ភ្នំពេញៈ រាជរដ្ឋាភិបាលបានសម្រេចបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដល់ខែមីនា ឆ្នាំ២០២៤ និងបានកែសម្រួលកម្រិតអត្ថប្រយោជន៍ក្នុងការផ្តល់ថវិកាដល់ជនរងគ្រោះទាំងនោះផងដែរ។
យោងអនុក្រឹត្យចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានសម្រេចការកែសម្រួលអនុក្រឹត្យលេខ ៨៨ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ។
អនុក្រឹត្យបញ្ជាក់ថា៖«កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ត្រូវបន្តអនុវត្តរហូតដល់ខែមីនា ឆ្នាំ២០២៤។ ចំពោះទំហំសាច់ប្រាក់ឧបត្ថម្ភ ត្រូវអនុវត្តចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤»។
អនុក្រឹត្យបញ្ជាក់ថា ចំពោះប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទីប្រជុំជនក្នុងរាជធានីភ្នំពេញ និងទីប្រជុំជនក្រៅរាជធានីភ្នំពេញ ដែលមានបណ្ណសមធម៌ត្រូវបានបែងចែកទៅតាមប្រភេទមុខសញ្ញាគោលដៅ ក្រីក្រ១ និងក្រីក្រ២។ ប្រភេទគោលដៅទាំងនោះរួមមានប្រាក់ឧបត្ថម្ភក្នុង១ខែ សម្រាប់គ្រួសារមានបណ្ណសមធម៌ ក្រីក្រ១ និងក្រីក្រ ២ ទទួលប្រាក់១២ម៉ឺនរៀលដូចគ្នា។
ចំណែកកុមារអាយុពី ០-៥ឆ្នាំក្នុងម្នាក់ៗ, ជនមានពិការភាពក្នុងម្នាក់ៗ មនុស្សចាស់អាយុចាប់ពី៦០ឆ្នាំឡើងក្នុងម្នាក់ៗ គ្រួសារក្រីក្រដែលមានសមាជិកផ្ទុកមេរោគអេដស៍ចំពោះក្រីក្រ១ទទួលបាន៤ម៉ឺនរៀល និងក្រីក្រ២ទទួលបាន ២៨ ០០០ រៀល។
ចំណែកប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ នៅជនបទវិញ សម្រាប់គ្រួសារមានបណ្ណសមធម៌ ក្រីក្រ១ និងក្រីក្រ ២ ទទួលបានទឹកប្រាក់ ៨ម៉ឺនរៀលដូចគ្នា។ ចំណែក កុមារអាយុពី ០-៥ឆ្នាំក្នុងម្នាក់ៗ, ជនមានពិការភាពក្នុងម្នាក់ៗ មនុស្សចាស់អាយុចាប់ពី៦០ឆ្នាំឡើងក្នុងម្នាក់ៗ គ្រួសារក្រីក្រដែលមានសមាជិកផ្ទុកមេរោគអេដស៍ ចំពោះក្រីក្រ១ទទួល ២៤ ០០០រៀល និងក្រីក្រ២ ទទួលបាន ១៦ ០០០ រៀលដូចៗគ្នា។
លោកយង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព មានប្រសាសន៍ថា លោកតែងតែគាំទ្រនូវការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ជនងាយរងគ្រោះ និងប្រជាពលរដ្ឋក្រីក្រ។
លោកបញ្ជាក់ថា ការបន្តកម្មវិធីឧបម្ថត្ភសាច់ប្រាក់នេះ គឺជាយន្តការដ៏ល្អប្រស្រើរ ខណៈលោកជំរុញឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាព ចៀសវាងបក្ខពួកនិយម។
លោកថា៖«ការផ្តល់ថវិកាគាំទ្រនេះ ធ្វើយ៉ាងណាឱ្យមានតម្លាភាព ដើម្បីឱ្យអ្នករងគ្រោះពិតប្រាកដទទួលបាននូវការជួយឧបត្ថម្ភពីរដ្ឋជាក់ស្តែង ចៀសវាងការធ្វើឡើងដែលមានអំពើពុករលួយ បក្ខពួកនិយម»។
ក្នុងអនុក្រឹត្យបញ្ជាក់ថា រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីក្រសួងផែនការ រដ្ឋមន្ត្រីគ្រប់ក្រសួង អគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
គួរជម្រាបថា គិតត្រឹមខែតុលា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលចំណាយថវិកាអស់ ១ ២១២លានដុល្លារហើយ សម្រាប់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ១៩។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ១៩នេះ ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីឧបត្ថម្ភផ្សេងៗទៀត ដូចជាកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ត្រូវបានបានបិទបញ្ចប់ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ត្រូវបានបានបិទបញ្ចប់។
ចំណែកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំនិងកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្ត្រីនៅពេលសម្រាលកូន កំពុងបន្តអនុវត្ត៕