ក្រសួងមហាផ្ទៃ បានក្រើនរំឭកជាថ្មីដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវបំពេញកាតព្វកិច្ចមួយចំនួនឱ្យបានខ្ជាប់ខ្ជួន ពាក់ព័ន្ធការធ្វើរបាយការណ៍បូកសរុបការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ដើម្បីពង្រឹងប្រសិទ្ធភាពជាដៃគូជាមួយអាជ្ញាធរកម្ពុជា និងចូលរួមលើកកម្ពស់អភិបាលកិច្ចល្អ។
សេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ស្តីពីការបំពេញកាតព្វកិច្ចតាមការកំណត់ដោយច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចុះថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៤ បានឱ្យដឹងថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការលើកស្ទួយសិទ្ធិសេរីភាពក្នុងការបង្កើត និងការធ្វើសកម្មភាពរបស់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក។ សេចក្តីជូនដំណឹងបន្តថា ដែលរហូតមកដល់បច្ចុប្បន្នមានចំនួន ៦ ២៧៩ ក្នុងនោះសមាគមមានចំនួន ២ ៧៤៧ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៣ ៥៣២ ត្រូវបានចុះបញ្ជីនិងតម្កល់លក្ខន្តិកៈនៅក្រសួងមហាផ្ទៃ ហើយអាចធ្វើសកម្មភាពដោយសេរីស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងមហាផ្ទៃបញ្ជាក់ថា៖«វត្តមាននៃសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ បានធ្វើសកម្មភាពលើវិស័យជាច្រើននៅទូទាំងប្រទេស ក្នុងនោះមានសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបានបំពេញកាតព្វកិច្ចបានខ្ជាប់ខ្ជួន និងមួយចំនួនទៀតមិនបានបំពេញកាតព្វកិច្ចស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាននៅឡើយ ទោះបីក្រសួង មហាផ្ទៃធ្លាប់បានដាក់ចេញនូវសេចក្តីជូនដំណឹងអំពីការបំពេញកាតព្វកិច្ច ចំពោះ សមាគម និងអង្គការ មិនមែន រដ្ឋាភិបាល ក្នុងស្រុក ចំនួន ២ លើករួចមកហើយក៏ដោយ»។
លើមូលដ្ឋាននេះ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងចូលរួមលើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា ការពារផលប្រយោជន៍សាធារណៈ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកជាមួយអាជ្ញាធរសាធារណៈ ក្រសួងមហាផ្ទៃ សូមធ្វើការរំឭកសាជាថ្មីចំពោះសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកត្រូវបំពេញកាតព្វកិច្ចមួយចំនួន។
១ សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានរាល់គណនី ដែលត្រូវបើកសម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា មកក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងរយៈពេលយ៉ាងយូរ ៣០ ថ្ងៃ គិតចាប់ពីថ្ងៃចុះបញ្ជី។ ចំពោះសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលខកខានក្នុងការជូនដំណឹងនាពេល កន្លងមក ត្រូវជូនដំណឹងមកក្រសួងមហាផ្ទៃ ឱ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤ ជាកំហិត។
២ សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមក ក្រសួងមហាផ្ទៃ ក្នុងករណីមានការធ្វើវិសោធនកម្មលក្ខន្តិកៈ ឬការផ្លាស់ប្តូរទីស្នាក់ការ ឬការផ្លាស់ប្តូរតំណែង ប្រធាន ឬតំណែងនាយកប្រតិបត្តិ ឬការប្រែប្រួលព័ត៌មានគណនីធនាគារ ក្នុងរយៈពេលយ៉ាងយូរ ១៥ ថ្ងៃ គិតចាប់ពីថ្ងៃដែលផ្លាស់ប្ដូរ ឬប្រែប្រួល ដោយភ្ជាប់មកជាមួយនូវសំណុំលិខិតដែលបានផ្លាស់ប្ដូរ។
៣ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវផ្ញើមកក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ នូវរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមួយច្បាប់។ ក្នុងករណី ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុពីម្ចាស់ជំនួយ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនោះត្រូវផ្ញើរបាយការណ៍ ដោយចម្លងចេញពីឯកសារដើមដែលផ្ញើទៅម្ចាស់ជំនួយ ក្នុងអំឡុងពេល ៣០ ថ្ងៃ គិតចាប់ពីថ្ងៃផ្ញើទៅម្ចាស់ជំនួយ ព្រមទាំងឯកសារគម្រោងកម្មវិធីការងារ និងកិច្ចព្រមព្រៀងហិរញ្ញប្បទាន ១ ច្បាប់ ដែលម្ចាស់ជំនួយបានយល់ព្រម ដោយចម្លងពីឯកសារដើមឱ្យបានក្នុងអំឡុងពេល ៣០ ថ្ងៃ គិតចាប់ពីថ្ងៃម្ចាស់ជំនួយបានឯកភាពយល់ព្រម។ របាយការណ៍នេះតម្កល់ទុកនៅទីស្នាក់ការរបស់ខ្លួនរយៈពេល យ៉ាងតិច ៥ ឆ្នាំ។
ចំពោះអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលខកខានក្នុងការផ្ញើរបាយការណ៍ នាបណ្តាឆ្នាំកន្លងមក និងរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ ត្រូវផ្ញើមកក្រសួងមហាផ្ទៃ ឱ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤ ជាកំហិត។
៤ សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មិនត្រូវធ្វើសកម្មភាពទាំងឡាយណាដែលផ្ទុយនឹងលក្ខន្តិកៈដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។
ក្រសួងមហាផ្ទៃ សង្ឃឹមនិងជឿជាក់ថា សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបានតម្កល់សំណុំលិខិត និងបានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃ ត្រូវសហការចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងស្មារតីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ពង្រឹងនីតិរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។
សេចក្តីជូនដំណឹងគូសបញ្ជាក់ថា៖«ក្នុងករណី សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកណា មិនបានអនុវត្តតាមសេចក្តីជូនដំណឹងនេះ ក្រសួងមហាផ្ទៃនឹងអនុវត្តវិធានការស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាធរមាន»៕