ត្បូងឃ្មុំៈ ក្រសួងរ៉ែ និងថាមពលបានហាមឃាត់ និងបិទការធ្វើអាជីវកម្មរ៉ែខុសច្បាប់ស្ថិតនៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ បន្ទាប់ពីប្រជាពលរដ្ឋដែលធ្លាប់ធ្វើអាជីវកម្មរករ៉ែបែបលក្ខណៈគ្រួសារ ប្រែក្លាយទៅជាប្រើឧបករណ៍ទំនើបៗ ប្រើសារធាតុគីមី រំសេវជាតិផ្ទុះបំបែកថ្ម ក្រោមដីប្រកបដោយគ្រោះថ្នាក់និងជីកអណ្តូងរ៉ែអនាធិបតេយ្យ ដោយគ្មានច្បាប់អនុញ្ញាត។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងរ៉ែចុះថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៤។
ក្រសួងរ៉ែឱ្យដឹងថា ក្នុងតំបន់ខាងលើជាតំបន់អាជីវកម្មរ៉ែមាសបែបលក្ខណៈគ្រួសារតាំងពីអំឡុងឆ្នាំ ១៩៩០ ដែលមានប្រជាពលរដ្ឋមូលដ្ឋានប្រកបរបរជីកយកនិងរែងមាសដោយដៃតាមលក្ខណៈគ្រួសារ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប្រែប្រួលពីលក្ខណៈគ្រួសារ ដែលធ្វើដោយដៃនិងឧបករណ៍សាមញ្ញ ទៅជាប្រើគ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី ដោយកន្លែងខ្លះមានជីករូងជាអណ្ដូងរ៉ែក្រោមដី។
ក្រសួងឱ្យដឹងថា បន្ទាប់ពីមើលឃើញអំពីបញ្ហាប្រឈមធ្ងន់ធ្ងរដល់សុវត្ថិភាព សុខភាព និងបរិស្ថាន ក្រសួងរ៉ែនិងថាមពលដោយមានមន្ទីររ៉ែនិងថាមពលខេត្តត្បូងឃ្មុំ សហការជាមួយអាជ្ញាធរដែនដី បានចុះអប់រំផ្សព្វផ្សាយជាច្រើនដងនិងចាត់វិធានការតាមផ្លូវច្បាប់ចំពោះសកម្មភាពជីកយករ៉ែអនាធិបតេយ្យនៅតំបន់ខាងលើជាបន្តបន្ទាប់។
បើតាមក្រសួងរ៉ែ នៅអំឡុងខែកញ្ញា ឆ្នាំ ២០២១ និងខែវិច្ឆិកាឆ្នាំ ២០២៣ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបង្កើតជាក្រុមការងារចម្រុះថ្នាក់ខេត្តចុះអនុវត្តនូវវិធានការផ្សព្វផ្សាយទិដ្ឋភាពច្បាប់ដល់ប្រជាពលរដ្ឋ និងធ្វើការបិទទីតាំងរ៉ែមាសអនាធិបតេយ្យទ្រង់ទ្រាយធំមួយចំនួន ក្រោមការបញ្ជារបស់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ។ ប៉ុន្តែការបង្ក្រាបទីតាំងអាជីវកម្មរ៉ែអនាធិបតេយ្យនៅតំបន់នោះនាពេលកន្លងមកប្រៀបដូចជាការវែកចកដូច្នោះដែរ។
ជាក់ស្ដែង នាពេលបច្ចុប្បន្នសកម្មភាពអាជីវកម្មរ៉ែមាស អនាធិបតេយ្យ នៅតំបន់នេះនៅតែកើតមានថែមទាំងមានការប្រើប្រាស់ឧបករណ៍ទំនើបៗ សារធាតុគីមី រំសេវជាតិផ្ទុះបំបែកថ្ម និងជីកលុងអណ្តូងរ៉ែ ក្រោមដីប្រកបដោយគ្រោះថ្នាក់បំផុត។ សកម្មភាពអាជីវកម្មអនាធិបតេយ្យនេះ កំពុងបង្កឱ្យមានការបាត់បង់ទ្រព្យសម្បត្តិ និងចំណូលជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថានបង្កជាហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពរបស់អ្នកធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យខ្លួនឯងព្រមទាំងប្រជាពលរដ្ឋនៅក្នុងនិងក្រៅមូលដ្ឋាន។
លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) មើលឃើញថា ចំណាត់ការលើការបង្ក្រាបការធ្វើអាជីវកម្មរ៉ែដោយខុសច្បាប់ពីសំណាក់ក្រសួងក៏ដូចជាមន្ត្រីខេត្តនេះគឺជារឿងមួយត្រឹមត្រូវដើម្បីកុំឱ្យប៉ះពាល់ទៅដល់និរន្តរភាពធនធានធម្មជាតិ បរិស្ថាននិងប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញនោះ។
លោកសង្កត់ធ្ងន់ថា លើសពីនេះទៅទៀតអាជ្ញាធរត្រូវបន្តនីតិវិធីក្នុងការស្រាវជ្រាវរកមនុស្សដែលនៅពីក្រោយខ្នងនៃការធ្វើអាជីវកម្មរ៉ែខុសច្បាប់ទាំងអស់នោះ ពីព្រោះមិនមែនជារឿងធម្មតាទេនៅពេលពលរដ្ឋកែប្រែពីការធ្វើអាជីវកម្មធម្មតាហើយមកធ្វើលក្ខណៈទ្រង់ទ្រាយធំ មានឧបករណ៍ទំនើបៗជាងមុន។
លោកថ្លែងថា៖ «ខ្ញុំទាមទារឱ្យមានការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងលើករណីនេះ ដើម្បីស្វែងរកមូលហេតុធំពិតប្រាកដចំពោះការធ្វើអាជីវកម្មរ៉ែខុសច្បាប់បែបនេះ។ ប្រសិនបើយើងនៅមិនអាចរកអ្នកនៅពីក្រោយឃើញទេ ទោះបីបង្ក្រាបយ៉ាងណាក៏នៅតែមានដែរហើយការបង្ក្រាបនៅតែគ្មានប្រសិទ្ធភាពដដែល វានៅតែមានករណីនេះបន្តទៀត»។
ក្រសួងរ៉ែ និងថាមពល បានប្ដេជ្ញាបញ្ចប់នូវសកម្មភាពជីករ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែដោយស្របច្បាប់ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើនមានជាអាទិ៍ តាមរយៈការបង្កើតឱ្យមានឱកាសការងារនៅនឹងកន្លែងនិងប្រយោល ដើម្បីចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែមបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ព្រមទាំងចូលរួមចំណែកអភិវឌ្ឍសហគមន៍មូលដ្ឋាន។
ជាមួយគ្នានេះ ក្រសួងរ៉ែ និងថាមពល អំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យបញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ ហើយចូលរួមទប់ស្កាត់ដោយធ្វើការជូនដំណឹងអំពីសកម្មភាពជីករ៉ែអនាធិបតេយ្យមកក្រសួងរ៉ែតាមរយៈប្រព័ន្ធទូរស័ព្ទលេខ ០៩៥ ៧២៧ ៧២៧៕
វង្ស ដារាវ៉ាឌី