​ភ្នំពេញៈ​កម្ពុជា​និង​ប៉ា​គី​ស្ថាន​ជំរុញ​ឱ្យ​មាន​ការ​ចុះ​អនុស្សរ​ណៈ​យោគ​យល់​គ្នា​(MOU)រវាង​ស្ថាប័ន​រដ្ឋ​សភា​នៃ​ប្រទេស​ទាំង​២​ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេភាគី​ឱ្យកាន់​តែ​ស៊ី​ជម្រៅ ខណៈ​ប្រមុខ​រដ្ឋ​សភា​កម្ពុជា​មាន​សុ​ទិ​ដ្ឋ​និយម​ក្នុង​ចំណង​មិត្ត​ភាព​ជាមួយ​ប៉ា​គី​ស្ថាន​ដើម្បី​បម្រើ​ប្រយោ​ជន៍​ សន្តិ​សុខ ​ការ​អភិវឌ្ឍ​ដល់​គ្នា​ទៅវិ​ញទៅ​មក និង​សម្រាប់​តំបន់​ និង​ពិភព​លោក​ទាំង​មូល​។​

​ការ​ជំរុញ​ចុះ MOU នៃ​ស្ថា​ប័ន​រដ្ឋ​សភា​ទាំង​២ ​ធ្វើ​ឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ស្រី​ ឃួន​ សុ​ដា​រី ប្រធាន​រដ្ឋ​សភា​កម្ពុជា​និង​លោក​ហ្សា​ហៀ​រូ​ឌី​ន បា​បា ថា​ហ៊ីម (Zaheeruddin Babar Thaheem) ឯក​អគ្គ​រដ្ឋ​ទូត​ប៉ា​គី​ស្ថាន​ប្រចាំ​កម្ពុជា​កាល​ពី​ថ្ងៃទី​១០ ​ខែមករា ​ឆ្នាំ​២០២៤ ​នៅ​វិមាន​រដ្ឋ​សភា​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​រដ្ឋ​សភា​កម្ពុ​ជា​។​

​នៅ​ក្នុង​ជំនួប​នោះ​លោក​ហ្សា​ហៀ​រូ​ឌី​ន បា​បា ថា​ហ៊ីម បាន​សាទរ​ចំពោះ​ការ​បោះ​ឆ្នោត​របស់​កម្ពុជា​កាល​ពី​ខែ​កក្កដា ​ឆ្នាំ​២០២៣​ កន្លង​ទៅ ដោយ​លោក​អះ​អាង​ថា ប៉ា​គី​ស្ថាន​ជា​ប្រទេស​សាក្សី​មួយ​ក្នុង​ការ​បោះ​ឆ្នោត​នោះ​ហើយ​ចាត់​ទុក​ថាជា​ការ​បោះ​ឆ្នោត​ដោយ​សេរី​យុត្តិ​ធម៌ និង​គ្មាន​អំពើ​ហិង្សា ​ហើយ​បាន​សាទរ​ចំពោះ​លោក​ស្រី​ឃួន សុ​ដា​រី ជា​ស្ត្រី​ដំបូង​គេ​ដែល​សភា​បោះ​ឆ្នោត​ជាប់​ជា​ប្រធាន​រដ្ឋ​សភា​នីតិ​កាល​ទី​៧​។​

​លោក​បញ្ជាក់​ប្រាប់​ភាគី​កម្ពុជា​ថា​៖ «​នៅក្នុង​កុម្ភៈ​ខាង​មុខ ប៉ា​គី​ស្ថាន​នឹង​រៀបចំ​ការ​បោះឆ្នោ​ត​សភា​។ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​បង្កើត​រដ្ឋ​សភា​ថ្មី​ហើយ​នោះ ​ប៉ា​គី​ស្ថាន​នឹង​លើក​ទឹកចិ​ត្ត​ជំរុញ​ដល់​ការ​បង្កើត​​អនុ​ស្សរណៈ​យោគ​យល់​គ្នា​ស្តីពី​កិច្ច​សហ​ប្រតិ​បត្តិការ​រ​វាង​រដ្ឋ​សភា​ប៉ា​គី​ស្ថាន​និង​កម្ពុជា​ក្នុងការ​ពង្រឹង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការរ​ដ្ឋ​សភា​ប្រទេស​ទាំង​២​ឱ្យ​កាន់​តែ​រឹងមាំ​ គ្រប់​ជ្រុង​ជ្រោយ​ ទាំង​ក្នុង​ក្រប​ខ័ណ្ឌ​ទ្វេភា​គី និង​ពហុ​ភាគី​»​។​

