ភ្នំពេញៈ ស្របពេលដែលភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល រួមជាមួយនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយពីបណ្ដាប្រទេសមហាអំណាចនៅតែបន្ត សេដ្ឋវិទូរបស់ធនាគារពិភពលោក (WB) បានលើកយកបញ្ហាចំនួន ៤ សម្រាប់រដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយក្នុងការជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់ខ្លួនជាផ្លូវឈានទៅសម្រេចចក្ខុវិស័យប្រកបដោយមហិច្ឆតា ក្នុងការក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០។
បើយោងតាមសហអ្នកនិពន្ធរបស់ WB នៅលើរបាយការណ៍ ដែលមានឈ្មោះថា៖ «កម្ពុជាឆ្នាំ ២០៣០៖ ការធ្លាក់ល្បឿនសេដ្ឋកិច្ចជាឱកាសសម្រាប់បង្កើនល្បឿនកំណែទម្រង់» ចងក្រងដោយលោក Sebastian Eckardt នាយកប្រតិបត្តិ និងលោក Faya Hayati សេដ្ឋវិទូជាន់ខ្ពស់ម៉ាក្រូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលចេញផ្សាយកាលពីខែធ្នូ ឆ្នាំមុន នៅក្នុងអំឡុង ១ ទសវត្សរ៍មុននឹងមានការផ្ទុះជំងឺកូវីដ ១៩ ប្រទេសកម្ពុជា រក្សាបានកំណើនសេដ្ឋកិច្ចក្នុងអត្រាជាមធ្យម ៧ ភាគរយ ក្នុង ១ ឆ្នាំ និងបំណុលសាធារណៈឱ្យនៅក្រោម ៤០ ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ កំណើនដ៏ឆាប់រហ័សនេះបាននាំមកនូវផលចំណេញលឿនដូចគ្នាដែរក្នុងការកាត់បន្ថយភាពក្រីក្រ ដែលធ្លាក់ចុះមកនៅអត្រាត្រឹម ១៨ ភាគរយក្នុងឆ្នាំ ២០២០ ពី ២៦ ភាគរយកាលពី ៦ ឆ្នាំមុន។
សេដ្ឋវិទូទាំង ២ លើកឡើងថា៖ «ការណ៍នេះមានន័យថាប្រជាជនកម្ពុជាចំនួន ១,២ លាននាក់ថែមទៀតត្រូវបានជួយឱ្យចាកផុតពីជីវភាពរស់នៅក្នុងកម្រិត ២,៧ដុល្លារ ឬតិចជាងនេះ ក្នុង ១ ថ្ងៃ។ ជាមួយនឹងសមិទ្ធផលជាទីចាប់អារម្មណ៍ទាំងនេះ ក៏នៅមាន ៥០ ភាគរយនៃប្រជាជនកម្ពុជាដែលរស់ក្នុងកម្រិតជីវភាពគិតជាប្រាក់ ៤,១៥ ដុល្លារ ឬតិចជាងនេះក្នុង ១ ថ្ងៃនៅឡើយ។ ក្នុងន័យនេះ កម្ពុជាត្រូវខិតខំបន្តរក្សាអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ ដើម្បីឈានទៅសម្រេចចក្ខុវិស័យជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០ និងដើម្បីកាត់បន្ថយភាពក្រីក្របន្ថែមទៀត។
ស្ថានភាពដែលកំណើនសេដ្ឋកិច្ចមានសម្ទុះខ្សោយជាងមុន បានញ៉ាំងឱ្យមានការគិតគូរឡើងវិញជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច សម្រាប់រក្សាកំណើនប្រកបដោយចីរភាព កាត់បន្ថយភាពក្រីក្រដែលនៅសេសសល់ និងឈានទៅសម្រេចចក្ខុវិស័យក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០។
សេដ្ឋវិទូទាំង ២១ ក៏បានស្នើដល់រដ្ឋាភិបាលនូវបញ្ហាចំនួន ៤ ដែលត្រូវដោះស្រាយ រួមមាន ការកែលម្អបន្ថែមចំពោះបរិយាកាសអាជីវកម្ម, ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទិក, ការបង្កើនលទ្ធផលការសិក្សា, និងការប្រែប្រួលអាកាសធាតុ។
ពួកគេបានបញ្ជាក់ថា ការកែលម្អបន្ថែមទៀតលើបរិយាកាសធុរកិច្ច មានសារៈសំខាន់ណាស់សម្រាប់ការជំរុញផលិតភាព និងការប្រកួតប្រជែងរបស់ក្រុមហ៊ុននៅកម្ពុជា។ ចំណាយថ្លៃដើមក្នុងការធ្វើអាជីវកម្មនៅកម្ពុជា នៅតែខ្ពស់ ដែលនេះជាឧបសគ្គដល់សមត្ថភាពប្រកួតប្រជែងជាអន្តរជាតិ និងរារាំងដល់នវានុវត្តន៍ និងការងាកទៅរកសកម្មភាពសេដ្ឋកិច្ចមានតម្លៃខ្ពស់ជាងបច្ចុប្បន្ន។
