សៀមរាបៈ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (រ.ល.អ.ស) ចេញសេចក្តីបំភ្លឺអំពីករណីទំព័រហ្វេសប៊ុកមួយចំនួន ដែលបានចុះផ្សាយព័ត៌មានយកការសរសេររិះគន់ ឬការបញ្ចេញមតិរបស់ភ្ញៀវទេសចរប៉ុន្មាននាក់ អំពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប (ចាស់) មកបង្ហោះភ្ជាប់ជាមួយនឹងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) ដោយចាត់ទុកថា មានចេតនាទុច្ចរិតបំផ្លាញកេរ្តិ៍ឈ្មោះអាកាសយានដ្ឋាននេះ។
ការបំភ្លឺនេះធ្វើឡើងបន្ទាប់ពីមានករណីទំព័រហ្វេសប៊ុកមួយឈោ្មះ The CEROC កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៣ បានធ្វើការផ្សព្វផ្សាយព័ត៌មាន អំពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដោយភ្ជាប់ខ្លឹមសារការបញ្ចេញមតិរបស់ភ្ញៀវទេសចរដែលមានខ្លឹមសារថា «មិនយកអតិថិជនជាធំទេ មើលចុះពួកគេឱ្យពិន្ទុទាបខ្លាំងណាស់រឿងពុករលួយ សេវាកម្មអត់ល្អ និងថែមទាំងផ្តាំអ្នកដទៃមិនឱ្យឆ្លងកាត់ព្រលាននេះថែមទៀត»។ បន្ទាប់ពីការចុះផ្សាយ មានគណនីហ្វេសប៊ុកជាច្រើនបានចែករំលែកជាបន្តបន្ទាប់។
ជុំវិញការចុះផ្សាយនេះ រ.ល.អ.ស បានចេញសេចក្តីស្រាយបំភ្លឺព័ត៌មានចុះថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤ ដោយអះអាងថា ការសរសេររិះគន់អំពីការគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដោយលើកយកការ បញ្ចេញមតិដែលមានកាលបរិច្ឆេទតាំងពីជាង ២-៩ ខែមុនមក ជាព័ត៌មានបំភ្លៃការពិតទាំងស្រុង ពីព្រោះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទើបកសាងសង់រួច និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ តែប៉ុណ្ណោះ (ដែលមានរយៈពេលមិនដល់ ២ ខែផង)។
រ.ល.អ.ស បន្តថា ការសរសេររិះគន់អំពីបុគ្គលិកអាកាសយានដ្ឋានសុំលុយធីបពីភ្ញៀវទេសចរ ជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន។
សេចក្តីបំភ្លឺបញ្ជាក់ថា៖ «ទោះយ៉ាងណាក៏ដោយ ក្នុងនាមជាស្ថាប័នក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ យើងបានសហការជាមួយ ក្រុមហ៊ុនប្រតិបត្តិករអាកាសយានដ្ឋាន ដើម្បីណែនាំ ផ្សព្វផ្សាយ និងក្រើនរំឭកបន្ថែមដល់បុគ្គលិក របស់អាកាសយានដ្ឋានទាំងអស់ឱ្យគោរពប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិន័យ វិជ្ជាជីវៈ និងគោលការណ៍ ស្ដង់ដាប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនក្នុងការផ្តល់សេវាដល់អតិថិជនឱ្យកាន់តែល្អប្រសើរ»។
ចំពោះការសរសេររិះគន់អំពីក្រដាសប្រាក់ដុល្លារដែលយកទៅចាយមិនដាច់ (អាចជាក្រដាសប្រាក់ចាស់ ឬមានស្នាមប្រឡាក់ ឬរហែក) បន្ទាប់ពីទទួលលុយអាប់ក្រោយពីបង់ថ្លៃតាក់ស៊ី ករណីនេះគឺគ្មានការពាក់ព័ន្ធដល់ការគ្រប់គ្រង និងប្រតិបត្តិការរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរឡើយ។
ដោយឡែកការសរសេររិះគន់អំពីមន្ត្រីអន្តោប្រវេសន៍អាកាសយានដ្ឋានពាក់ព័ន្ធនឹងអំពើពុករលួយ គឺជាព័ត៌មានដែលគ្មានប្រភពច្បាស់លាស់។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបញ្ជាក់ថា៖ «ការលើកយកសារបញ្ចេញមតិរបស់ភ្ញៀវទេសចរប៉ុន្មាននាក់តាមបណ្តាញសង្គមតាំងពីមុនពេលបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) មកចុះផ្សាយដើម្បីវាយប្រហារលើអាកាសយានដ្ឋាននេះ គឺជាចេតនាទុច្ចរិតដ៏អាក្រក់ ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះ និងកិច្ចខិតខំប្រឹងប្រែងបម្រើអតិថិជនរបស់អាកាសយានដ្ឋានតែប៉ុណ្ណោះ»។
