ភ្នំពេញៈ គណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្ដុះបណ្តាលក្នុងវិស័យសុខាភិបាល នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបេក្ខជនដែលបានក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងការដាក់ពាក្យចូលរួមប្រឡងជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្ររង។
ការសម្រេចចាត់វិធានការបែបនេះដោយសារកន្លងមកគណៈកម្មាធិការប្រឡងថ្នាក់ជាតិ ធ្លាប់បានរកឃើញមាននិស្សិតក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះនិស្សិតប្រឡងជ្រើសរើសជាប់ចូលរៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលនានាជាបន្តបន្ទាប់។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលចុះថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤។
ប្រភពដដែលបញ្ជាក់ថា៖ «ដូច្នេះគោលបំណងនៃការបញ្ចប់ការក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ គឺដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់កិត្យានុភាពគ្រូពេទ្យ ក៏ដូចជាលើកកម្ពស់តម្លៃនៃសីលធម៌សេចក្ដីថ្លៃថ្នូរក្នុងសង្គម ចាប់ពីឆ្នាំសិក្សា ២០២៣-២០២៤ តទៅ»។
គណៈកម្មាធិការប្រឡងថ្នាក់ជាតិ នឹងពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបទបញ្ជានានា ដោយចាត់វិធានការយ៉ាងម៉ឹងម៉ាត់ តាមបញ្ញត្តិមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ ស្តីពីបទក្លែងបន្លំឯកសារសាធារណៈ ដែលចែងថា ការក្លែងបន្លំ ប្រព្រឹត្តនៅក្នុងលិខិតយថាភូត ឬការក្លែងបន្លំប្រព្រឹត្តនៅក្នុងឯកសារដែលចេញឱ្យដោយរាជការសាធារណៈដើម្បីធ្វើការកត់សម្គាល់សិទ្ធិអត្តសញ្ញាណ ឬឋានៈ ឬដើម្បីយល់ព្រមផ្តល់ការអនុញ្ញាត ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ។
បញ្ញត្តិនេះមិនលើកលែង មិនយោគយល់ មិនអត់អោន មិនអនុគ្រោះឡើយ ចំពោះបុគ្គលជាបេក្ខជនដែលបានប៉ុនប៉ងឬក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬឯកសារសាធារណៈពាក់ព័ន្ធដទៃទៀតតាមរូបភាពណាក៏ដោយក្នុងការដាក់ពាក្យចូលរួមប្រឡងថ្នាក់ជាតិ។
បើតាមគណៈកម្មាធិការប្រឡងថ្នាក់ជាតិ ចំពោះការក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះដែរ ទោះបីបានទទួលបញ្ញាបត្រចេញទៅប្រកបវិជ្ជាជីវៈពេទ្យហើយក៏ដោយ ប្រសិនបើរកឃើញថា មានការប្រើឯកសារក្លែងបន្លំនឹងត្រូវបានអាជ្ញាធរមានសមត្ថកិច្ចដកហូតសញ្ញាបត្រនៅពេលណាក៏បាន ដោយមិនគិតពីរយៈពេលសោះឡើយ។
អំពើនៃការប្រើប្រាស់ឯកសារសាធារណៈក្លែងបន្លំនឹងត្រូវគិតអាជ្ញាយុកាលចាប់ពីថ្ងៃដែលត្រូវបានរកឃើញឯកសារជាកម្មវត្ថុនៃអំពើល្មើសនោះតទៅ (មិនគិតពីថ្ងៃដែលបានប្រព្រឹត្តនោះទេ)។
ប្រភពខាងលើបន្ថែមទៀតថា៖ «ដូច្នេះសូមសិស្សានុសិស្សដែលមានឯកសារក្លែងក្លាយ និងមានបំណងដាក់ពាក្យចូលរួមការប្រឡងថ្នាក់ជាតិ សូមកុំមកដាក់ពាក្យប្រឡងចូលរៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលនានា ដែលនឹងនាំឱ្យមានផលវិបាកកើតឡើងដល់ខ្លួនឯង ហើយនាំឱ្យខាតបង់ពេលវេលា ថវិកាខ្លួនឯង និងក្រុមគ្រួសារទាំងមូល ព្រមទាំងប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរផ្ទាល់ខ្លួនឯងទៀតផង»។
សូមបញ្ជាក់ថា ក្នុងឆ្នាំ ២០២២ គណៈកម្មាធិការប្រឡងថ្នាក់ជាតិបានលុបឈ្មោះបេក្ខជនចំនួន ៤៣ នាក់ ចេញពីបញ្ជីឈ្មោះនិស្សិតប្រឡងថ្នាក់ជាតិចូលរៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ដោយមូលហេតុក្លែងបន្លំឯកសារសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។
ក្នុងឆ្នាំ ២០២៤ នេះ គណៈកម្មាធិការប្រឡងថ្នាក់ជាតិបានប្រកាសជ្រើសរើសសិស្សប្រឡងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលវិស័យសុខាភិបាលចំនួន ១១ ១០៥ នាក់ដែលមានការកើនឡើងចំនួន ២៦០ នាក់បើប្រៀបធៀបនឹងឆ្នាំ ២០២៣ ដែលចំនួនជ្រើសរើសមានតែ ១០ ៨៤៥ នាក់៕