ភ្នំពេញៈ លោក Jeffrey Sachs ប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍដោយចីរភាពនៃសាកលវិទ្យាល័យកូឡុំប៊ី និងជាប្រធានផ្នែកដោះស្រាយការអភិវឌ្ឍដោយចីរភាពរបស់អង្គការសហប្រជាជាតិ បានលើកឡើងថា ប្រទេសមហាអំណាច និងប្រទេសមានសេដ្ឋកិច្ចជឿនលឿន មានតួនាទសំខាន់ណាស់ក្នុងការធានាសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់សកលលោកទាំងមូល ដោយមិនត្រូវគាំទ្រ និងចំណាយច្រើនក្នុងបុព្វហេតុសង្គ្រាម និងជម្លោះយោធាទេ។
លោកបានលើកឡើងបែបនេះនៅក្នុងសិក្ខាសាលាស្តីពី«ភាពធន់នឹងអាកាសធាតុ និងអន្តរកាលថាមពល៖ បច្ច័យសម្រាប់កម្ពុជា» ដែលរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងស្ថាប័នផ្តល់ដំណោះស្រាយ ការអភិវឌ្ឍដោយចីរភាពរបស់អង្គការសហប្រជាជាតិនៅវិមានមិត្ដភាព ទីស្ដីការគណៈរដ្ឋមន្ដ្រីនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ នេះបើតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។
លោក Jeffrey Sachs បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រែប្រួលអាកាសធាតុ ទាំងក្នុងកម្រិតជាតិ តំបន់ និងសកល។
ចំណែកលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងនាឱកាសនោះដែរថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាអន្ដរវិស័យ (cross cutting issues) ដែលបានបង្កើតជាបច្ច័យអវិជ្ជមានដល់សេដ្ឋកិច្ច សង្គម និងធនធានធម្មជាតិយ៉ាង
ច្រើន។
លោកបានថ្លែងថា ៖ «ខ្ញុំសង្កេតឃើញថា ប្រទេសអភិវឌ្ឍន៍មួយចំនួន បានចាប់ផ្ដើមងាកទៅរកការវិភាជធនធានបន្ថែមដល់ឥន្ធនៈហ្វូស៊ីល ជាជាងទៅប្រភពថាមពលកកើតឡើងវិញ ដែលការណ៍នេះនឹងបន្ទច់បង្អាក់ដល់វឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ
សកល»។
លោក វង្សី វិស្សុត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តប្រកបដោយឆន្ទៈនយោបាយខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុដោយការដាក់ឱ្យអនុវត្ដយុទ្ធសាស្ត្រអព្យាក្រឹតភាពកាបូន, យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាព និងគំនិតផ្តួចផ្តើមផ្នែកអាកាសធាតុរបស់អាស៊ាន, អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាដើម ដើម្បីសម្រេចជាប្រទេសផលិតថាមពលស្អាត និងឆ្ពោះទៅរកការសម្រេចបានអត្រាកាបូនសូន្យនៅក្នុងឆ្នាំ២០៥០ (Net Zero 2050)។
ទោះបីជាយ៉ាងនេះក្ដី លោកថា ប្រទេសកម្ពុជានៅមានបញ្ហាប្រឈមហិរញ្ញវត្ថុ និងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស ក្នុងការចូលរួមប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុសកល ដែលទាមទារឱ្យប្រទេសអភិវឌ្ឍន៍បំពេញកាតព្វកិច្ច និងការសន្យាក្នុងការផ្ដល់ការគាំទ្រហិរញ្ញវត្ថុ និងជំនួយបច្ចេកទេស។
លោក ជុំ ហួត ប្រធានសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គមបានប្រាប់នៅថ្ងៃទី១៤ ខែមករា ថា នៅពេលដែលមានការផ្តល់ហិរញ្ញប្បទាន ឬធនធានអ្វីមួយពីបណ្តាប្រទេសអភិវឌ្ឍន៍ និងមានសេដ្ឋកិច្ចជឿនលឿន ដើម្បីគាំទ្រទំនិញសាធារណៈសកល ដូចជា ការប្រែប្រួលអាកាសធាតុ, ការកាត់បន្ថយភាពក្រីក្រ និងសុខសន្តិភាពជាដើមនេះ ពិតជារឿងល្អ និងចាំបាច់ សម្រាប់រួមការពារបរិស្ថាន ធនធានធម្មជាតិ និងព្រៃឈើ។
លោក ជុំ ហួត បានថ្លែងថា៖«នេះគឺជាសារនយោបាយមួយដែលផ្តល់ការលើកទឹកចិត្ត ក៏ដូចជា ផ្តល់ការជួយទៅដល់ប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ឱ្យមានស្មារតីខ្ពស់ ចូលរួមចំណែកជាមួយអង្គការសហប្រជាជាតិ ក៏ដូចជាប្រទេសមហាអំណាចដែលកំពុងតែមានការអភិវឌ្ឍ ក៏ដូចជាផ្តល់ទំនុកចិត្តខ្ពស់ទៅដល់ប្រទេសក្រីក្រផងដែរ»៕