យោងអនុក្រឹត្យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះកាលបរិច្ឆេទ នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅនេះ បានសម្រេចបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ ដល់ខែមីនា ឆ្នាំ ២០២៤ និងបានកែសម្រួលកម្រិតអត្ថប្រយោជន៍ក្នុងការផ្តល់ថវិកាដល់ជនរងគ្រោះទាំងនោះផងដែរ។
ចំពោះប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះមាន ៥ គោលដៅ ក្នុងនោះរួមមាន ១ គ្រួសារមានបណ្ណសមធម៌ ២ កុមារអាយុពី ០-៥ ឆ្នាំក្នុងម្នាក់ៗ ៣ ជនមានពិការភាពក្នុងម្នាក់ៗ ៤ មនុស្សចាស់អាយុចាប់ពី ៦០ ឆ្នាំឡើងក្នុងម្នាក់ៗ ៥ គ្រួសារក្រីក្រដែលមានសមាជិកផ្ទុកមេរោគអេដស៍។
តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ពលរដ្ឋក្រីក្រតាមប្រភេទគោលដៅទាំង ៥ នេះ នឹងទទួលប្រាក់ចាប់ពី ១៦ ០០០រៀល ដល់ ១២ ម៉ឺនរៀល។
ជុំវិញការបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ មូលនិធិជាតិជំនួយសង្គម បានផ្តល់ជូនព័ត៌មានបន្ថែមតាមរយៈសំណួរ-ចម្លើយ ដូចតទៅ៖
១. តើមូលហេតុចម្បងអ្វីខ្លះដែលរាជរដ្ឋាភិបាលកម្ពុជា នៅបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩?
ក្នុងគោលបំណងផ្តល់ការគាំពារ និងជួយរក្សាលំនឹងជីវភាពរស់នៅរបស់ក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩, រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ពិសេសនេះ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។ ជាវឌ្ឍនភាព គិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣, កម្មវិធីនេះ បានដំណើរការអស់រយៈពេល ៤២ ខែ រួចមកហើយ ដោយក្នុងខែចុងក្រោយនេះ បានផ្តល់សាច់ប្រាក់ឧបត្ថម្ភប្រចាំខែដល់គ្រួសារក្រីក្រ និងងាយរងគ្រោះជាង ៧០ ម៉ឺនគ្រួសារ ឬស្មើនឹង ២,៨ លាននាក់ និងបានចំណាយថវិកាជាតិសរុប(ទាំង ៤២ខែ) ចំនួន ៥ ០៩៩ ៨០៤ ២២៥ ០០០ រៀល ឬស្មើនឹងប្រមាណ ១ ២៧៤,៩៥ លានដុល្លារអាមេរិក។
ដោយហេតុថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ នេះ គឺជាកម្មវិធីជំនួយសង្គមពិសេស ដែលមានលក្ខណៈបណ្តោះអាសន្នសម្រាប់ពេលមួយគ្រានៃវិបត្តិជំងឺកូវីដ១៩ ប៉ុណ្ណោះ និងផ្អែកលើភាពប្រសើរឡើងនូវស្ថានភាពនៃជំងឺកូវីដ១៩, រាជរដ្ឋាភិបាល សម្រេចអនុវត្ត “យុទ្ធសាស្ត្រចាកចេញ” រយៈពេល៣ខែ គិតចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤ និងឆ្ពោះទៅការដាក់ឱ្យអនុវត្ត "កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ" ចាប់ពីខែមេសា ឆ្នាំ២០២៤ ដែលជាកម្មវិធីជំនួយសង្គមលក្ខណៈអចិន្ត្រៃយ៍ និងប្រក្រតី ដើម្បីជាទម្រសម្រាប់បន្តជួយទ្រទ្រង់ជីវភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២៣កន្លងទៅ។
២. តើការបន្តកម្មវិធីជំនួយនេះ នឹងសម្រួលអ្វីខ្លះដល់ពលរដ្ឋងាយរងគ្រោះ ហើយរដ្ឋាភិបាលរំពឹងទុកបែបណាខ្លះ?
ការអនុវត្តយុទ្ធសាស្ត្រចាកចេញរយៈពេល៣ខែនេះ នឹងបន្តជួយទប់លំនឹងជីវភាពដល់គ្រួសារក្រីក្រ និងងាយរងគ្រោះដែលកំពុងទទួលផលបច្ចុប្បន្នពីការបាត់បង់ជំនួយទាំងស្រុង និងជាគំហុកដែលធ្លាប់តែទទួលបាន ដែលអាចប៉ះពាល់ស្ថានភាពជីវភាពរបស់ពួកគេ ខណៈដែលរាជរដ្ឋាភិបាលនឹងមានកម្មវិធីមកជំនួសសម្រាប់បន្តជួយគាំទ្រដល់គ្រួសារគោលដៅ តាមរយៈការដាក់ឱ្យអនុវត្តក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលជាគោលនយោបាយអាទិភាព១ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ និងជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
៣. នៅក្នុងអនុក្រឹត្យនេះឃើញមានការសម្រួលកម្រិតអត្ថប្រយោជន៍ តើជាការកែសម្រួលពីច្រើនមកតិច ឬពីតិចមកច្រើន ? តើមូលហេតុអ្វីខ្លះ?
តាមរយៈអនុក្រឹត្យនេះ រាជរដ្ឋាភិបាលបានកែសម្រួលកម្រិតអត្ថប្រយោជន៍តិចជាងមុន ដែលនេះជា “យុទ្ធសាស្ត្រចាកចេញ” ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយកាត់បន្ថយទំហំប្រាក់ឧបត្ថម្ភ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤ និងត្រូវបិទបញ្ចប់ពីខែមេសា ឆ្នាំ២០២៤។ ដោយហេតុថាស្ថានភាពនៃជំងឺកូវីដ១៩ មានភាពល្អប្រសើរ និងការឆ្ពោះទៅការដាក់ឱ្យដំណើរការ "កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ" ចាប់ពីខែមេសា ឆ្នាំ២០២៤ ដែលជាកម្មវិធីជំនួយសង្គមប្រក្រតី ផ្តល់ការគាំពាររយៈពេលវែង ក្នុងស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់”។ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នឹងផ្តល់នូវកញ្ចប់ជំនួយសង្គមចាំបាច់សម្រាប់គាំពារគ្រួសារដែលមានបណ្ណសមធម៌ តាមរយៈការឧបត្ថម្ភគោលដល់គ្រួសារ និងក្រុមជនងាយរងគ្រោះ ដូចជាស្ត្រីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ កូនៗជាសិស្ស ជនមានពិការភាព ជនចាស់ជរា និងអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍៕