ភ្នំពេញៈ កម្ពុជា បានបង្ហាញពីក្តីសង្ឃឹម និងការរំពឹងទុកថា ឆ្នាំ២០២៤ ដែលជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន នឹងក្លាយជាចលករក្នុងការជំរុញលំហូរភ្ញៀវទេសចរ និងវិនិយោគិនចិន ឱ្យកាន់តែមានកំណើនថែមទៀត ខណៈឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរចិនប្រមាណ ៥៤ម៉ឺននាក់។
លោក ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងក្នុងពិធីបើកជាផ្លូវការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នាទឹកដីអង្គរ ខេត្តសៀមរាបថា ចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា នឹងត្រឡប់ទៅរកស្ថានភាពប្រក្រតីដូចពីមុនពេលមានកូវីដ១៩។
លោកបានមានប្រសាសន៍ថា ៖«ដោយវិស័យទេសចរណ៍ ដើរតួនាទីកាន់តែសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ខ្ញុំសង្ឃឹមថា វិស័យនេះ នឹងនៅតែជាវិស័យចន្ទល់សេដ្ឋកិច្ចមួយយ៉ាងសំខាន់ក្នុងការបង្កើនឱកាសការងារ មុខរបរប្រាក់ចំណូល និងរួមចំណែកក្នុងការសម្រេចគោលដៅយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាពិសេសរួមចំណែកដល់ការសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»។
ក្នុងឱកាសនោះដែរ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ក៏បានលើកឡើងដែរថា ការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន នឹងក្លាយជាចលករយ៉ាងសំខាន់ក្នុងការជំរុញ បង្កើនភ្ញៀវទេសចរចិនមកទស្សនានៅកម្ពុជា បង្កើនទំនាក់ទំនងក្នុងវិស័យទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំង២ និងជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាពិសេសការផ្លាស់ប្តូរក្នុងចំណោមយុវជន និងថ្នាក់ដឹកនាំជំនាន់ក្រោយដើម្បីរួមចំណែកដល់ការសម្រេចបំណងប្រាថ្នា ក្នុងការកសាងសហគមន៍ជោគវាសនារួមរវាងកម្ពុជា-ចិន។
លោកបានថ្លែងថា៖«ដើម្បីអាចទាក់ទាញភ្ញៀវទេសចរមកចូលរួម ក្នុងរាល់សកម្មភាព ដែលរៀបចំក្រោមយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» កាន់តែច្រើន ក្រសួងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងស្ថាប័នពាក់ព័ន្ធ នឹងរៀបចំឱ្យមានព្រឹត្តិការណ៍ និងកម្មវិធីដ៏សម្បូរបែប ប្លែក ទាក់ទាញ និងរស់រវើក»។
លោកថា ព្រឹត្តិការណ៍ទាំងនោះ រួមមានដូចជា៖ ព្រឹត្តិការណ៍កីឡា និងវប្បធម៌ផ្សារភ្ជាប់ទេសចរណ៍ កម្មវិធីពិព័រណ៍ និងកម្មវិធីជាច្រើនទៀត ជាមួយភាគីចិន ស្របជាមួយការដាក់ចេញយុទ្ធនាការទស្សនាសៀមរាបឆ្នាំ២០២៤ ដើម្បីរៀបចំជាប្រតិទិនព្រឹត្តិការណ៍សម្រាប់ផ្សព្វផ្សាយជូនភ្ញៀវទេសចរ ពិសេសភ្ញៀវទេសចរចិន។
ទន្ទឹមនឹងនេះដែរ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថា ដើម្បីបន្តទាក់ទាញភ្ញៀវទេសចរចិនឱ្យបន្តមកទស្សនាកម្ពុជា កាន់តែច្រើនក្នុងឆ្នាំ២០២៤ និងក្នុងឆ្នាំបន្តបន្ទាប់ទៀត កម្ពុជាកំពុងយកចិត្តទុកដាក់ក្នុងការជំរុញ និងការវិនិយោគ លើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយការច្នៃប្រឌិត និងនវានុវត្តន៍ ដើម្បីជំរុញឱ្យមានការរៀបចំពិព័រណ៍ និងសន្និសីទអន្តរជាតិដ៏ធំទំនើប ក៏ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្ម រមណីយដ្ឋានកែច្នៃលំដាប់ថ្នាក់អន្តរជាតិ រមណីយដ្ឋានបែបអេកូទេសចរណ៍ ទេសចរណ៍កីឡា ទេសចរណ៍តំបន់ឆ្នេរ និងទេសចរណ៍វ័យចំណាស់ជាដើម។
នៅថ្ងៃទី១៤ ខែមករា លោក Li Qiang នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានផ្ញើសារអបអរសាទរនៅក្នុងឱកាស ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ចិន-កម្ពុជា នេះផងដែរ ដោយលោកលើកឡើងថា ការកសាងសហគមន៍វាសនារួមរវាងចិន និងកម្ពុជា បានឈានចូលដល់យុគសម័យថ្មីដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។
លោកថា ការជឿទុកចិត្តគ្នាទៅវិញទៅមកលើកិច្ចការនយោបាយកាន់តែស៊ីជម្រៅ កិច្ចសហប្រតិបត្តិការជាក់ស្ដែង ត្រូវបានជំរុញយ៉ាងឆាប់រហ័ស ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនក៏ត្រូវបានអនុវត្តប្រកបដោយភាពរីកចម្រើន ដែលទាំងនេះបាននាំមកនូវផលប្រយោជន៍ជាក់ស្ដែងជូនដល់ប្រជាជននៃប្រទេសទាំង២។
លោក Qiang បានបញ្ជាក់ទៀតថា៖«ភាគីចិនសង្ឃឹមថា ប្រទេសទាំង២ នឹងចាប់យកឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនចិន-កម្ពុជា ២០២៤ ជាឱកាសដើម្បីរួមគ្នាអនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកលលោក ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ឱ្យកាន់តែស៊ីជម្រៅ ជួយជំរុញភ្ញៀវទេសចរនៃប្រទេសទាំង២ ធ្វើដំណើរកម្សាន្តទៅវិញទៅមក បង្កើនទំនាក់ទំនងយុវជន និងការរួមគ្នាបង្កើតគំរូសម្រាប់ការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិផងដែរ»។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក៏បានបង្ហាញពីការរំពឹងទុកដែរថា ចិន និងកម្ពុជា សុទ្ធតែជាប្រទេសដែលមានអរិយធម៌ដ៏ចំណាស់ និងមានវប្បធម៌ដ៏ត្រចះត្រចង់ ហើយចំណងមិត្តភាពរវាងប្រជាជនទាំង ២ប្រទេសមានអាយុកាលយូរអង្វែងដូចគ្នា ខណៈដែលចិនក៏ជាទីផ្សារទេសចរណ៍ដ៏ធំរបស់ពិភពលោក រួមទាំងកម្ពុជាផងដែរ។
លោកស្រីនិយាយថា៖«លក្ខណពិសេសទាំងនេះ គួបផ្សំនឹងការរៀបចំយុទ្ធនាការ ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ ខ្ញុំសង្ឃឹមថា កំណើនទេសចរចិនក្នុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ នឹងមានការកើនឡើងច្រើន ស្របពេលដែលយើងក៏កំពុងរៀបចំផលិតផលទេសចរណ៍ថ្មីៗផងដែរ»៕