ក្រសួង​បរិស្ថាន និងក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញ​វិធានការ ៨ ចំណុច​ដើម្បីការពារ និងទប់ស្កាត់​ភ្លើង​ឆេះព្រៃ ដែលការដាក់​ចេញ​វិធានការ​នេះ គឺដើម្បី​ជាការផ្សព្វផ្សាយ​ក្រើនរំឭក​ឱ្យគ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ប្រជាសហគមន៍​នៅតាម​តំបន់​ការពារ​ធម្មជាតិ​ត្រូវយក​ចិត្តទុក​ដាក់​ទប់ស្កាត់ និងការពារ​កុំឱ្យ​មានភ្លើង​ឆេះព្រៃ​ដោយប្រការ​ណាមួយ​ជាយថាហេតុ។ នេះបើ​យោងតាម​សេចក្តី​ជូនដំណឹង​រួមរវាង​ក្រសួង​ទាំង២ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៤។ 

ជារៀងរាល់​ឆ្នាំ ធាតុអាកាស​ទូទៅ​នៅកម្ពុជា នារដូវ​ប្រាំង​មានសភាព​ក្ដៅ​ហួតហែង ស្ងួតខ្លាំង ជាកត្តា​ងាយ​បង្កនូវ​ភ្លើង​ឆេះព្រៃ។ ក្រៅពី​បាតុភូត​ធម្មជាតិ​ដែលអាច​បង្កឱ្យ​មានភ្លើង​ឆេះព្រៃ ប្រការ​ដែលគួរ​ឱ្យ​ព្រួយបារម្ភ​បំផុត​នោះ គឺភ្លើង​ឆេះព្រៃ​ដែលបង្ក​ឡើង​ដោយសារ​សកម្មភាព​របស់​មនុស្ស​ផ្ទាល់។ 

 សេចក្តីជូនដំណឹង​បញ្ជាក់​ថា៖«កត្តា​ចម្បង​ដែលបង្ក​ឱ្យមាន​ភ្លើង​ឆេះព្រៃ​ញឹកញាប់​បំផុត​នារដូវ​ប្រាំង មាន​ជាអាទិ៍ ការកាប់​ឆ្ការដុត​រានព្រៃ​ដើម្បី​ដាំដំណាំ​កសិកម្ម​ផ្សេងៗ ការធ្វើ​កសិកម្ម​ពនេចរ ការទន្ទ្រាន​ដី​ព្រៃ​ដើម្បី​តាំងលំនៅ​ឋាន​ខុសច្បាប់ ការទន្ទ្រាន​កាន់កាប់ដី​រដ្ឋ​ខុសច្បាប់ ការដុតព្រៃ​ដើម្បី​ចាប់សត្វ ការបន្សល់​ដើមភ្លើង​នៅក្នុង​ព្រៃ ដោយការធ្វេស​ប្រហែស​របស់​មនុស្ស។ល»។ 

ក្រសួង​កសិកម្ម និងក្រសួង​បរិស្ថាន បានកត់សម្គាល់ឃើញ​ថា ភ្លើង​ឆេះព្រៃ​ជារៀងរាល់​ឆ្នាំ​បានបង្ក​ឱ្យមាន​បញ្ហា​ដល់ការបាត់បង់​ធនធាន​ព្រៃឈើ ព្រៃ​លិចទឹក និងធនធាន​ធម្មជាតិ​ក្នុងតំបន់​ការពារ​ធម្មជាតិ​ដែលអាច​បង្កឱ្យ​មានការខូចខាត​ផ្នែក​សេដ្ឋកិច្ច ធនធាន​ធម្មជាតិ និង​បរិស្ថាន។

ដោយសង្កេតឃើញបញ្ហាប្រឈមទាំងនេះ ក្រសួងទាំង២បានធ្វើការណែនាំដល់អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរបរិស្ថាន រួមទាំងសហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិ សហ​គមន៍​នេសាទ សហគមន៍កសិកម្ម និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តវិធានការ ៨ ចំណុច។