​ឯកអ​គ្គរដ្ឋទូ​ត​រូ​បនេះ​ បង្ហាញ​សុទិដ្ឋិ​និយម​ថា នៅ​ពេល​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប៉ា​គី​ស្ថាន​បង្កើត​ជា​ផ្លូវការ​ហើយ​ នោះ​នឹង​នាំ​ឱ្យ​មាន​ការ​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិការ​លើ​គ្រប​វិស័យ​សម្រាប់​ប្រទេស​ទាំង​២​ ខណៈ​សព្វថ្ងៃ​ស្ថាន​ទូត​ប៉ា​គី​ស្ថាន​នៅ​កម្ពុជា ​កំពុង​ធ្វើកា​រ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ក្រសួង​ពាណិជ្ជក​ម្ម​កម្ពុជា ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) ដើម្បី​ឱ្យ​ចេញ​កិច្ច​ព្រម​ព្រៀង​វិស័យ​ពាណិជ្ជ​កម្ម​មួយ​ក្នុង​ពេល​ឆាប់ៗ​។​

​សម្រាប់​ភាគី​កម្ពុជា​វិញ​ លោក​ស្រី ឃួន សុ​ដា​រី បាន​គាំទ្រ​កា​រលើក​ឡើង​ពី​ភាគី​ប៉ា​គី​ស្ថាន​ ដោយ​លោក​ស្រី​បាន​អះ​អាងថា​បំណង​របស់​កម្ពុជា​គឺ​ចង់​ពង្រឹង​និង​ពង្រីក​កិច្ច​សហ​ប្រតិប​ត្តិការ​រ​វាង​ស្ថា​ប័ន​រដ្ឋ​សភា​នៃ​ប្រទេស​ទាំង​២ ​ឱ្យ​កាន់​តែ​រឹង​មាំ ​សកម្ម ​និង​គ្រប់​ជ្រុង​ជ្រោយ​។​

​លោក​ស្រី​បាន​បញ្ជាក់​ថា​៖ «​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រ​ដ្ឋសភា​ក៏ដូចជា​​រដ្ឋាភិ​បាល​ប្រទេស​ទាំង​២មិ​ន​ត្រឹម​តែបម្រើ​ផ​លប្រ​យោ​ជន៍​សុខស​ន្តិភា​ព ស្ថិរភាព​និង​ការ​អភិវឌ្ឍ​របស់​កម្ពុ​ជា​និង​ប៉ា​គី​ស្ថាន​ប៉ុណ្ណោះ​ទេតែ​នឹង​បម្រើ​ដល់​ផល​ប្រយោជន៍​រួម ​ជា​ការ​ចូល​រួម​ថែរក្សា​សុខ​សន្តិ​ភាព និង​ស្ថិរ​ភាព ក្នុង​តំបន់​និង​សកល​លោក​ទាំង​មូល​»​។​

​នៅ​ក្នុង​វិស័យ​ការទូត​ស​ភា ​លោកស្រីបាន​កោត​សរសើរ​ពី​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​សភា​ប៉ា​គី​ស្ថាន​ លើ​វេទិកា​អន្ត​រស​ភា​នានា​ក្នុង​គោល​ដៅ​សន្តិ​ភាព និង​មនុស្ស​ធម៌ ​ជា​ពិសេស​គណៈ​ប្រតិភូរ​ដ្ឋ​សភា​ប៉ា​គី​ស្ថាន​ដែល​តែង​ចូលរួម​កិច្ច​ប្រជុំឬ​មហា​សន្និ​បាត វេទិកា​អន្តរ​សភា​ ដែល​រដ្ឋ​សភា​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​កន្លង​ទៅ ​ហើយ​បង្ហាញ​ការ​គាំទ្រ​គ្នា​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ពហុ​ភាគី​ផង ​ដូច​ជា ​APA, IPU, APPF, ASEP និង​AIPA ជា​ដើម​។​

​ជា​មួយ​គ្នានេះ​ លោក​ស្រី​ប្រធាន​រដ្ឋសភា​កម្ពុជា ​បាន​អរគុណ​ដល់​សម​ភាគី​ប៉ា​គី​ស្ថាន​ដែល​តែង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​របស់​កម្ពុ​ជា និង​បាន​ស្នើ​ដល់​ភាគី​ប៉ា​គី​ស្ថាន​ពិនិត្យ​លទ្ធ​ភាព​ពង្រីក​ការវិនិ​យោគ និង​ធ្វើ​ពាណិជ្ជ​កម្ម​នៅ​កម្ពុជា​ផង​ដែរ។លើស​ពី​នេះកា​រកែច្នៃ​កសិ​ផល​ផ្នែក​អាហារ​ហា​ឡាល់​“Halal” , ជំរុញ​ការ​បង្កើត​ជើង​ហោះហើ​រ​ត្រង់​រវាង​ប្រទេស​ទាំង​២ និង​ការ​ភ្ជាប់​ទំនាក់​ទំនងរ​វាង​ប្រជា​ជន​និង​ប្រជា​ជន​ក្នុង​វិស័យ​ទេស​ចរណ៍​។​

