កំពង់ធំៈ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច លោកហួត ហាក់ បានចាត់តាំងឱ្យគណៈប្រតិភូរបស់ក្រសួងចុះអង្កេតសិក្សាស្រាវជ្រាវ និងពិនិត្យលើករណីវិវាទស្ថានីយបូមទឹក និងប្រឡាយព្រះគន្លង និងព្រះស្នែងស្ថិតនៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ដើម្បីរកយុត្តិធម៌ជូនគូភាគីនៃជម្លោះ។
តាមរយៈសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី ៩ ខែមករាឆ្នាំ ២០២៤ លោក ហួត ហាក់ បានលើកឡើងថា ក្រោយពីបានពិនិត្យ ពិភាក្សា និងទទួលបានព័ត៌មានបឋម ពីភាគីទាំងសងខាង លើករណីបណ្ដឹងទាក់ទងនឹងវិវាទស្ថានីយបូមទឹក និងប្រឡាយព្រះគន្លង និងព្រះស្នែង លោកបានចាត់តាំងគណៈប្រតិភូដើម្បីចុះអង្កេតសិក្សាស្រាវជ្រាវ និងពិនិត្យដល់ទីតាំងជាក់ស្ដែង។
ករណីវិវាទនេះមានការពាក់ព័ន្ធនឹងការទិញផ្តាច់ស្ថានីយបូមទឹកឯកជនចំនួន ១៩ ស្ថានីយនៅទូទាំងខេត្តកំពង់ធំ និងករណីទំនាស់នៅទីតាំងប្រឡាយទាំង ២ គឺព្រះគន្លង និងព្រះស្នែង។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ការចុះសិក្សាស្រាវជ្រាវនេះក្នុងគោលបំណងស្វែងរកភាពយុត្តិធម៌ជូនគូភាគីនិងដើម្បីផ្ដល់ឱកាសជូនប្រជាកសិករបានទទួលទឹកធ្វើស្រែប្រដេញទឹកទាន់ពេលវេលា ព្រមទាំងអាចប្រមូលព័ត៌មានលម្អិតដើម្បីជាមូលដ្ឋានរៀបចំរបាយការណ៍គោរពជូនសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតជ្រាបជារបាយការណ៍»។
សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤ លោក ហួត ហាក់ បានដឹកនាំកិច្ចប្រជុំ បន្ទាន់ដើម្បីពិនិត្យ និងពិភាក្សាលើពាក្យស្នើសុំអន្តរាគមន៍របស់ លោក ហង់ សុគន្ធ តំណាងឱ្យលោក សុខ មុន្នីនិងអ្នកស្រី ប៉េង ចន្ទី ដែលបានដាក់ពាក្យស្នើសុំធ្វើអធិការកិច្ចកាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣ ចំពោះភាពមិនប្រក្រតីរបស់រដ្ឋបាលខេត្តកំពង់ធំ លើករណីការទិញផ្តាច់ស្ថានីយបូមទឹកឯកជន ចំនួន ១៩ ស្ថានីយនៅទូទាំងខេត្តកំពង់ធំ។
លោក ហង់ សុគន្ធ បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ធំបានចេញដីកាចុះថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០០៥ សម្រេចប្រគល់សិទ្ធិជូន លោក លី គឹមយុន និងអ្នកស្រី ប៉េង ចន្ទី ខ្ចីដីទំហំ ៦០០ ហិកតា ជីកប្រឡាយនិងលើកទំនប់ប្រព័ន្ធប្រឡាយដើម្បីបង្កបង្កើនផលស្រូវប្រាំង និងដំណាំផ្សេងៗ ពីមាត់ស្ទឹងសែននៅតំបន់វាលក្រោមចំណុច (បឹងប្រហ៊ូត-បឹង-ព្រះស្នែង-បឹងធ្នឹម-បឹងទន្សោង) ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
រដ្ឋបាលខេត្តក៏បានចេញដីកាចុះថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០០៥ សម្រេចប្រគល់សិទ្ធិជូនលោក សុខ មុន្នី ដើម្បីជីកប្រឡាយលើកទំនប់ប្រព័ន្ធប្រឡាយទឹក ដើម្បីបង្កបង្កើនផល ធ្វើស្រែប្រដេញទឹក និងស្រែប្រាំងលើផ្ទៃដីចំនួន ១៦០០ ហិកតា ស្ថិតនៅតំបន់វាលបឹងមូល និងវាលផ្អែកដំបង របស់ឃុំកំពង់គោ និងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ។