១ អប់រំ ផ្សព្វផ្សាយ ណែនាំ​ដល់​ប្រជាសហគមន៍​ឱ្យមាន​ការប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុងការប្រើប្រាស់​ភ្លើង​សម្រាប់​ជាមធ្យោបាយ​ដើម្បី​ចម្អិន​អាហារ ការយក​ឃ្មុំ ការដុត​ស្មៅ ព្រៃ ការដុត​ស្ទាក់​ចាប់សត្វ​និងការប្រមូល​ផល អនុផល ព្រៃឈើ​ជាដើម។
 
២ ទប់ស្កាត់​ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុត​ព្រៃឈើ និងព្រៃ​លិចទឹក ដើម្បី​ពង្រីក​ផ្ទៃដីដំណាំ​កសិកម្ម ឬក្នុងគោល​បំណង​​ផ្សេងៗ​ទៀត ដែលជា​សកម្មភាព​ល្មើស​ច្បាប់ និងបង្ក​ឱ្យមាន​ភ្លើងឆេះព្រៃ​ឈើ ព្រៃលិចទឹក និងរាលដាល​រហូត​ដល់ភូមិករ​របស់​ប្រជាពលរដ្ឋ តំបន់​រដ្ឋបាល​សាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នានា នៅក្នុង ឬ ជុំវិញ​សហគមន៍​ព្រៃឈើ សហគមន៍​នេសាទ សហគមន៍​តំបន់​ការពារ​ធម្មជាតិ តំបន់ការពារ​ធម្មជាតិ និងរបៀង​អភិរក្ស​ជីវៈចម្រុះ។

៣ ក្នុងករណី​ចាំបាច់​ដែលត្រូវប្រើភ្លើង​ជាមធ្យោបាយ​ក្នុងការដុត​កាកសំណល់​ឈើព្រៃ ក្រោមគោលបំណង​ដាំដំណាំ​កសិកម្ម និងសកម្មភាព​ស្របច្បាប់​ផ្សេងទៀត ត្រូវជូនដំណឹង​ដល់​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរ​បរិស្ថាន​រាជធានី ខេត្តសាមី ដែលជា​សមត្ថកិច្ច ដើម្បី​ណែនាំ​អនុវត្ត​វិធានការបច្ចេកទេស​សមស្រប​ដែលអាច​ធានា​សុវត្ថិភាព​ចំពោះ​ភ្លើងព្រៃ។

៤ ការរុករកផល អនុផល​ព្រៃឈើ​ជាប្រពៃណី និងសកម្មភាព​ផ្សេងទៀត​ដែលចាំបាច់​ត្រូវប្រើឡើង​តាមមធ្យោបាយ(ដុតរណ្តៅជ័រ) មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេស្ថទ និងមន្ត្រី​បរិស្ថាន ត្រូវធ្វើ​ការណែនាំ​អ្នកពាក់ព័ន្ធ​ឱ្យពន្លត់​ភ្លើង​ឱ្យអស់​ជាចាំបាច់​មុនពេល​ចាកចេញ​ពីដើម​ឈើនោះ។ 

៥ ត្រូវរៀបចំ​ផ្លូវភ្លើង​ព្រៃ​ដើម្បី​ការពារការឆេះ​រាលដាល​ពីកន្លែងមួយ ទៅកន្លែងមួយទៀតនិង ចូលរួម​ចាត់វិធានការ ថែរក្សា​ទឹកទុក​ឱ្យបាន​ល្អ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និងក្នុង​ករណី​មានភ្លើង​ឆេះព្រៃ​ជាយថាហេតុ។

