ភ្នំពេញៈសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤នេះ សិស្សានុសិស្ស ដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិ(បាក់ឌុប)បាននិទ្ទេស A, B និង C អាចខ្ចីប្រាក់កម្ចីដោយគ្មានការប្រាក់ពីរដ្ឋដើម្បីចំណាយលើការរៀនបន្តបានដោយគ្រាន់តែពេលរៀនចប់និស្សិតទាំងនោះត្រូវបង់ថ្លៃសិក្សា ២០ ភាគរយ នៃប្រាក់ខែ ដែលមានលើសពី ៥០០ ដុល្លារ នៅពេលបានការងារធ្វើសងទៅខាងរដ្ឋវិញ។
គម្រោងនេះមានឈ្មោះថាកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”(ក.អ.ជ.ឌ.)ដែលសរសេរជាភាសាអង់គ្លេស“Digital Skill Development Program” (DSDP) ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី២ ខែតុលា ឆ្នាំមុន ដោយលោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
លោក លីវ សុផាណាវិទ្ធ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា កម្ចីគ្មានការប្រាក់សម្រាប់និស្សិត ឬហៅថា “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” (ក.អ.ជ.ឌ.) គឺជាកម្មវិធីផ្តល់ថវិកាសិក្សា ដោយមិនគិតការប្រាក់ (Financial Aid without Interest) ដល់សិស្សនិស្សិត ដែលត្រូវបានផ្តួចផ្តើមគំនិតបង្កើតឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
លោក ណាវិទ្ធ បានថ្លែងថា៖ «និស្សិតដែលបញ្ចប់ការសិក្សាជាមួយគម្រោងមិនគិតការប្រាក់នេះ គឺគាត់មិនចាំបាច់បង់ថ្លៃសិក្សាទេ ប៉ុន្តែសិស្សនិស្សិតមានកាតព្វកិច្ចទូទាត់ថវិកាចំនួន២០ភាគរយនៃបៀវត្សរ៍ប្រចាំខែជូន ក.អ.ជ.ឌ. នៅពេលដែលនិស្សិតបញ្ចប់ការសិក្សា ហើយចេញបម្រើការងារនិងទទួលបានបៀវត្សរ៍ចាប់ពី ៥០០ ដុល្លារអាមេរិក ឡើងទៅ រហូតទាល់តែចំនួនថវិកាសងត្រឡប់មកវិញសមាមាត្រនឹងថវិកាសិក្សាដែលបានផ្តល់ជូនដើម្បីទ្រទ្រង់និរន្តរភាពនៃកម្មវិធីសម្រាប់អ្នកជំនាន់ក្រោយនិងដើម្បីពង្រឹងការទទួលខុសត្រូវលើការសិក្សារបស់និស្សិត»។
លោកបានបន្តទៀតថា ក្នុងករណីនិស្សិតទទួលបានបៀវត្សរ៍ប្រចាំខែក្រោម ៥០០ ដុល្លារអាមេរិក ក.អ.ជ.ឌ. អនុញ្ញាតពន្យារពេលជូននិស្សិតលើការទូទាត់ថវិកាសិក្សាសងត្រឡប់មកកម្មវិធីវិញក្នុងរយៈពេលជាអតិបរមាចំនួន៣ឆ្នាំ បន្ទាប់ពីបញ្ចប់ការសិក្សា។ ប៉ុន្តែចាប់ពីខែទី៣៧ ក្រោយពីនិស្សិតបញ្ចប់ការសិក្សាទៅ ពួកគេមានកាតព្វកិច្ចទូទាត់ថវិកាបន្តបន្ទាប់ជារៀងរាល់ខែចំនួន ១០០ ដុល្លារអាមេរិក (២០ ភាគរយនៃ ៥០០ ដុល្លារអាមេរិក) ជូន ក.អ.ជ.ឌ. ដោយស្វ័យប្រវត្តិនិងជាកំហិត។
