លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានសុទិដ្ឋិនិយមថា ការរៀបចំ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» នឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីបន្ថែមទៀត ក្នុងការស្រូបទាញនូវកំណើនភ្ញៀវទេសចរ និង វិនិយោគិនចិនមកទស្សនា និងបណ្ដាក់ទុនធុរកិច្ចនៅកម្ពុជាកាន់តែច្រើនថែមទៀត ហើយចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរកាន់តែរឹងមាំ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត លើកឡើងបែបនេះ តាមរយៈសារលិខិតក្នុងឱកាសអបអរសាទរពិធីបើក “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។
លោកបញ្ជាក់ថា៖ «ជាការពិត ទំនាក់ទំនងរវាងប្រទេស និងប្រជាជនយើងទាំងពីរ បានចាប់ផ្តើម និងចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់ មិនតិចជាងពីរសហស្សវត្សរ៍នោះទេ គិតចាប់ពីដំណើរទស្សនកិច្ចរបស់រាជទូតចិន មកកម្ពុជាលើកដំបូងក្នុងសម័យហ្វូណន»។
លោកបន្តថា ក្រោយមកក្នុងសម័យទំនើបនេះ ក្រោមការដឹកនាំរបស់ សម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង លោកប្រធាន ម៉ៅ សេទុង ប្រទេសយើងទាំងពីរ កម្ពុជា-ចិន បានផ្សារភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ រៀងរហូតមក។
ក្នុងស្មារតីបន្តមរតកនៃទំនាក់ទំនងដ៏ស្អិតរមួតនេះ អតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន និងជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រកម្ពុជា បានខិតខំបន្តពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយថ្នាក់ដឹកនាំចិន ជាបន្តបន្ទាប់ រហូតបានលើកកម្ពស់ទំនាក់ទំនងនេះទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ចាប់តាំងពីឆ្នាំ២០១០មក។
ក្នុងន័យនេះ លោក ហ៊ុន ម៉ាណែត ក្នុងនាមជាអ្នកដឹកនាំជំនាន់ក្រោយ ដែលបន្តវេនដឹកនាំនាវាកម្ពុជានាពេលបច្ចុប្បន្ន បានបន្តគាំទ្រយ៉ាងពេញទំហឹងដោយឥតរារែកនូវគំនិតផ្តួចផ្ដើមស្ដីពី «យុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ» សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់រដ្ឋាភិបាលចិន។
បន្ថែមពីលើនេះ ក្នុងនាមជាដៃគូនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា និងចិន បន្តមានទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធ ហើយកំពុងរីកចម្រើនលើវិស័យនានាជាច្រើន។ ការប្រាស្រ័យទាក់ទងគ្នាយ៉ាងស្អិតរមួត និងការផ្លាស់ប្តូរទស្សនកិច្ចដ៏មមាញឹកគ្រប់ជាន់ថ្នាក់ក្នុងបណ្តាឆ្នាំថ្មីៗនេះ ជាពិសេសដំណើរទស្សនកិច្ចផ្លូវការរបស់ខ្ញុំ ជាលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសចិន រដ្ឋធានីប៉េកាំង កាលពីថ្ងៃទី ១៤-១៧ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅនេះ។ ជាលទ្ធផល ភាគីទាំងពីរបានប្រកាសបង្ហាញជំហរដូចគ្នាយ៉ាងម៉ឺងម៉ាត់ ក្នុងការបន្តរក្សាចំណងទំនាក់ទំនងដែកថែប និងការពារគ្នាទៅវិញទៅមក។ នេះបើតាមខ្លឹមសារនៅក្នុងសារលិខិត។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖«ក្នុងបរិការណ៍នេះ ការរៀបចំ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” នឹងរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវចំណងទំនាក់ទំនងជាអ្នកជិតខាងល្អ និងពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងទេសចរណ៍រវាងប្រជាជាតិទាំងពីរ»។
ជាពិសេស នឹងជួយលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញការផ្លាស់ប្ដូរក្នុងចំណោមយុវជន និងថ្នាក់ដឹកនាំជំនាន់ក្រោយនៃប្រទេសទាំងពីរ ព្រមទាំងសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នារវាងកម្ពុជា-ចិនផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី អំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បងប្អូនជនរួមជាតិទាំងអស់ វិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមឱ្យបានផុសផុល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យការរៀបចំព្រឹត្តិការណ៍ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន» ពេញមួយឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងទទួលបានលទ្ធផល ជាទីគាប់ប្រសើរ៕