ប្រឡាយមេនោះ មានប្រវែងប្រហែល ២៦ គីឡូម៉ែត្រ ដែលមានទទឹងមាត់លើ ៩ ម៉ែត្រ ទទឹងបាតក្រោម ៦ម៉ែត្រ ជម្រៅ ៣ ម៉ែត្រ និងប្រឡាយរង មានបណ្ដោយសរុបប្រហែល ២១ គីឡូម៉ែត្រ ដោយបានចំណាយទឹកប្រាក់រៀបចំកសាងប្រឡាយសរុបប្រហែលជាង ១ លានដុល្លារអាមេរិក។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងដែរថា នៅដើមឆ្នាំ ២០២៣ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយចាត់ចែងទិញផ្តាច់ស្ថានីយបូមទឹកឯកជនចំនួន ១៩ ស្ថានីយ នៅទូទាំងខេត្តកំពង់ធំ តាមលិខិតចុះថ្ងៃទី ១៧ ខែមករាឆ្នាំ ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលនៅក្នុងនោះក៏មានប្រឡាយព្រះគន្លងនិងព្រះស្នែងផងដែរ។
បន្ទាប់មក រដ្ឋបាលខេត្តកំពង់ធំ និងមន្ទីរពាក់ព័ន្ធបានធ្វើការប្រជុំសម្រេចចុះកិច្ចសន្យាលក់-ទិញជាមួយម្ចាស់ស្ថានីយនិងប្រឡាយទូទាំងខេត្តកំពង់ធំ ហើយរង់ចាំក្រសួងសេដ្ឋកិច្ចផ្ដល់ថវិកាទិញ ហើយរដ្ឋបាលខេត្តកោះអញ្ជើញម្ចាស់ស្ថានីយ និងប្រឡាយទាំងអស់ដើម្បីប្រជុំពិភាក្សាលម្អិត។ ក៏ប៉ុន្តែរដ្ឋបាលខេត្តកំពង់ធំ ពុំបានកោះហៅភាគី លោក ហង់ សុគន្ធ ជាម្ចាស់ស្ថានីយប្រឡាយព្រះគន្លង និងព្រះស្នែងចូលរួមក្នុងការទិញ-លក់នោះទេ។
លោក ហង់ សុគន្ធ បានលើកឡើងថា ក្នុងអំឡុងខែមិថុនា ឆ្នាំ ២០២៣ ដោយទន្ទឹងរង់ចាំមិនឃើញកោះហៅចូលរួមប្រជុំ ពួកគាត់បានធ្វើការសាកសួរព័ត៌មាន ពីម្ចាស់ស្ថានីយផ្សេងៗនិងក្រសួងពាក់ព័ន្ធទើបដឹងថា រដ្ឋបាលខេត្តធ្វើសំណើទិញ ដោយមិនបញ្ចូលប្រឡាយ ២ ខ្សែ របស់ពួកគាត់នោះទេ។
ជាមួយគ្នានោះដែរ លោក ហង់ សុគន្ធ បានធ្វើការស្នើទៅរដ្ឋបាលខេត្តក្នុងការចូលគ្រប់គ្រងកាន់កាប់ស្ថានីយបូមទឹក និងប្រឡាយរបស់ខ្លួនវិញ ប៉ុន្តែរដ្ឋបាលខេត្តបានបដិសេធ។ លោក ហង់ សុគន្ធ អះអាងថា៖ «ការទិញស្ថានីយ និងប្រឡាយរបស់រដ្ឋបាលខេត្ត ដោយមិនបានបញ្ចូលស្ថានីយ និងប្រឡាយព្រះគន្លង និងព្រះស្នែង គឺមានភាពមិនប្រក្រតី»។
លោកបានស្នើសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងអធិការកិច្ចចាត់ក្រុមការងារចុះអង្កេតស្រាវជ្រាវជាក់ស្តែងដល់មូលដ្ឋានដើម្បីស្វែងរកយុត្តិធម៌ដល់ពួកគាត់
បានគ្រប់គ្រងអាស្រ័យផលលើស្ថានីយ និងប្រឡាយព្រះគន្លង និងព្រះស្នែង។
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងអធិការកិច្ចទទួលបានព័ត៌មានបឋមពីរដ្ឋបាលខេត្តកំពង់ធំថា ប្រឡាយព្រះស្នែង និងព្រះគន្លងជាទីតាំងកំពុងមានទំនាស់ជាមួយប្រជាកសិករ និងស្ថិតក្នុង ដំណាក់កាលអនុវត្តបទបញ្ជារបស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដែលបានដាក់ចេញកាលពីថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ២០២១។
សូមរំឭកដែរថា កន្លងមក ជាដំណោះស្រាយរបស់ក្រសួងពាក់ព័ន្ធ មានដូចជា ក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋបាលខេត្តកំពង់ធំ ធ្លាប់បានឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ជាអ្នកដាក់ម៉ាស៊ីនបូមទឹក រីឯប្រជាកសិករជាអ្នកចេញប្រេង៕