អ្នកគ្រូ សាយ សុភា អនុប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាអប់រំនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាបានឱ្យដឹងថា៖«កម្ចីគ្មានការប្រាក់បច្ចុប្បន្នមាន២ គឺជាមួយនឹងធនាគារ Phillips និងជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។សម្រាប់លក្ខខណ្ឌទាល់តែគាត់ជាសិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិឆ្នាំនេះ ហើយទាល់តែគាត់មាននិទ្ទេស A,B,C បានមានលីងក៍ (link) មួយដើម្បីស្នើសុំកម្ចីសិក្សារបស់ក្រសួងដែលគាត់ឆ្លើយតបផ្ទាល់។និយាយរួមទៅនៅខាងក្រសួងពេលដែលគាត់រៀនចប់មានការងារធ្វើបានប្រាក់ខែ ៥០០ ដុល្លារ ឡើង គាត់ត្រូវបង់ ២០ ភាគរយ នៃប្រាក់ខែគាត់ចូលទៅក្រសួង ហើយអត់មានការប្រាក់ទេ»។
អ្នកគ្រូបានឱ្យដឹងថា មាន៦សាលាដែលទើបតែដាក់កម្ចីគ្មានការប្រាក់នៅក្រសួងនៅក្នុងឆ្នាំសិក្សា ២០២៣-២០២៤ រួមមានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT),វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(Techno),សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP), សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP), សាកលវិទ្យាល័យផារ៉ាហ្គន (Paragon) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)។
សម្រាប់លក្ខខណ្ឌរបស់និស្សិតនៅក្នុងការដាក់កម្ចីគ្មានការប្រាក់នេះដែរអ្នកគ្រូ សាយ សុភា បានបន្ថែមថា៖ «ទាល់តែគាត់ប្រឡងជាប់ចូលរៀននៅសាលាទាំង ៦ ហ្នឹង ហើយ ជានិស្សិតនៃសាលា៦ហ្នឹង ទើបបានគាត់ដាក់កម្ចីទៅតាម link របស់ក្រសួង។ សម្រាប់លក្ខខណ្ឌនេះដែរគឺនិស្សិតអាចដាក់បានទាំងអស់ឱ្យតែមានគ្រប់លក្ខខណ្ឌដែលកំណត់ដោយមិនប្រកាន់ថាជានិស្សិតក្រីក្រទេ»។
ជាការពិតណាស់នៅក្នុងការខ្ចីកម្ចីមានការប្រាក់ សម្រាប់ឥណទាននិស្សិតសម្រាប់បង់ថ្លៃការសិក្សានៅតាមធនាគារផ្សេងៗនៅកម្ពុជាវិញ តែងតែមានលក្ខខណ្ឌ ដែលតម្រូវឱ្យនិស្សិតស្នើកម្ចីនោះ ហើយភាគច្រើនតែងតែតម្រូវឱ្យនិស្សិតមានមុខរបរពិតប្រាកដទើបអាចខ្ចីបាន បើពុំនោះទេឪពុកម្តាយទើបអាចមានសិទ្ធិខ្ចីកម្ចីប្រាក់ពីធនាគារបាន ដែលជួនកាលត្រូវបញ្ជាក់ពីលក្ខខណ្ឌការងារឬដាក់បញ្ចាំទ្រព្យផ្សេងៗ។ នៅក្នុងការខ្ចីម្តងៗ គឺត្រូវប្រើបានសម្រាប់តែការសិក្សានៅថ្នាក់មហាវិទ្យាល័យប៉ុណ្ណោះ ហើយគឺមានលក្ខខណ្ឌច្រើនមែនទែន។
អ្នកប្រតិបត្តិនៃធនាគារ ១ រូបនៅកម្ពុជា បានឱ្យដឹងថានៅក្នុងការខ្ចីម្តងៗមានលក្ខខណ្ឌការប្រាក់ពី ៨ ភាគរយ ទៅ ៩ ភាគរយឯណោះ សម្រាប់មាតាបិតាខ្ចីឱ្យសិស្សយកទៅបន្តការសិក្សាហើយអាចខ្ចីរហូតដល់ ១០០ ០០០ ដុល្លារ ប៉ុន្តែតម្រូវឱ្យមានលិខិតប្រតិបត្តិការពីសាកលវិទ្យាល័យ សម្រាប់ធ្វើកម្ចីបាន។
