រដ្ឋបាលខេត្ត ប្រជាពលរដ្ឋ និងបងប្អូនសេវាករដឹកជញ្ជូនភ្ញៀវទេសចរក្នុងខេត្តសៀមរាប ថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត ដែលបានចង្អុលទិសឱ្យគណៈកម្មការអន្តរក្រសួងស្វែងរកដំណោះស្រាយពាក់ព័ន្ធតម្លៃចំណតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ(ថ្មី) ដោយទទួលបានលទ្ធផលល្អប្រសើរ។
គួរជម្រាបថា កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ គណៈកម្មការអន្តរក្រសួងដែលដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំដោះស្រាយនូវសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ និង សេវាករដឹកជញ្ជូនភ្ញៀវទេសចរ ពាក់ព័ន្ធនឹងការពិនិត្យ និងកែសម្រួលឡើងវិញនូវសេវាប្រើប្រាស់ផ្លូវ និងចំណតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ការស្វែងរកដំណោះស្រាយនេះ ដោយមានការចង្អុលទិសពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លិខិតថ្លែងអំណរគុណចុះថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៤ បានលើកឡើងថា៖«អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មការអន្តរក្រសួងបានដំណើរការការងាររបស់ខ្លួនយ៉ាងសកម្មជាមួយភាគីក្រុមហ៊ុន ហើយទទួលបានលទ្ធផលជាផ្លែផ្កាស្របតាមបំណងប្រាថ្នារបស់បងប្អូនប្រជាពលរដ្ឋយើង»។
ប្រភពដដែលបញ្ជាក់ថា លទ្ធផលជាទីគាប់ចិត្តនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីស្មារតីយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាលំបាក និងតម្កល់ឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋ និងប្រទេសជាតិលើសអ្វីៗទាំងអស់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាស្តីពីដំណោះស្រាយលើបញ្ហាតម្លៃសេវាការប្រើប្រាស់ផ្លូវចូល-ចេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ និងថ្លៃចំណត បានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគដែលបានបណ្តាក់ទុនវិនិយោគជាប្រភេទ BOT នៅព្រលានសៀមរាបថ្មី បានឯកភាពមិនយកថ្លៃសម្រាប់ការចូលចតក្រោមរយៈពេល ១៥នាទី លើរថយន្តធុនតូចមិនលើស៧កៅអី និងរយៈពេល ៣០នាទី សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត។
ក្រុមហ៊ុនក៏បានយល់ព្រមបញ្ចុះតម្លៃបន្ថែមទៀត ក្នុងការប្រើប្រាស់ផ្លូវសម្រាប់គ្រប់ប្រភេទយានយន្ត រយៈពេលពីរឆ្នាំ (ឆ្នាំ២០២៤ និងឆ្នាំ២០២៥) ហើយចំពោះតម្លៃថ្មីនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៥ មករា ២០២៤ តទៅ៕