ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានប្តេជ្ញាធ្វើការរួមគ្នា ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្ស បណ្តុះធុរកិច្ចថ្មី ក៏ដូចជាអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ខណៈភាគីទាំង២ត្រៀមបើកសម្ពោធគម្រោងចំនួន២ នៅពេលឆាប់ៗមុខ។
ការបញ្ជាក់ជំហរនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី Choi Moon Jung នាយិកាប្រចាំប្រទេសនៃការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។
តាមរយៈជំនួបនេះថ្នាក់ដឹកនាំនៃទីភ្នាក់ងារ KOICA និងក្រសួងអប់រំក៏បានប្តេជ្ញាធ្វើការរួមគ្នា ដើម្បីធានាការអនុវត្តគម្រោងទាំងនេះប្រកបដោយជោគជ័យ ជំរុញកំណើន និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។ ជាមួយគ្នានេះ KOICA បានសាទរ និងការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការបន្តភាពជាដៃគូជិតស្និទ្ធរបស់ខ្លួនជាមួយក្រសួងអប់រំ ដើម្បីគាំទ្រដល់អាទិភាពរបស់រដ្ឋាភិបាលកម្ពុជាក្នុងការខិតខំអភិវឌ្ឍធនធានមនុស្សឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ។
តាមរយៈជំនួបនេះ ភាគីទាំង២ បានពិភាក្សាផ្ដោតសំខាន់លើការរៀបចំពិធីសម្ពោធនាពេលខាងមុខ សម្រាប់គំនិតផ្តួចផ្តើមសំខាន់ៗចំនួន២ គឺមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC)ក្រោមគម្រោងសម្រាប់ការបង្កើតប្រព័ន្ធ Incubation រវាងសាលារៀន និងឧស្សាហកម្ម និង 48 ICT Labs ក្រោមគម្រោងការកសាងសមត្ថភាពផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT)នៅកម្រិតមធ្យមសិក្សាទុតិយភូមិនៅកម្ពុជា។ នេះបើតាមហ្វេសប៊ុករបស់ KOICA។
ក្រសួងអប់រំក៏បានបញ្ជាក់តាមរយៈហ្វេសប៊ុករបស់ខ្លួនដែរថា៖«ពិធីសម្ពោធនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងគាំទ្រជាច្រើនបន្តបន្ទាប់ទៀតក្នុងភាពជាម្ចាស់របស់រាជរដ្ឋាភិបាលកម្ពុជា»។
ប្រភពដដែលបានឱ្យដឹងថា ក្នុងជំនួបនោះលោកស្រី Choi Moon Jung បានបង្ហាញពីឆន្ទៈក្នុងការបន្តពង្រឹងពង្រីកកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ខណៈបច្ចុប្បន្នគម្រោងចំនួន៤កំពុងដំណើរការ។
គម្រោងទាំងនោះរួមមាន១-ប្រព័ន្ធ Incubation រវាងសាលារៀន និងឧស្សាហកម្មនៅកម្ពុជា ឆ្នាំ២០១៩-២០២៤ ២-គម្រោងការផ្តល់អាហារដល់សាលាដាំដុះនៅផ្ទះ (HGSF) ២០២០-២០២៦ ៣-គម្រោងកសាងសមត្ថភាព (ICT) នៃការអប់រំមធ្យមសិក្សាទុតិយភូមិនៅកម្ពុជា២០២១-២០២៦ និង៤-គម្រោងបង្កើតវិស្វកម្មបរិស្ថាននៅសាកលវិទ្យាល័យភូមិភ្នំពេញ (RUPP) ដើម្បីជំរុញធនធានមនុស្សក្នុងកម្រិតឧត្តមសិក្សានៅកម្ពុជា២០២១-២០២៦។
លោកស្រីបានបញ្ជាក់ថា៖«ការផ្លាស់ប្តូរគំនិត និងការយល់ដឹងនេះនឹងមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងការរៀបចំកិច្ចសហប្រតិបត្តិការនាពេលអនាគតរបស់យើង និងតម្រឹមកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីបំពេញតម្រូវការរបស់កម្ពុជា»៕