ក្រសួង​ធនធានទឹក និង​ឧតុនិយម អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន​ឱ្យចូល​រួមសហការ​ថែរក្សា ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​ក្នុង​កម្រិត​ខ្ពស់ ជាពិសេស​បណ្តា​តំបន់​ជនបទ​ដាច់ស្រយាល ដែល​នៅ​ឆ្ងាយ​ពី​ប្រភពទឹក ខណៈ​រដូវប្រាំង​នឹង​បន្ត​អូសបន្លាយ​ដល់​ខែឧសភា ២០២៤​។

សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹក​ចុះ​ថ្ងៃទី​១២ ខែមករា ឆ្នាំ ២០២៤ បាន​បញ្ជាក់ថា បន្ទាប់ពី​បានធ្វើ​ការតាមដាន និង​ព្យាករណ៍​ស្ថានភាព​អាកាសធាតុ​រួចមក ស្ថានភាព​អាកាសធាតុ​បន្ត នៅក្នុង​រដូវប្រាំង ដែល​ក្នុងនោះ សីតុណ្ហភាព​មានការ​ប្រែប្រួល​ខ្លាំង ជាមួយនឹង​សីតុណ្ហភាព​ក្តៅ​កើនឡើង​ខ្ពស់ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ និង​ក្តៅ​ជាង​ឆ្នាំ​២០២៣ ដោយ​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៧°C និង សីតុណ្ហភាព​អតិបរមា​ខ្ពស់បំផុត​រង្វង់ ៤១°C នៅក្នុង​ខែមេសា និង​ដើមខែ​ឧសភា​។

ក្រសួង​បានបញ្ជាក់​ទៀតថា ភ្លៀង​កក់ខែ​អាចមាន​តិចតួច ជាមួយគ្នា​នឹង​របប​ខ្យល់មូសុង​និរតី​ខ្សោយ​ធ្វើឱ្យ​រដូវវស្សា​ចាប់ផ្តើម​យឺត​(​យឺត​ជាង​ឆ្នាំ​២០២៣) រីឯ​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​កើត​ច្រើន​នៅក្នុង​ខែមេសា និង ខែឧសភា ឆ្នាំ​២០២៤​។ ក្រសួង​ក៏បាន​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន​សូម​យកចិត្តទុកដាក់ ដោយ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​នឹង​អាច​កើតមាន​ច្រើន​។

លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់ឱ្យដឹង​បន្ថែម​នៅ​ថ្ងៃទី​១៣ ខែមករា នេះ​ថា នៅក្នុង​ឆ្នាំ​២០២៤​នេះ កម្ពុជា​អាច​ទទួលរង​សីតុណ្ហភាព​ក្ដៅ និង​បរិមាណ​ទឹកភ្លៀង​តិចជាង​បណ្ដា​ឆ្នាំ​កន្លងទៅ ដោយសារតែ​បាតុភូត​សកល​អែល​នី​ណូ​។ មួយផ្នែក​ទៀត ទឹកទន្លេ​មាន​កម្រិត​ទាប មិនអាច​ហូរ​ចូល​សព្វ​អាង បឹងបួ និង​ព្រែក​ធម្មជាតិ​មួយចំនួន នៅ​អម​សងខាង​ទន្លេមេគង្គ​លើ មេគង្គ​ក្រោម ទន្លេបាសាក់ និង​ទន្លេសាប បាន​ច្រើន​នោះទេ​។

លោក​បាន​បញ្ជាក់ថា​៖«​លក្ខខណ្ឌ​អាកាសធាតុ​បែបនេះ នឹងធ្វើ​ឱ្យ​ទឹក​ហួត ឬ​រីងស្ងួត ឆាប់រហ័ស​។ ដូចនេះ ខ្ញុំ​សូម​ណែ​នាំឱ្យ​ពលរដ្ឋ​ធ្វើស្រែ​ប្រាំង​តែ​១​លើក​ប៉ុណ្ណោះ ដើម្បី​រក្សា​ទឹក​ទុក​ប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ចៀសវាង​ការខ្វះខាត ឬ​ប្រឈម​ខ្លាំង ដូចដែល​កម្ពុជា​ធ្លាប់​ជួប​កាលពី​ឆ្នាំ​២០១៥ និង​២០១៦»​។

លោក​បាន​បន្ថែមថា គ្រប់​រាជធានី​-​ខេត្ត អាច​ប្រឈម​ខ្វះ​ទឹក​ប្រើប្រាស់ បើសិន​ពលរដ្ឋ​មិន​ព្រម​អនុវត្តតាម​ផែនការ​បង្កបង្កើន​ស្រូវប្រាំង ដែល​ដាក់ចេញ​ដោយ​មន្ទីរ​ធនធានទឹក មន្ទីរ​កសិកម្ម និង​រដ្ឋបាលខេត្ត​។

គិត​មកទល់ពេលនេះ មាន​ខេត្ត​ចំនួន​៣​ហើយ បានប្រកាស​ឱ្យ​ពលរដ្ឋ​ផ្អាក​ធ្វើស្រែ​ប្រាំង​លើក​ទី​២ ដោយសារ​ខ្វះ​ទឹក​ស្រោចស្រព ក្នុងនោះ​រួមមាន ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និង​ស្វាយរៀង​៕​