លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រេចបញ្ចប់មុខតំណែង លោក ខេង យ័ន ពីអភិបាលក្រុងកែបនៃខេត្តកែប មានឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ ២ ដែលបានប្រើប្រាស់អំណាចរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងប្រជាពលរដ្ឋ។ នេះបើយោងតាមអនុក្រឹត្យ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៤។
លោក ហ៊ុន ម៉ាណែត បានបង្ហោះសារភ្ជាប់ជាមួយអនុក្រឹត្យដោយគូសបញ្ជាក់ថា ការសម្រេច ស្របតាមអភិក្រមទាំង៥ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់។
លោកបញ្ជាក់ថា៖ "ថ្ងៃនេះខ្ញុំមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ “ការវះកាត់” តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន»។
លោកបន្ថែមថា ការសម្រេចចិត្តនេះគឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
បន្ថែមពីនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រើនរំឭកនិងសង្ឃឹមថា មន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឱ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អ និងដើម្បីចៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥។
លោកបន្តថា៖«ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់(អភិក្រមទី៥) ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គងនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិនិងប្រជាជន»។
គួរជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានប្ដេជ្ញាជាថ្មី ក្នុងការធានាការពារសន្តិភាព ស្ថិរភាព នយោបាយ អធិបតេយ្យជាតិ និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែរឹងមាំ និងបន្តធ្វើកំណែទម្រង់ ស៊ីជម្រៅតាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដែលរួមមានការពង្រឹងអភិបាលកិច្ចល្អ និងប្រឆាំងអំពើពុករលួយផងដែរ។
ជុំវិញការប្តេជ្ញានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព បានសម្តែងការគាំទ្រចំពោះការប្តេជ្ញាជាថ្មីទៀតរបស់រដ្ឋាភិបាលនេះ ដោយចាត់ទុកថា វាជាផ្នែកមួយពញ្ញាក់ស្មារតី ដល់មន្ត្រីឱ្យរួមគ្នាអនុវត្តអភិក្រមប្រកបដោយប្រសិទ្ធភាព សំដៅការអភិវឌ្ឍប្រកបដោយ ចីរភាព។
ទន្ទឹមនេះដែរលោក ក៏ជំរុញបន្ថែមដល់រដ្ឋាភិបាលតាមដានការអនុវត្តរបស់មន្ត្រីជាពិសេសត្រូវដាក់ទោសទណ្ឌចំពោះមន្ត្រីណាប្រព្រឹត្តកំហុស ដើម្បីពង្រឹងអភិបាលកិច្ចល្អ។
លោកថា៖ «ទន្ទឹមនឹងការដាក់ចេញនូវគោលនយោបាយ រដ្ឋាភិបាល ត្រូវតែមានអ្នកតាមដានការអនុវត្ត ហើយអ្នកណាដែលមិនអនុវត្តត្រូវមានវិធានការ ព្រោះវាជារឿងសំខាន់ បើសិនមិនមានការដាក់ទោសទណ្ឌទេ គាត់មិនរាងចាល ដែលធ្វើឱ្យទន់ខ្សោយនូវប្រព័ន្ធអភិបាលកិច្ចល្អ យើងឃើញហើយអ្នកខ្លះយកឈ្មោះមន្ត្រីដើររកផលប្រយោជន៍ផ្ទាល់ខ្លួន»៕