ភ្នំពេញៈ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្ដីណែនាំ​ដល់​មន្ទីរអប់រំ យុវជន និង​កីឡា នៅ​ថ្នាក់ក្រោម​ជាតិ​ទូទាំងប្រទេស ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋានដៃគូ​អភិ​វ​ឌ្ឈ​ន៍ និង​អ្នកពាក់ព័ន្ធ ត្រូវ​ផ្សព្វផ្សាយ​ និង​រៀបចំ​កម្មវិធី​ប្រឡងប្រជែង​អាន​អត្ថបទ ស្មូត​កំណាព្យ និង​តែង​និពន្ធ ជា​ដំណាក់កាល​នៅក្នុង​ខែមករា និង​កុម្ភៈ ដើម្បី​ជ្រើសរើស​ជយលាភី​ថ្នាក់ជាតិ អបអរសាទរ​ទិវា​ជាតិ​អំ​ណាន​ ១១ ​មីនា​។​

សេចក្ដីណែនាំ​របស់​រដ្ឋ​មន្ត្រី​ចេញផ្សាយ​កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២៤ បានឱ្យដឹងថា​៖ «​ដើម្បី​លើកកម្ពស់ និង​បណ្ដុះ​ទម្លាប់​អាន ជំរុញ​វប្បធម៌​អាន លើកកម្ពស់​សមត្ថភាព​អាន និង​តែង​និពន្ធ​ ​រួមចំណែក​ការពារ និង​ពង្រឹង​វប្បធម៌ អរិយ​ធម៌​​ខ្មែរ​…​ក្រសួង​អប់រំ យ​វជន និង​កីឡា​បានរៀបចំ​ការប្រឡងប្រជែង​ការអាន ស្មូត​កំណាព្យ និង​តែង​និពន្ធ ជ្រើស​រើស​​ជយលាភី​ថ្នាក់ជាតិ ទទួល​ពានរង្វាន់«​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន​» ដើម្បី​ចូលរួម​អបអរសាទរ​ការ​ប្រារព្ធ​ទិវា​ជាតិ​អំ​ណាន​ជា​រៀងរាល់ឆ្នាំ​»​។ «​ការប្រគល់​ពានរង្វាន់​(​នេះ​)​និង​ប្រាក់​លើកទឹកចិត្ត​ដល់​ជយលាភី​លេខ​១ លេខ​២ និង​លេខ​៣ ទាំង​ ​៣ ​វិ​ញ្ញាសា ធ្វើឡើង​នៅ​ថ្ងៃទី​១១ ខែមីនា ជា​រៀងរាល់ឆ្នាំ​ក្នុង​កម្មវិធី​ប្រារព្ធ​ទិវា​អំ​ណាន​»​។​

ដើម្បី​ចូលរួម​អបអរសាទរ​ការ​ប្រារព្ធ​ទិវា​ជាតិ​អំ​ណាន ១១ មីនា ខាងមុខនេះ​ឱ្យបាន​ឱឡារិក ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា បានធ្វើ​ការណែនាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ សង្គម​ស៊ីវិល​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​បំផុសស្មារតី ដល់​មន្ត្រីរាជការ បុគ្គលិក សិស្ស​និស្សិត រួម​នឹង​ប្រជាពលរដ្ឋ​ទូទៅ​ឱ្យ​អាន​គ្រប់ៗ​គ្នា​ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​ជាតិ​អំ​ណាន និង​ដើម្បី​ក្លាយជា​ទម្លាប់​អាន​ជាប្រចាំ​។​