ដើម្បីជួយដល់ការវិនិយោគរបស់វិស័យឯកជនកម្ពុជាចាំបាច់ត្រូវពង្រឹងភាពព្យាករបានរបស់បរិស្ថានបទប្បញ្ញត្តិ និងពង្រីកលទ្ធភាពរកបានធនធានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)។ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទិករបស់កម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែងអន្តរជាតិ។ កម្ពុជានៅតែមានការខ្វះច្រើនហិរញ្ញប្បទានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ អាស្រ័យហេតុនេះ សេវាហេដ្ឋារចនាសម្ព័ន្ធនៅតែមិនគ្រប់គ្រាន់ ហើយត្រូវប្រឹងយ៉ាងត្រដាបត្រដួស ដើម្បីបំពេញសេចក្តីត្រូវការដែលកំពុងកើនឡើងយ៉ាងលឿន។
សេដ្ឋវិទូបានលើកឡើងថា៖ «វិស័យថាមពលត្រូវការការវិនិយោគខ្នាតធំថែមទៀត ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម ២ នៅក្នុងពេលតែ១ គឺ៖ការឆ្លើយតបនឹងការកើនឡើងនៃតម្រូវការអគ្គិសនី (បើតាមការព្យាករតម្រូវការអគ្គិសនីនឹងកើនឡើងចំនួន ៤ ដងពី ១២ ៤០០ ជីហ្គាវ៉ាត់ម៉ោង (GWh) នៅឆ្នាំ ២០២០ ដល់ ៥៤ ៦០០ ជីហ្គាវ៉ាត់ម៉ោង នៅឆ្នាំ ២០៤០) និងការបំពេញតាមការសន្យារបស់ប្រទេសក្នុងក្របខ័ណ្ឌនៃការប្រែប្រួលអាកាសធាតុ»។
សេដ្ឋវិទូបន្តថា ការវិនិយោគក៏ត្រូវការចាំបាច់ផងដែរ ដើម្បីកែលម្អឱ្យប្រសើរឡើងនូវសេវាជាមូលដ្ឋានក្នុងទីក្រុង មានដូចជា ប្រព័ន្ធទុយោទឹកស្អាត, អនាម័យ, ការគ្រប់គ្រងសំណល់រឹង, ទូរគមនាគមន៍ និងការដឹកជញ្ជូន និងការពង្រឹងផែនការរៀបចំក្រុង។
ពួកគេបន្តថា កិច្ចការសំខាន់មួយទៀតដែលកម្ពុជាត្រូវបង្កើនលទ្ធផលនៃការរៀន ដើម្បីឆ្លើយតបទៅនឹងកង្វះជំនាញបង្កើតកម្លាំងពលកម្មដែលមានសមត្ថភាពត្រៀមសម្រាប់អនាគត និងជំរុញកំណើនផលិតភាពរបស់ប្រទេស។ កំណើនផលិតភាពពលកម្មបានធ្លាក់ចុះយ៉ាងគំហុកក្នុងអំឡុង ៥ ឆ្នាំចុងក្រោយនេះ ហើយបណ្តាក្រុមហ៊ុនក៏បានរាយការណ៍ឱ្យដឹងដែរអំពីការកើនឡើងនៃកង្វះជំនាញ។
«ការគិតគូរសាកល្បងរបស់យើងបង្ហាញថា ការខាតបង់ដោយសារផលប៉ះពាល់ពីអាកាសធាតុអាចមានដល់ទៅ ៩ ភាគរយ នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០៥០ ប្រសិនបើកម្ពុជាគ្មានវិធានការបន្សាំទេនោះ»។ នេះបើយោងតាមសេដ្ឋវិទូ។
កាលពីថ្ងៃទី ២៤ សីហា ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រយៈពេល ៥ ឆ្នាំ ក្នុងគោលបំណងប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹម ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០។
លោកបានថ្លែងក្នុងពិធីដាក់ចេញយុទ្ធសាស្ត្រនេះថា ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ កម្ពុជាបានផ្តោតលើការកសាងប្រទេសឡើងវិញសម័យក្រោយសង្គ្រាម។
រយៈពេល ២៥ ឆ្នាំខាងមុខ នឹងក្លាយជាវដ្តថ្មីមួយដើម្បីកសាងប្រទេសប្រកបដោយភាពរឹងមាំឆ្ពោះទៅរកប្រទេសដែលមានប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០។ យុទ្ធសាស្ត្រនេះ មាន ៥ ដំណាក់កាល។ ទី១ មានអាទិភាពសំខាន់ៗចំនួន ៥ គឺផ្លូវថ្នល់ មនុស្ស ទឹក ភ្លើង និងបច្ចេកវិទ្យា។
លោកបន្ថែមថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នឹងធ្វើការដើម្បីធានាកំណើនសេដ្ឋកិច្ចដែលធន់នឹងវិបត្តិ បង្កើតការងារ កាត់បន្ថយភាពក្រីក្រ កែលម្អអភិបាលកិច្ច និងស្ថាប័នសាធារណៈ និងធានាការអភិវឌ្ឍសេដ្ឋកិច្ចដោយចីរភាព៕