ភ្នំពេញៈ អន្តរក្រសួងបានចេញសេចក្ដីណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវរក្សាប្រក្រតីភាព និងនិរន្តរភាពការងារនៅតាមសាលាមត្តេយ្យសិក្សា បឋមសិក្សា មជ្ឈមណ្ឌលសិក្សាសហគមន៍ និងអង្គភាពនីមួយៗ ដោយមិនត្រូវផ្លាស់ប្តូរ ឬផ្ទេរមន្ត្រីនៅតាមសាលា មជ្ឈមណ្ឌល និងអង្គភាពទាំងនោះឡើយ ដើម្បីធានាឱ្យការបើកផ្ដល់បៀវត្សរ៍បុគ្គលិកអប់រំ និងការគ្រប់គ្រងការផ្ទេរបុគ្គលិកអប់រំ ឱ្យមានប្រសិទ្ធភាពចាប់ពីខែមករា ឆ្នាំ២០២៤។
នេះបើយោងតាមសេចក្ដីណែនាំអន្តរក្រសួង ដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីនៃក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។
សេចក្ដីណែនាំនេះបានឱ្យដឹងថា៖ «ការបើកប្រាក់បៀវត្សរ៍ដល់បុគ្គលិកអប់រំដែលត្រូវផ្ទេរទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវអនុវត្តផ្អែកលើតារាងទូទាត់បៀវត្សរ៍ផ្តល់ដោយក្រសួងមុខងារសាធារណៈ និងប្រើប្រាស់ឥណទាន ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវិភាជន៍ទៅឱ្យរដ្ឋបាល ក្រុង ស្រុក ខណ្ឌ សម្រាប់បន្ទុកបុគ្គលិកគ្រូបង្រៀននៃសាលាមត្តេយ្យសិក្សា បឋមសិក្សា និងគ្រូជាប់កិច្ចសន្យា ដែលផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ»។ «ការបើកប្រាក់បៀវត្សរ៍ដល់បុគ្គលិកអប់រំ ត្រូវអនុវត្តតាមគណនីធនាគាររបស់បុគ្គលិកអប់រំ ធ្លាប់ប្រើកន្លងមក ដោយមិនអនុញ្ញាតឱ្យមានការផ្លាស់ប្ដូរធនាគារទេ»។
សេចក្ដីណែនាំនេះបានឱ្យដឹងថា រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវចេញដីកាទទួលបុគ្គលិកអប់រំដែលត្រូវផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយមានការបញ្ជាក់អំពីអង្គភាពបំពេញការងាររបស់បុគ្គលិកអប់រំផ្អែកលើលក្ខខណ្ឌបញ្ជីឈ្មោះផ្ដល់ដោយមន្ទីរអប់រំ យុវជន និងកីឡា និងដែលមានការឯកភាពពីមន្ទីរមុខងារសាធារណៈ និងស្ថានភាពជាក់ស្ដែងរបស់បុគ្គលិកអប់រំដែលកំពុងបំពេញការងារតាមសាលាមត្តេយ្យសិក្សា សាលាបឋមសិក្សា មជ្ឈមណ្ឌលសិក្សាសហគមន៍ ឬអង្គភាពចំណុះឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ថ្លែងថា ការគ្រប់គ្រងបុគ្គលិកវិស័យអប់រំនៅតាមមូលដ្ឋានឱ្យស្ថិតនៅក្រោមរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីអាចឱ្យថ្នាក់ក្រោមជាតិមានស្វ័យភាពលើការធ្វើសេចក្តីសម្រេចចិត្ត និងការអភិវឌ្ឍមូលដ្ឋាន និងកៀរគរធនធានជួយក្នុងវិស័យអប់រំនៅក្នុងមូលដ្ឋាន។
លោកបន្តថា៖«បើសិនអ្វីៗសម្រេចតែទៅលើរដ្ឋបាលកណ្តាល ខាងមូលដ្ឋានគ្នាមិនដឹងធ្វើអ្វីទេ មិនអាចចូលរួមតម្រែតម្រង់វិស័យអប់រំទៅរួចទេ ការផ្ទេរនេះ ក៏ជាផ្នែកមួយល្អដើម្បីឱ្យអាជ្ញាធរមូលដ្ឋានអាចគ្រប់គ្រងបាន»។
លោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង អប់រំ វប្បធម៌ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ការចេញសេចក្តីណែនាំអន្តរក្រសួងបែបនេះ ទំនងកើតមានឧបសគ្គ ឬការមិនទាន់ឯកភាពគ្នា ឬការយឺតយ៉ាវមួយចំនួនរួចហើយ ទៅលើការគ្រប់គ្រង និងការបើកប្រាក់បៀវត្សរ៍បុគ្គលិកអប់រំដែលផ្ទេរនេះ ក៏បង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំលើកិច្ចការទាំងនេះផង៕