ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវសាលាបឋមសិក្សាគំរូ ដោយការដាក់ឱ្យប្រើប្រាស់ឯកសារ ស្តីពីការអភិវឌ្ឍកុមារផ្សារភ្ជាប់នឹងការអប់រំបឋមសិក្សា និងសៀវភៅពន្លឿនការសិក្សាភាសាខ្មែរ ថ្នាក់ឆ្នាំទី១ ដើម្បីលើកកម្ពស់ការសិក្សាឱ្យមានគុណភាព ចំណេះដឹង និងជំនាញ ជាពិសេសឆ្លើយតបទៅនឹងការ អនុវត្តយុទ្ធសាស្ត្រ កំណែទម្រង់វិស័យអប់រំ ឆ្នាំ២០២៤-២០២៨ របស់រដ្ឋាភិបាល។
លោក ហង់ជួន ណារ៉ុន បានថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តស្តង់ដាសាលាបឋមសិក្សាគំរូ កាលពីថ្ងៃទី១២ ខែមករា នាវិទ្យាស្ថានជាតិអប់រំថា ការប្រកាសដាក់ឱ្យអនុវត្តស្តង់ដានេះ គឺជាការតម្រង់ ទិសមួយក្នុងការអនុវត្តយុទ្ធសាស្ត្រ កំណែទម្រង់ វិស័យអប់រំ ឆ្នាំ២០២៤-២០២៨ ស្របតាមចក្ខុវិស័យអភិវឌ្ឍជាតិ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុក វិស័យអប់រំជាវិស័យអាទិភាពទី១ ក្នុងការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព។
លោកបានបញ្ជាក់ថា៖«សាលាបឋមសិក្សាគំរូត្រូវធានាបាននូវគណនេយ្យភាពរបស់សាលារៀន ចំពោះសហគមន៍ និងអាជ្ញាធរអប់រំគ្រប់លំដាប់ថ្នាក់ គ្រូបង្រៀនត្រូវគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ដូចជាការបង្រៀនគ្រប់ម៉ោងតាមកម្មវិធីសិក្សាកំណត់»។
លក្ខណសម្បត្តិនៃសាលាបឋមសិក្សាគំរូរួមមានដូចជា សាលារៀនមានគណនេយ្យភាព ជាមួយសហ គមន៍ និងសម្រេចបានស្តង់ដា សាលារៀនគំរូ, សាលារៀនមានស្វ័យភាព ក្នុងការងារផែនការកែ លម្អសាលារៀន គណៈគ្រប់គ្រង និងគ្រូបង្រៀន, សិស្សត្រូវបានធ្វើតេស្តស្តង់ដាប្រកបដោយតម្លាភាព និងយុត្តិធម៌, គ្រូបង្រៀន ប្រើប្រាស់លទ្ធផលតេស្ត ដើម្បីកែលម្អការបង្រៀន,ការបង្កើតសកម្ ភាពក្រៅម៉ោងសិក្សា ដើម្បីការអប់រំចរិយាធម៌ និងសីលធម៌, ការយកចិត្តទុកដាក់ដល់សុខភាពសិក្សា និងការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការគាំទ្រនិងអភិវឌ្ឍសាលារៀន។
លោក ហេង វណ្ណដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សា បានប្រាប់ឱ្យដឹងថា សាលារៀននៅកម្ពុជាចាប់ពីបឋមសិក្សា រហូតដល់វិទ្យាល័យ មិនទាន់មានស្តង់ដាច្បាស់លាស់នៅឡើយទេ ដោយមានតែកិច្ចដំណើរការដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដូចនៅបរទេសដែរ។ ដោយឡែកការដាក់សាលាបឋមសិក្សាគំរូ មិនងាយអាចនឹងជោគជ័យនោះទេ បើមិនមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
លោក ហេង វណ្ណដា បានថ្លែងថា៖«មិនមែនយើងនៅក្នុងវិស័យអប់រំ ហើយធ្វើឱ្យមានការអប់រំស្តង់ដាទេ តែយើងត្រូវពិនិត្យមើល ទៅលើប្រព័ន្ធគ្រប់គ្រងថែមទៀត ក្នុងនោះយើងត្រូវស្វែងរកអ្នកដែលមានជំនាញ និងបទពិសោធន៍ យកមកអនុវត្ត និងទទួលបន្ទុកខុសត្រូវលើការងារហ្នឹង នៅក្នុងក្រសួងអប់រំ។ ជាមួយគ្នានោះ ក្រសួងក៏ត្រូវរើសអ្នកនៅខេត្ត ជាពិសេសមន្ទីរខ្លួនឯង ក៏ត្រូវតែខ្លាំងដែរ»។
លោកបានបន្តថា ដើម្បីអនុវត្តឱ្យទទួលបានជោគជ័យចំពោះសាលាបឋមសិក្សាគំរូ គឺត្រូវមានការលះបង់ច្រើនពីគ្រប់ភាគីពាក់ព័ន្ធ និងមានការចូលរួមឱ្យបានសស្រាក់សស្រាំជាទីបំផុត។ ជាមួយគ្នានោះ ក្រសួងក៏ត្រូវសាកល្បងជាមុនសិនលើគម្រោងនេះ ដោយត្រូវកែលម្អបន្ទប់រៀន និងកម្មវិធីសិក្សាឱ្យមានភាពច្បាស់លាស់ និងស្តង់ដា។ ម្យ៉ាងទៀត គ្រូបង្រៀនត្រូវតែបង្រៀនឱ្យ ទៅតាមកម្មវិធីសិក្សា និងគ្រប់ម៉ោង។
សូមបញ្ជាក់ដែរថា នៅក្នុងកិច្ចប្រជុំដំបូងរបស់គណៈរដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចដាក់ចេញវិធានការគន្លឹះចំនួន ៤ រួមមាន៖ (១) ការពង្រឹងអភិបាលកិច្ចសាលារៀន, (២) ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា, និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌ និង ឥរិយាបថ របស់សិស្ស។ (៣).ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហា រូបត្ថម្ភ ដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន, និង(៤). ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។
ជាមួយគ្នានោះក្រសួងអប់រំ យុវជន និងកីឡា ក៏បានដាក់ចេញនូវវិធានគន្លឹះចំនួន៤ ផងដែរ ដែលត្រូវបានបញ្ជ្រាបក្នុងការអនុវត្ត «ស្តង់ដាសាលារៀនគំរូ» និង«ពានរង្វាន់សាលារៀនគំរូ» ដោយផ្តោត លើលទ្ធផលការបង្រៀននិងរៀន, ការចូលរួមរបស់សហគមន៍,ដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន និងគណនេយ្យភាពរបស់សាលារៀន៕