 ៦ ក្នុងករណី​កើតមាន​ភ្លើងឆេះព្រៃ ត្រូវប្រញាប់​ចាត់វិធានការ​ទប់ស្កាត់ ជាបន្ទាន់​តាមរយៈ​ការប្រកាស​អាសន្ន ហើយ​គណៈ​​បញ្ជាការឯកភាព​រាជធានី ខេត្ត ត្រូវដឹកនាំ​បញ្ជា​ផ្ទាល់ក្នុង​ការប្រើកម្លាំង​សរុបរួម​មាន ប្រជាពលរដ្ឋ សហគមន៍ សិស្សានុសិស្ស ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ។ល។ ដែលឈរជើង​នៅក្នុងមូលដ្ឋាន​នោះ ដើម្បីរួមគ្នាទប់ស្កាត់ និងពន្លត់ភ្លើង​ព្រៃឱ្យ​មាន​ប្រសិទ្ធភាព។

៧ ក្រោមការដឹកនាំ​របស់​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដីរដ្ឋ​ថ្នាក់​រាជធានី ខេត្ត មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទ និងមន្ទីរ​បរិស្ថាន ត្រូវចាត់វិធានការ​តាមផ្លូវច្បាប់​ចំពោះ​ជនណា​ដែលបានកាប់​រុករាន ដុតព្រៃ និងកាន់កាប់ដី​ព្រៃ​ឈើ​ដែលឆេះ ដោយអនាធិបតេយ្យ​ដែលផ្ទុយ​នឹងច្បាប់ និងបទបញ្ជា​នានា​របស់​រាជរដ្ឋាភិបាល។ ចំណែកចំណុច​ទី៨ ត្រូវសហការ​ជាមួយ​អាជ្ញាធរដែនដី​ក្នុងការហាមឃាត់​ការចូល​ប្រើប្រាស់ដី​ព្រៃឈើ និងព្រៃលិចទឹក​ដែលបាន​ឆេះរួច ដើម្បី​ទុកលទ្ធភាព​ឱ្យរុក្ខជាតិ​ដុះឡើងវិញ​តាមលក្ខណៈធម្មជាតិ ឬដាំស្តារ​ព្រៃឈើ​ឡើងវិញ។ 

សេចក្តីជូនដំណឹង​បញ្ជាក់​ថា៖«អនុលោម​តាមច្បាប់​ស្ដីពី​ព្រៃឈើ និងច្បាប់ស្តី​ពីជលផល ប្រជាពលរដ្ឋ កងកម្លាំង​ប្រដាប់អាវុធ និងអាជ្ញាធរ ដែនដី​គ្រប់ថ្នាក់ ត្រូវមាន​ករណី​យកិច្ចទទួល​ខុសត្រូវ ថែរក្សា ការពារព្រៃឈើ បង្ការ និងប្រយុទ្ធនឹង​ភ្លើងឆេះព្រៃ ចូលរួម​ថែរក្សា​ជម្រក​មច្ឆជាតិ ការពារ បង្ការ និងប្រយុទ្ធនឹង​ភ្លើងឆេះ​ព្រៃលិចទឹក នៅតាមមូលដ្ឋាន​រៀងៗខ្លួន»។​

ជនណា​ដែលបានប្រព្រឹត្ត ឬបង្កឱ្យ​មានភ្លើង​ឆេះព្រៃ ឬភ្លើងឆេះព្រៃ​លិចទឹក​ដោយចេតនា ត្រូវផ្ដន្ទាទោស​ក្រោមបទ​ល្មើស​ព្រៃឈើ​ថ្នាក់ទី១ ឬបទល្មើស​ជលផល​ថ្នាក់ទី១ ដែលត្រូវ​ជាប់ពន្ធនាគារ​ពី ៥ ឆ្នាំទៅ ១០ ឆ្នាំ ឬពី ៣ ឆ្នាំ ទៅ ៥ ឆ្នាំ។

 ដោយឡែក តាមមាត្រា​៦២ នៃច្បាប់ស្តី​ពីតំបន់​ការពារ​ធម្មជាតិ បានចែង​ថា ការបង្ក​ឱ្យមាន​ភ្លើង​ឆេះព្រៃ ដោយចេតនា ជាបទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់ទី៤ ដែលត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ៥ ឆ្នាំ ដល់ ១០ ឆ្នាំ និងផាកពិន័យ​ជាប្រាក់​ពី ១៥ លានរៀល ដល់ ១៥០ លានរៀល៕​