កម្ពុជា-សហរដ្ឋអាមេរិក បានពិភាក្សានិងផ្លាស់ប្ដូរយោបល់ ដោយពិនិត្យលទ្ធភាពទៅលើវិធានការនានាសំដៅសម្របសម្រួល និងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងសងខាង និងដើម្បីឈានទៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។
កិច្ចពិភាក្សានេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។
យោងតាមហ្វេសបុករបស់ក្រសួងមហាផ្ទៃ នាឱកាសនោះលោក ស សុខា បានបង្ហាញការគាំទ្រ និងអបអរសាទរចំពោះទំនាក់ទំនងការទូតដ៏យូរលង់រវាងកម្ពុជា និងអាមេរិក ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដែលក្នុងរយៈពេលកន្លងមកនេះ បានរួមចំណែកដល់ការអភិវឌ្ឍ រីកចម្រើន និងបម្រើដល់ផលប្រយោជន៍ទៅវិញទៅមកនៃភាគីទាំង២។
ជាមួយគ្នានោះ លោកក៏បានថ្លែងអំណរគុណលោក Patrick Murphy ចំពោះកិច្ចខិតខំប្រឹងប្រែងនៅក្នុងអាណត្តិបេសកកម្មការទូត ដែលកន្លងមក ដែលតែងតែយកចិត្ដទុកដាក់ជំរុញកិច្ចសហការរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក លើវិស័យសំខាន់ៗ ជាអាទិ៍ សេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម វប្បធម៌ បរិស្ថាន ទេសចរណ៍ ការពារជាតិ និងសន្តិសុខ។
តាមរយៈក្រសួងមហាផ្ទៃ លោក Patrick Murphy បានថ្លែងអំណរគុណចំពោះ លោក ស សុខា ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសម។
ជាមួយគ្នានោះដែរ លោក ក៏បានអបអរសាទរចំពោះវឌ្ឍនភាព និងលទ្ធផលប្រកបដោយផ្លែផ្កា ក្នុងរយៈពេលកន្លងមកនេះ និងរំពឹងទុកថាកិច្ចសហប្រតិបត្តិការលើកិច្ចការច្បាប់រវាងភាគីទាំងពីរនឹងបន្តផ្ដល់លទ្ធផលប្រសើរជាងនេះ នាពេលខាងមុខបន្តទៀត។
បើតាមក្រសួងមហាផ្ទៃ៖ «ភាគីទាំង ២ បានវាយតម្លៃខ្ពស់ដូចគ្នា ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់កម្ពុជា និងអាមេរិកក្នុងការផ្លាស់ប្ដូរចែករំលែកព័ត៌មាន ការទប់ស្កាត់ និងការបង្ក្រាបបទល្មើសគ្រប់ទម្រង់ រួមទាំងបទល្មើសមិនមែនប្រពៃណី បទល្មើសគ្រឿងញៀន បទល្មើសពាក់ព័ន្ធអនីតិជន និងឧក្រិដ្ឋកម្មឆ្លងដែន»៕