ភ្នំពេញៈ កម្ពុជា-ឥណ្ឌូនេស៊ី បានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដោយខិតខំប្រឹងប្រែងធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀតក្នុងឆ្នាំ ២០២៤ លើវិស័យសេដ្ឋកិច្ច អប់រំ ការពារជាតិ និងវិស័យមួយចំនួនទៀត។ នេះជាការបញ្ជាក់ក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៤ នៅវិមានសន្តិភាព។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបនេះ បានឱ្យដឹងថា លោក សាន់តូ ដាម៉ូស៊ូម៉ាតូ បានចូលរួមអបអរសាទរចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងរយៈពេលជាង ១០០ ថ្ងៃ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត។
សេចក្តីប្រកាសបានបញ្ជាក់ថា៖ «ឆ្នាំ ២០២៤ គឺជាខួបលើកទី ៦៥ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង ២។ ក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងខិតខំប្រឹងប្រែងដើម្បីឱ្យ ឆ្នាំ ២០២៤ នេះក្លាយជាឆ្នាំនៃការជំរុញនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ឱ្យកាន់តែប្រសើរឡើងថែមទៀត»។
លោក សាន់តូ ដាម៉ូស៊ូម៉ាតូ ក៏បានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាននេះដែរពីចំណងការទូតដ៏រឹងមាំ និងយូរអង្វែងរវាងប្រទេសទាំង ២ ហើយតាមរយៈចំណងការទូតដ៏យូរលង់ និងរឹងមាំនេះ លោកនឹងខិតខំនៅក្នុងការជំរុញនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ឱ្យទៅជាកិច្ចសហប្រតិបត្តិការ ដែលមានសកម្មភាពជាក់ស្ដែង និងរឹងមាំបន្ថែមទៀត។
កិច្ចសហប្រតិបត្តិការនៃប្រទេសទាំង ២ ទៅលើវិស័យមួយចំនួនដូចជា ភាពជាដៃគូទៅលើវិស័យសេដ្ឋកិច្ច ការតភ្ជាប់រវាងប្រជាជននិងប្រជាជន ការលើកកម្ពស់នូវការផ្តល់សេវាសាធារណៈ ដល់ប្រជាជននៃប្រទេសទាំង ២ និងការពង្រឹងការចូលរួមចំណែករបស់ឥណ្ឌូនេស៊ី និងកម្ពុជា ក្នុងការរក្សានូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៅក្នុងតំបន់ផងដែរ។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះ លោក ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ចំពោះលោកសាន់តូ ដាម៉ូស៊ូម៉ាតូ និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ផងដែរ ហើយរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២។
នៅក្នុងជំនួបនេះដែរ ភាគីទាំង ២ ក៏បានពិភាក្សាគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការទៅលើវិស័យ សេដ្ឋកិច្ច ដូចជាការបង្កើនបរិមាណ និងបន្តនាំចេញអង្ករពីកម្ពុជាទៅប្រទេសឥណ្ឌូនេស៊ី កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិតាមរយៈការដាក់ចេញនូវសកម្មភាពនៅក្នុងការពង្រឹងសមត្ថភាព និងការបណ្តុះបណ្ដាលមន្ត្រី ដែលជាកងទ័ព និងវិស័យមួយចំនួនទៀត រួមនឹងការភ្ជាប់ទំនាក់ទំនង រវាងយុវជន និងយុវជន តាមរយៈការផ្តោតទៅលើវិស័យអប់រំ ការផ្លាស់ប្តូរនិស្សិត ដែលសិក្សានៅក្នុងប្រទេសទាំង ២។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងនៅថ្ងៃទី ១១ ខែមករានេះថា ទំនាក់ទំនងកម្ពុជា-ឥណ្ឌូនេស៊ី គឺផ្សារភ្ជាប់គ្នាតាំងពីសម័យកាលព្រះបរមរតនកោដ្ឋនៅក្នុង ដំណើរស្វែងរកសន្តិភាពនៅកម្ពុជា ប្រទេសឥណ្ឌូនេស៊ីក៏ជាប្រទេស ១ ដែលបានខ្នះខ្នែង ជ្រោមជ្រែងកម្ពុជាឱ្យមានជំនួបក្រៅផ្លូវការជាបន្តបន្ទាប់រវាងសមមិត្ត ហ៊ុន សែន កាលនោះ និងសម្តេចព្រះនរោត្តម សីហនុ។
លោកបញ្ជាក់ថា៖«នៅក្នុងដំណើរការបច្ចុប្បន្ននេះក៏ដូចគ្នាដែរ ឥណ្ឌូនេស៊ី និងកម្ពុជា តែងតែមានទំនាក់ទំនងគ្នាល្អ គាំពារគ្នាទៅវិញទៅមកនៅក្នុងកិច្ចការតំបន់ និងកិច្ចការទ្វេភាគី ដែលជាក់ស្តែងខ្ញុំនៅចាំកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានឆ្នាំ ២០១២ ដែលពេលនោះកម្ពុជាជាប់គាំងមិនអាចចេញសេចក្តីថ្លែងការណ៍បាន ឥណ្ឌូនេស៊ី ក៏បានសម្របសម្រួលចេញសេចក្តីថ្លែងការណ៍បានទៅ។ នេះជាអ្វីដែលយើងមើលឃើញពីទំនាក់ទំនងនាពេលកន្លងមក»។
លោក យង់ ពៅ ថ្លែងថា ជាទូទៅកម្ពុជា និងឥណ្ឌូនេស៊ី មិនដែលមានប្រវត្តិមានទំនាក់ទំនងមិនល្អជាមួយគ្នាទេ គឺតែងតែមានទំនាក់ទំនងល្អនឹងគ្នា ហើយតែងតែជ្រោមជ្រែងគ្នាជាប្រចាំទាំងកម្ពុជាស្ថិតក្នុងក្នុងភាពលំបាកក៏ដោយ។
ក្នុងជំនួបដោយឡែកនៅថ្ងៃទី ១០ ខែមករា លោក ហ៊ុន ម៉ាណែត ក៏ទទួលជួបជាមួយនឹងលោកស្រី ធាវ ឡ ឈិង (TEO Lay Cheng) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជាផងដែរ ហើយលោក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ លោកស្រីក្នុងការរក្សា និងជំរុញការធ្វើឱ្យកាន់ប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំង ២។ តាមសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបនេះ ឱ្យដឹងថា សិង្ហបុរីបានត្រៀមរួចជាស្រេចក្នុងការចូលរួមជួយដល់កម្ពុជាក្នុងការបណ្តុះបណ្តាលមូលធនមនុស្ស ហើយមកដល់ពេលនេះបានផ្ដល់ការបណ្តុះបណ្តាល ដល់និស្សិត និងមន្ត្រីរាជការកម្ពុជាបានជាង ១១ ០០០ នាក់ ដើម្បីចូលរួមចំណែក្នុងការសម្រេចបានចក្ខុវិស័យឆ្នាំ ២០៥០»៕