​លោក​គិ​ន ​ភា ​ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិ​ត្យសភា​កម្ពុជា​បាន​ថ្លែង​ថា តាម​ការក​ត់​សម្គាល់​ឃើញ​ថា​ទំនា​ក់ទំន​ង​ទ្វេភាគី​រវាង​កម្ពុជា​និង​ប៉ា​គី​ស្ថាន​លើ​ផ្នែក​នយោ​បាយ​និង​យុទ្ធ​សាស្ត្រ​តែង​តែ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅម​ក​លើ​ឆាក​អន្តរ​ជាតិ និង​តំបន់ ​ហើយ​ប៉ា​គី​ស្ថានក៏​ជា​ប្រទេស​មាន​ទំនា​ក់ទំនង​ល្អជា​មួយ​ចិន ​មិន​ខុស​ពី​កម្ពុជា​ទេ។លោក​ក៏មាន​សុ​ទិ​ដ្ឋ​និយម​ខ្ពស់​ផងដែ​រ​ចំពោះ​ការ​ពង្រឹង​​ទំនាក់ទំ​នង​ស្ថា​ប័ន​រដ្ឋ​សភា​រវាង​ប្រទេស​ទាំង​២​។

លោក​បាន​បញ្ជា​ក់ថា​៖«​ការ​ចុះMOUរវាង​ស្ថាប័​ន​រដ្ឋ​សភា​នៃ​ប្រទេស​ទាំង​២ជា​តម្លៃ​បន្ថែម​សម្រាប់​ជំរុញ​ទំនាក់​ទំនង​និង​លើកក​ម្ពស់​និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ប្រទេស​ទាំង​២ ​ជា​ពិសេស​ស្ថា​ប័ន​នីតិ​ប្បញ្ញត្តិ​ដែល​ដើរ​តួនាទី​សំខាន់​ដល់​ការ​អនុ​វត្ត​គោល​នយោ​បាយ​នានា​នៃ​រដ្ឋាភិ​បាល​ប្រទេស​ទាំង​២»​។​

​លោក​គិ​ន ភា បាន​បន្ត​ថា រដ្ឋាភិ​បាល​កម្ពុជា​អាណត្តិ​ថ្មី​កំពុង​ព្យា​យាម​ធ្វើ​ពិពិធ​កម្ម​កា​រទូត​នេះ ហើយ​ទំនាក់​ទំនង​កម្ពុជា​-​ប៉ា​គី​ស្ថាន​នឹង​មាន​និ​ន្នាកា​រល្អប្រសើ​រ ដោយ​សារ​ការ​ប្តេជ្ញា​ចិត្ត​មុតមាំ​របស់​ថ្នាក់​ដឹក​នាំ​ប្រទេស​ទាំង​២​។ ​

តែ​ទោះ​ជា​យ៉ាង​លោក​ថា ការវិ​និយោគ​​របស់​ប៉ា​គី​ស្ថាន​ទំនង​មិន​មាន​ជា​ដុំកំ​ភួន​ឡើយ​នៅ​កម្ពុជា​ ហើយ​គម្រោង​ដែល​ថ្នាក់​ដឹកនាំ​ចង់​មាន​ជើង​ហោះហើ​រ​ត្រង់​ទៅ​មក​ជំរុញ​វិស័យ​ទេស​ចរណ៍​នោះ​ក៏​មិន​សូវ​ជាមាន​ទំនោរ​ដែរ​ ព្រោះ​បើ​គេ​ពិនិត្យ​ជា​ទូទៅ ការ​ធ្វើ​ដំណើរ​ទៅម​ក​រវាង​ប្រជា​ជន​ប្រទេស​ទាំង​២ ​មិន​សូវ​មាន​ច្រើន​ឡើយ ​ហើយ​តម្រូវ​ការ​ទីផ្សារ​នៃ​ប្រទេស​ទាំង​២ក៏​មិន​សូវ​ហុចផល​ដល់​គ្នា​ច្រើន​ដែរ​៕