
ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម បញ្ជីមុខទំនិញហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កក រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ រូបថត ក.ប.ប.
រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកជាបណ្ដោះអាសន្នសម្រាប់រយៈពេល ៦ ខែ ក្នុងការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក។ នេះបើតាមសេចក្ដីប្រកាសជូនដំណឹងរួមគ្នារវាងក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៤។
ការសម្រេចនេះ បន្ទាប់ពីសមត្ថកិច្ចកម្ពុជា បានរកឃើញគ្រឿងក្នុង និងសាច់បង្កករាប់រយតោន នៅរាជធានីភ្នំពេញ ដោយគ្មានច្បាប់អនុញ្ញាត ដែលនឹងបង្កផលប៉ះពាល់ដល់សុខុមាលភាពសាធារណៈ ជាពិសេសអ្នកបរិភោគដោយផ្ទាល់។
បើយោងតាមសេចក្តីប្រកាសខាងលើ៖« វិធានការនេះ ដោយយោងតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤»។
សេចក្តីប្រកាសបញ្ជាក់ថា៖«វិធានការផ្អាកការនាំចូលជាបណ្តោះអាសន្ននេះនឹងចាប់ផ្តើមអនុវត្ត ពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ តែវិធានការនេះមិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់ការនាំចេញឡើយ»។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងក្រុមហ៊ុននាំចេញ-នាំចូល មេត្តាជ្រាបថា គ្រឿងក្នុង និងបំណែកសាច់បង្កក ដែលត្រូវបានផ្អាកជាបណ្តោះអាសន្ន មានលេខប្រព័ន្ធសុខដុមនីយកម្ម និងនាមវលីគយ ដូចខាងក្រោម។ការផ្អាកនាំចូលបណ្តោះអាសន្ននោះរួមមាន អណ្តាត ថ្លើម នៃសត្វគោក្របី បង្កក, គ្រឿងក្នុង (Offal) បង្កកផ្សេងទៀត នៃសត្វគោក្របី ដែលអាចបរិភោគបាន ក្រៅពីអណ្តាត និងថ្លើម។

ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម បញ្ជីមុខទំនិញហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កក រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ ក្រសួងពាណិជ្ជកម្ម
ថ្លើមនៃសត្វជ្រូកបង្កក ភាគបំណែកសាច់និងគ្រឿងក្នុង (Offal) ផ្សេងទៀត ក្រៅពីថ្លើមនៃសត្វជ្រូក ដែលអាចបរិភោគបានបង្កក។
ថ្លើមនៃសត្វមាន់បង្កក សាច់និងគ្រឿងក្នុង (Offial) បង្កកផ្សេងទៀត នៃសត្វមាន់ ដែលអាចបរិភោគបាន ក្រៅពីស្លាបទាំងមូល ភ្លៅ ថ្លើម និងសាច់ដែលត្រូវបានយកឆ្អឹងចេញ។
ពោះវៀន ប្លោក និងក្រពះ ទាំងមូល ឬជាផ្នែក នៃសត្វ (លើកលែងត្រី) ស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច។
ក្នុងគោលបំណងការពារសុខុមាលភាពជូនប្រជាពលរដ្ឋ តាមរយៈការលើកកម្ពស់គុណភាព សុវត្ថិភាពផលិតផលម្ហូបអាហារ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បាននិងកំពុង ចុះត្រួតពិនិត្យទីតាំងស្ដុក និងចែកចាយសាច់បង្កក និងផលិតផលផ្សេងទៀតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា៕

