ភ្នំពេញៈ ក្រសួងសុខាភិបាល បានរៀបចំគ្រូបង្គោលថ្នាក់ជាតិដែលមកពីបណ្ដាមន្ទីរពេទ្យជាតិទាំងអស់ ដើម្បីចុះពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់នៅតាមមន្ទីរពេទ្យបង្អែកស្រុក ខេត្ត នៅទូទាំងប្រទេស ដើម្បីផ្ដល់សេវាផ្នែកសង្គ្រោះបន្ទាន់ប្រកបដោយគុណភាព ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
គម្រោងនៃការរៀបចំគ្រូបង្គោលថ្នាក់ជាតិសម្រាប់ចុះទៅបណ្ដុះបណ្ដាលផ្នែកសង្គ្រោះបន្ទាន់នេះ បានលើកឡើងយកមកពិភាក្សាក្នុងកិច្ចប្រជុំរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១២ ខែមករា ដែលដឹកនាំដោយលោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារគ្រូបង្គោលថ្នាក់ជាតិ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រក្នុងការចុះបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់នៅតាមមន្ទីរពេទ្យបង្អែកស្រុក ខេត្តនៅទូទាំងប្រទេស។
លោកបានលើកឡើងនាកិច្ចប្រជុំនោះថា ការរៀបចំសមាសភាពគ្រូបង្គោលថ្នាក់ជាតិនេះ ដើម្បីពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យបង្អែកស្រុក ខេត្ត នៅទូទាំងប្រទេសដើម្បីផ្ដល់សេវាផ្នែកសង្គ្រោះបន្ទាន់ប្រកបដោយគុណភាព សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ នេះបើយោងតាមខ្លឹមសារនៃកិច្ចប្រជុំដែលបានផ្សព្វផ្សាយដោយហ្វេសប៊ុកក្រសួងសុខាភិបាល នាថ្ងៃទី១៣ ខែមករា។
លោក ង៉ូវ កាង បានថ្លែងថា៖ «ក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យបង្អែកស្រុក ខេត្ត នៅទូទាំងប្រទេស ដែលទទួលបានការបណ្ដុះបណ្ដាលនេះក៏នឹងត្រូវក្លាយជាគ្រូបង្គោលដើម្បីជួយបណ្ដុះបណ្ដាលបន្តទៅដល់មណ្ឌលសុខភាពនានាទូទាំងប្រទេស ពីវិធាននៃការសង្គ្រោះបឋម និងសុវត្ថិភាពនៃការបញ្ជូនអ្នកជំងឺពីមណ្ឌលសុខភាពមកកាន់មន្ទីរពេទ្យបង្អែកស្រុក ឬខេត្តទៅតាមការចាំបាច់»។
ដើម្បីឱ្យការបណ្ដុះបណ្ដាលនេះទទួលបាននូវលទ្ធផលល្អនោះ មុននឹងឈានចុះទៅធ្វើការបណ្ដុះបណ្ដាល លោកបានរៀបចំកម្មវិធីសិក្សាមួយដែលមានរយៈពេលខ្លី ក្រោមការដឹកនាំដោយក្រុមការងារគ្រូបង្គោលថ្នាក់ជាតិដែលមានសមាសភាពមកពីបណ្ដាមន្ទីរពេទ្យជាតិទាំងអស់នៅក្នុងប្រទេសកម្ពុជា ជាសាស្ត្រាចារ្យ និងវេជ្ជបណ្ឌិត ដែលមានបទពិសោធន៍យូរឆ្នាំនៅផ្នែកសង្គ្រោះបន្ទាន់ និងប្រពោធនកម្ម។
លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៤ ខែមករាថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ មានការកែប្រែ និងពង្រឹងសេវាវិស័យសុខាភិបាលច្រើន ក្នុងនោះមានទាំងការចុះពង្រឹងសេវានៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យ ក៏ដូចជាពង្រឹងសមត្ថភាពរបស់ក្រុមគ្រូពេទ្យផងដែរ។
លោកបានបន្តថា ចំពោះការពង្រឹងសមត្ថភាពគ្រូពេទ្យ ផ្នែកសេវាសង្គ្រោះបន្ទាន់នៅតាមមន្ទីរពេទ្យបង្អែកស្រុក វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីបង្ខិតសេវាសុខាភិបាលដោយគ្របដណ្ដប់ការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋទាន់ពេលវេលា ជាពិសេសគឺបានរួមចំណែកកាត់បន្ថយអត្រាមរណៈរបស់អ្នកជំងឺផងដែរ។
លោកបញ្ជាក់ថា៖ «កាលណាគ្រូពេទ្យមានសមត្ថភាព ក្នុងការផ្ដល់សេវាជួយសង្គ្រោះបន្ទាន់បានទាន់ពេលវេលា ខ្ញុំគិតថា សេវាសុខាភិបាលរបស់យើងកាន់តែល្អប្រសើរ និងកាន់តែមានប្រសិទ្ធភាព ដើម្បីបម្រើជូនប្រជាពលរដ្ឋ»៕