ភ្នំពេញៈ ក្រសួងរ៉ែ និងថាមពល ប្រកាសបើកយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីបង្ក្រាបឱ្យអស់នូវអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ស្ថិតនៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ និងមានកិច្ចសម្របសម្រួលដោយស្ថាប័នអយ្យការខេត្តត្បូងឃ្មុំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពលកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។
ក្រសួងបញ្ជាក់ថា៖«ក្រសួងរ៉ែនិងថាមពលប្ដេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែ ដោយស្របច្បាប់ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើនមានជាអាទិ៍ ការបង្កើតឱ្យមានឱកាសការងារនៅនឹងកន្លែងនិងប្រយោល ការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម»។
ប្រភពដដែលបានឱ្យដឹងថា ការបើកយុទ្ធនាការបង្ក្រាបទ្រង់ទ្រាយធំនេះ ព្រោះសង្កេតឃើញថា តំបន់នៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំនោះ ជាតំបន់រ៉ែមាស លក្ខណៈគ្រួសារតាំងពីឆ្នាំ១៩៩០ ដែលប្រជាពលរដ្ឋមូលដ្ឋានប្រកបអាជីវកម្មជីកយកមាស ដោយដៃ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះមានការប្រែប្រួលពីលក្ខណៈគ្រួសារ វិវឌ្ឍទៅលក្ខណៈទ្រង់ទ្រាយធំ ខុសច្បាប់។
អ្នកធ្វើអាជីវកម្មរ៉ែនៅទីនោះបានប្រែក្លាយពីការធ្វើដោយដៃ ទៅជាការប្រើប្រាស់គ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី មានជីករូងជាអណ្តូងរ៉ែ ទៀតផង។ នេះជាបញ្ហាប្រឈមធ្ងន់ធ្ងរ ប៉ះពាល់ដល់សុវត្ថិភាព សុខភាព និងបរិស្ថាន ទោះបីជាក្រសួង និងអាជ្ញាធរមូលដ្ឋាន ចុះអប់រំផ្សព្វផ្សាយច្បាប់ច្រើនដង និងចាត់វិធានការចំពោះសកម្មភាពជីកយករ៉ែនៅតំបន់នោះជាបន្តបន្ទាប់ក៏ដោយ សកម្មភាពល្មើសនៅតែកើតមាន។
ជាក់ស្តែងនៅអំឡុងខែកញ្ញា ឆ្នាំ២០២១ និងខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបង្កើតក្រុមការងារចុះបង្ក្រាបទីតាំងធំៗមួយចំនួន ប៉ុន្តែការបង្ក្រាបនៅទីតាំងនោះកន្លងមកប្រៀបដូចវែកចក ពោលគឺសកម្មភាពនៅតែបន្តកើតមាន ដែលកំពុងបង្កឱ្យមានការបាត់បង់ទ្រព្យសម្បត្តិ និងចំណូលជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បរិស្ថាន នាំឱ្យមានហានិភ័យខ្ពស់ដល់សុខភាព សុវត្ថិភាពរបស់អ្នកធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យខ្លួនឯងក៏ដូចជា ប្រជាពលរដ្ឋមូលដ្ឋានទៀតផង។
ដើម្បីរួមចំណែកអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន តាមរយៈការធ្វើអាជីវកម្មរ៉ែប្រកបដោយចីរភាព និងមានការគាំទ្រដោយច្បាប់ត្រឹមត្រូវ ក្រសួងរ៉ែ និងថាមពល អំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យទាំងអស់ បញ្ឈប់សកម្មភាពខុសច្បាប់ ហើយចូលរួមទប់ស្កាត់ដោយជូនដំណឹងមកក្រសួងតាមរយៈលេខទូរស័ព្ទ ០៩៥ ៧២៧ ៧២៧៕