​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានលើកឡើង​ដូចនេះ​តាមរយៈ​សេចក្ដីណែនាំ​ស្តីពី​ការ​ប្រារព្ធ​ទិវា​ជាតិ​អំ​ណាន ១១ មីនា ថា អគ្គនាយកដ្ឋាន​អប់រំ អគ្គនាយកដ្ឋាន​ឧ​ត្ត​មសិ​ក្សា ត្រូវ​ណែនាំ​គ្រប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ជំរុញឱ្យមាន​ការអាន​សៀវភៅ សារព័ត៌មាន ឬ​ឯកសារ​ផ្សេងៗ​ ក្នុង​ថ្នាក់ បរិវេណ​សាលារៀន និង​ក្នុង​បណ្ណាល័យ នៅ​ចន្លោះ ម៉ោង​៨:០០​នាទី ទៅដល់​ម៉ោង​ ៩:០០​ នាទី នា​ព្រឹក​ថ្ងៃទី​១១ ខែមីនា រៀងរាល់ឆ្នាំ ឬ​រៀបចំ​ប្រារព្ធ​ទិវា ជាតិ​អំ​ណាន នៅតាម​អង្គភាព​រៀងៗ​ខ្លួន​តាម​លទ្ធភាព​។​

លោកក៏បាន​ណែនាំ​ដល់​មន្ទីរអប់រំ​រាជធានី​ខេត្ត គ្រឹះស្ថានសិក្សា​សាធារណៈ ឯកជន​ទាំងអស់ គ្រប់​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ មន្ទីរជំនាញ​ និង​រោងចក្រ​សហគ្រាស ត្រូវ​ជំរុញ​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក កម្មករ ​និយោជក អាន​សៀវភៅ ឬ​ឯកសារ​ផ្សេងៗ​ក្នុង​បរិវេណ​អង្គភាព ឬ​សាលារៀន និង​ក្នុង​បណ្ណាល័យ ចន្លោះ​ម៉ោង​៨ ដល់​ម៉ោង​៩ នា​ព្រឹក​ថ្ងៃទី​១១ ខែមីនា រៀងរាល់ឆ្នាំ​។​

​លោក​បន្តថា​៖ «​ត្រូវ​រៀបចំ​បដា​ប្រធានបទ ពាក្យស្លោក ឬ​រូបភាព​ដែលមាន​ខ្លឹមសារ​ទាក់ទង​នឹង​ទិវា​ជាតិ​អំ​ណាន ដាក់​បង្ហាញ​នៅក្នុង​បរិវេណ​មន្ទីរ គ្រឹះស្ថានសិក្សា ព្រមទាំង​រៀបចំ​ប្រារព្ធ​ទិវា​ជាតិ​អំ​ណាន នៅតាម​ទីតាំង​រៀងៗ​ខ្លួន​ទៅតាម​លទ្ធភាព​»​។​

​ការប្រឡងប្រជែង វិញ្ញាសា​ការអាន​អត្ថបទ សម្រាប់​សិស្ស​ថ្នាក់​ទី​៤ ដល់ទី​៦​។ ការ​ស្មូត្រ​កំណាព្យ សម្រាប់​សិស្ស​ថ្នាក់​ទី​៧ ដល់ទី​៩ ក្នុងចំណោម​បទ​ពាក្យ​៧ បទ​កាកគតិ និង​បទ​ព្រហ្មគីតិ និង​ការ​តែង​និពន្ធ សម្រាប់​សិស្ស​ថ្នាក់​ទី​១០ ដល់​ថ្នាក់​ទី​១២ ជា​អត្ថបទ​កាព្យ (​បទ​ពាក្យ​៧ បទ​កាកគតិ និង​បទ​ព្រហ្មគីតិ​) ឬ​ពាក្យរាយ​។​

ក្រសួង​អប់រំ បាន​លើកឡើងថា ការប្រឡងប្រជែង និង​វាយតម្លៃ​ជ្រើសរើស​ជយលាភី​ថ្នាក់ជាតិ​ទាំង ៣វិញ្ញាសា ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៩ ដល់ទី​១០ ខែមីនា ជា​រៀងរាល់ឆ្នាំ តាម​ទីកន្លែង​កំណត់ដោយ​ក្រសួង​អប់រំ ចំណែក​ការប្រគល់​ពានរង្វាន់ និង​ប្រាក់រង្វាន់​លើកទឹកចិត្ត​ដល់​ជយលាភី​លេខ​១ លេខ​២ និង​លេខ​៣ ធ្វើឡើង​នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២៤៕