជូនដំណឹងរបស់រដ្ឋសភា លោកស្រីឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតគុយបាក្នុងការចូលរួមពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងគុយបា ដែលមានតាំងពីយូរលង់មកហើយនោះ ឱ្យកាន់តែរីកចម្រើនឡើងជាលំដាប់។
លោកស្រី ឃួន សុដារី បានថ្លែងថា៖«ក្នុងរយៈពេលបំពេញបេសកកម្មការទូតនៅកម្ពុជាលោកជំទាវឯកអគ្គរដ្ឋទូត បានចូលរួមគ្រប់កម្មវិធីសង្គម នយោបាយ និងការងារស្ត្រី។ ដោយសារស្ថិតនៅក្នុងស្ថានភាពប្រហាក់ប្រហែលគ្នា ស្ត្រីកម្ពុជានិងគុយបា បានក្រោកឈរយ៉ាងរឹងមាំ រួមសហការជាមួយបុរសនៅក្នុងការបំពេញការងារគ្រប់វិស័យដោយភាពរឹងមាំ ក្លាហាន ព្រោះភាពលំបាកបានធ្វើឱ្យស្ត្រីរឹងមាំ»។
លោកស្រី ឃួន សុដារី ក៏បានកោតសរសើរចំពោះរដ្ឋសភាប្រទេសគុយបា ដែលមានសមាជិកជាស្ត្រីដល់ទៅជាង ៥៣ភាគរយដែលឈរនៅក្នុងលំដាប់លេខរៀងទី២លើសកលលោក ក្នុងចំណោមរដ្ឋសភាមានសមាជិកជាស្ត្រីច្រើនជាងគេ បន្ទាប់ពីរដ្ឋសភារ៉្វាន់ដា ដែលមានចំនួនសមាជិកសភាស្ត្រីរហូតដល់៦១ភាគរយ។
លោកស្រីបានបញ្ជាក់ថា៖ «សមាជិកសភាស្ត្រីគឺមានសារៈសំខាន់ណាស់ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងមានភាពធន់របស់ជាតិ»។
ចំណែកលោកស្រី លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ វិញក៏បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ស្ត្រីកម្ពុជានៅក្នុងការងារនយោបាយ សង្គម និងសេដ្ឋកិច្ច។ លោកស្រីបានថ្លែងថា ៖ «ការបញ្ចប់បេសកកម្មនៅកម្ពុជា ប្រៀបដូចជាឃ្លាតឆ្ងាយពីគ្រួសារ ប៉ុន្តែ[ខ្ញុំ]ពេញចិត្តចំពោះជោគជ័យនៃបេសកកម្មការទូតនៅកម្ពុជា ដែលទទួលបានការគាំទ្រនិងលើកទឹកចិត្តពីរាជរដ្ឋាភិបាល រដ្ឋសភា និងជាពិសេសពីប្រជាពលរដ្ឋកម្ពុជា»។
លោកស្រីឯកអគ្គរាជទូតក៏បានបញ្ជាក់ដែរថា គុយបានៅបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសបន្តផ្តល់អាហារូបករណ៍សុខាភិបាលដល់និស្សិតកម្ពុជាបានទៅសិក្សានៅគុយបា។
ដោយឡែកនៅថ្ងៃដដែលនោះលោកស្រី លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ ក៏បានជួបសំណេះសំណាលជាមួយនឹងលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលផងដែរ។
នៅក្នុងជំនួបនោះ លោកឈាង រ៉ា ក៏បានលើកឡើងថា កន្លងមកគុយបាបានសហការគាំទ្រនិងរួមចំណែកលើកកម្ពស់សេវាសុខាភិបាលតាមរយៈការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តគុយបាមកផ្តល់សេវាថែទាំ និងព្យាបាលជំងឺជូនពលរដ្ឋកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩ ក្រោយពេលដែលកម្ពុជាត្រូវបានរំដោះពីរបបខ្មែរក្រហម។
លោកបានថ្លែងថា៖«ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគុយបាបានជួយបណ្តុះបណ្តាល និងបង្ហាត់បង្ហាញជំនាញវេជ្ជសាស្ត្រដល់គ្រូពេទ្យនិងនិស្សិតពេទ្យកម្ពុជាព្រមទាំងបានផ្តល់អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាលជាបន្តបន្ទាប់រហូតបច្ចុប្បន្ន»។
ចំណែកលោកស្រីឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ពីជំហរយ៉ាងមុតមាំរបស់គុយបាក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ជាពិសេសកិច្ចសហប្រតិបត្តិការលើការបន្តផ្តល់អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតទូទៅ និងឈានដល់ថ្នាក់វេជ្ជបណ្ឌិតជំនាញ និងការផ្លាស់ប្តូរបច្ចេកវិទ្យាផលិតឱសថវេជ្ជសាស្ត្រដែរ។
លោកស្រីបានបន្តថាគុយបានឹងបញ្ជូនវេជ្ជបណ្ឌិតជំនាញព្យាបាលជំងឺមហារីក និងជំងឺទឹកនោមផ្អែម និងជំនាញផ្សេងៗទៀតមកជួយបណ្តុះបណ្តាលនៅមន្ទីរពេទ្យក្នុងប្រទេសកម្ពុជាតាមការស្នើសុំក្រោមកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងកម្ពុជា និងសាធារណរដ្ឋគុយបា។
លោក ឈាង រ៉ា បានបញ្ជាក់ដែរថា៖ «ភាគីពាក់ព័ន្ធនៃក្រសួងសុខាភិបាលនឹងធ្វើការជាមួយស្ថានទូតនៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជារៀបចំគម្រោងបណ្តុះបណ្តាលគ្រូពេទ្យឯកទេសមហារីកនៃមន្ទីរពេទ្យហ្លួងម៉ែដោយក្រុមគ្រូពេទ្យពីប្រទេសគុយបានៅក្នុងពេលឆាប់ៗខាងមុខនេះ»៕