ប្រភពដដែលបញ្ជាក់ថា រ.ល.អ.ស បានខិតខំប្រឹងប្រែងក្នុងការសហការ ជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីពង្រឹង និងធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាដល់អ្នកដំណើរ ភ្ញៀវទេសចរ ក៏ដូចជាអតិថិជនទាំងអស់ ដែលប្រើប្រាស់សេវាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានផ្សេងទៀតស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ បង្កើតការងារជូនប្រជាពលរដ្ឋទាំងបរិមាណ និងគុណភាព។ ជាពិសេសទាក់ទាញវិនិយោគិនក្នុងភាពជាដៃគូ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍលើកស្ទួយវិស័យទេសចរណ៍ វិស័យអាកាសចរណ៍ ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ។
បើតាម រ.ល.អ.ស បន្ទាប់ពីការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សង្កេតឃើញថា អាកាសយានដ្ឋានបានបង្ហាញសមត្ថភាព និងលទ្ធភាពរបស់ខ្លួន ក្នុងការជំរុញកំណើនភ្ញៀវទេសចរ ចេញ-ចូលខេត្តសៀមរាបមានការកើនឡើងគួរជាទីកត់សម្គាល់។ ក្នុងនោះ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះមានការមមាញឹកក្នុងការទទួល ជើងហោះហើរគ្រប់ប្រភេទទាំងក្នុងស្រុក និងអន្តរជាតិ ដូចគ្នានឹងប្រតិបត្តិការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសផងដែរ។
រ.ល.អ.ស ឱ្យដឹងទៀតថា ចំពោះការរិះគន់ ឬការបញ្ចេញមតិ ដោយការផ្តល់ពិន្ទុ និងវាយតម្លៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរនេះមានកម្រិតផ្កាយប៉ុន្មាននោះ គឺមិនអាស្រ័យទៅលើអារម្មណ៍ និងការសន្និដ្ឋានដោយគ្មានមូលដ្ឋាន និងប្រភពច្បាស់លាស់របស់បុគ្គលទាំងនោះឡើយ។
ជាមួយគ្នានេះ សេចក្តីបំភ្លឺព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានពិនិត្យឃើញថា ការបញ្ចេញមតិដែលបានចុះផ្សព្វផ្សាយនេះ មិនមានប្រភពព័ត៌មានច្បាស់លាស់ ហើយកាលបរិច្ឆេទនៃការបញ្ចេញមតិទាំងនេះភាគច្រើន បានផុសមុនពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានបើកដំណើរការជាផ្លូវការទៅទៀត។
សេចក្តីបំភ្លឺបញ្ជាក់ថា៖ «អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានខិតខំប្រឹងប្រែងក្នុងការជំរុញការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍យ៉ាងម៉ឺងម៉ាត់បំផុត និងបានធ្វើការក្រើនរំឭកជាញឹកញាប់ដល់មន្ត្រីក្រោមឱវាទនៅក្នុងកិច្ចប្រជុំនានា»។
ជាពិសេស លើការគ្រប់គ្រងដំណើរចេញ-ចូល តាមច្រកទ្វារអន្តរជាតិ ដែលស្ថិតក្រោមសមត្ថកិច្ច របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងបានណែនាំឱ្យដាក់ស្លាកជាចំហអំពីតម្លៃទិដ្ឋាការ នៅមុខទីតាំងផ្តល់ទិដ្ឋាការនៃប៉ុស្តិ៍ច្រកទ្វារអន្តរជាតិនានា ដោយមានសរសេរជាភាសាអង់គ្លេស ដាក់នៅចំពីមុខបញ្ជរស្នើសុំទិដ្ឋាការ ជូនអ្នកដំណើរ និងភ្ញៀវបរទេសឱ្យបានឃើញច្បាស់ផងដែរ។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងអំណរគុណដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទទុកជាមុន ចំពោះការចូលរួមផ្ដល់ព័ត៌មានសំដៅរួមចំណែក ជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងន័យស្ថាបនា ដើម្បីកែលម្អចំណុចខ្វះខាតនិងលើកកម្ពស់កិត្យានុភាពជាតិ តាមរយៈការចូលរួមផ្សព្វផ្សាយនូវព័ត៌មានដែលមានលក្ខណវិជ្ជមានពីកម្ពុជា ចៀសវាងផ្សព្វផ្សាយព័ត៌មានអវិជ្ជមាន និងមិនពិត ដែលបង្កឱ្យមានការភាន់ច្រឡំដល់សាធារណជន និងភ្ញៀវបរទេសនានា។
ជុំវិញបញ្ហានេះទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជាលោក ហូ វណ្ឌី ស្នើឱ្យប្រជាពលរដ្ឋមុននឹងចែកចាយព័ត៌មានអ្វីមួយត្រូវពិនិត្យឱ្យបានច្បាស់លាស់ ចៀសវាបង្កការភាន់ច្រឡំ ដែលនឹងប៉ះពាល់ដល់វិស័យទេសចរណ៍នៅកម្ពុជា។
លោកថា៖ «ប្រជាពលរដ្ឋខ្លួនឯងមេត្តាជួយជាភ្នែក ច្រមុះ ព្រោះការចែកចាយភាពអវិជ្ជមានណាមួយដែលប៉ះពាល់ភ្ញៀវទេសចរ ក៏ដូចជាវិស័យទេសចរណ៍គឺជាការបំបាត់ឆ្នាំងបាយខ្លួនឯង»៕