ជាក់ស្តែងប្រសិនបើនិស្សិតម្នាក់ខ្ចីប្រាក់ពីធនាគារសម្រាប់ទៅបង់ថ្លៃសិក្សា នៅសាកលវិទ្យាល័យភ្នំពេញក្នុង ១ ឆ្នាំ ចំនួន ៤០០ ដុល្លារ អ៊ីចឹងសម្រាប់ការខ្ចី ៤ ឆ្នាំ គឺ ១៦០០ ដុល្លារ ក្នុង ១ ចប់ការសិក្សា តែកម្ចីសរុបបើតាមធនាគារធំៗដែលផ្តល់ឱ្យគឺបានរហូតដល់ ១០០ ០០០ ដុល្លារ ឯណោះ។ ទាក់ទងនឹងឯកសារ គឺយើងសិក្សាដូចកម្ចីអ៊ីចឹង គឺតម្រូវឱ្យឪពុកឬម្តាយដាក់ទ្រព្យបញ្ចាំជំនួសបាន ដោយខាងធនាគារអាចសិក្សាចំណូលឪពុកម្តាយដើម្បីយកលុយឱ្យគាត់។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយភ្នំពេញប៉ុស្ដិ៍ អ្នកប្រតិបត្តិនៃធនាគារបានឱ្យដឹងថា សម្រាប់ឯកសារវិញគឺលក្ខខណ្ឌទី១ ប្រសិនបើនិស្សិតនៅសិក្សាអ៊ីចឹងយើងសិក្សាផ្តោតទៅលើចំណូលអាជីវកម្មរបស់ឪពុកម្តាយ ទាល់តែមានទ្រព្យធានារបស់ឪពុកម្តាយគ្រាន់តែថាវាធូរការប្រាក់អ៊ីចឹង។ ការប្រាក់ ប្រសិនបើខ្ចីប្រាក់ក្រោម ១ ម៉ឺនដុល្លារ គឺការប្រាក់តែ ៨ ភាគរយទេ តែប្រសិនបើលើសពី ១ ម៉ឺនទៅគឺកម្ចីការប្រាក់ ៩ ភាគរយ អ៊ីចឹងយើងអាចធូរការប្រាក់។ប្រសិនបើឪពុកម្តាយគាត់ខ្ចីកម្ចីធម្មតាមានការប្រាក់ថ្លៃជាងគឺ ១១ កន្លះ ទៅ ១២ ជាងភាគរយ។
អ្នកប្រតិបត្តិធនាគារបានថ្លែងថា៖«កម្ចីការប្រាក់របស់និស្សិតគឺនិស្សិតគាត់អាចខ្ចីការប្រាក់បាន ប្រសិនបើនិស្សិតហ្នឹងគាត់នៅកំពុងសិក្សា ឪពុកម្តាយគាត់អាចធានាកម្ចីឱ្យកូនសិក្សាបាន អ៊ីចឹងអាហ្នឹងវាកម្ចីទៅលើការប្រាក់រយៈពេល ៤ ឆ្នាំ ហ្នឹងតែម្តង ព្រោះនិស្សិតគាត់មិនទាន់មានការងារធ្វើ គឺយើងមានអត្រាការប្រាក់ខុសអំពីប្រាក់កម្ចី (loan) ហើយរយៈពេលវែង (long term) គឺខាងធនាគារឱ្យបានត្រឹមពេលរយៈពេល ៤ ឆ្នាំ ឬ បូក ១ ឆ្នាំ នៃរយៈពេលការសិក្សា មិនឱ្យលើសពីឆ្នាំនៃការសិក្សាទេ»។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកប្រតិបត្តិបានឱ្យដឹងថា បើទោះជានៅក្នុងឆ្នាំសិក្សាទី១ និស្សិតមានការងារក្រៅម៉ោងដែលមានប្រាក់ខែខ្ទង់ពី ១៥០ ដុល្លារ អីក៏ដោយ ក៏ខាងធនាគារគាត់មិនអាចសិក្សាបានដែរ ដូចនេះទាល់តែខាងនិស្សិតមានការងារអចិន្ត្រៃយ៍ទើបខាងធនាគារអាចសិក្សាបាន គឺមិនមែនការងារpart time ទេ។
លោកបានបន្តថា៖«ប្រសិនបើនិស្សិតធ្វើការបោះបង់ចោលការសិក្សាឬក៏គាត់ឈប់រៀន គឺឪពុកម្តាយអាចបញ្ចប់ Loan ដែលកំពុងជំពាក់។ តែប្រសិនបើគាត់ធ្វើការសិក្សា យើងត្រូវមានរបាយការណ៍ពីខាងសាលាមកថាត្រូវបង់ ១ ឆ្នាំ ប៉ុន្មាន យើងសិក្សាក្នុងរយៈពេលប៉ុន្មានឆ្នាំ មានរបាយការណ៍ពីសាលាមកទើបយើងសិក្សាពីអត្រាការប្រាក់ហ្នឹង ព្រោះនៅពេលដែលគាត់ធ្វើការសិក្សាគឺនិស្សិតគាត់អត់មានការងារធ្វើទេ»។
លោកបានបន្តថា៖«អ៊ីចឹងកាតព្វកិច្ចគឺជាឪពុកម្តាយយើងត្រូវប្រាប់មក ដើម្បីឱ្យធនាគារគាត់សិក្សាទាក់ទងនឹងមុខរបរ និងអាជីវកម្មរបស់ឪពុកម្តាយ។ អាចឱ្យពេញ ១ ឆ្នាំ ឬក៏បើក ១ លើក អ៊ីចឹងបើបង់ក្នុង ១ ឆ្នាំ គឺត្រូវធ្វើលិខិតពីខាងសាលាមកដល់ឆ្នាំត្រូវបង់ប៉ុនណា ខាងធនាគារគឺមានលក្ខខណ្ឌ ១ ឆ្នាំម្តង ឬបង់ផ្តាច់តែម្តង»៕ កុសល សិរីកន្យា