ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសឱ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រ ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានប្រុងប្រយ័ត្ន និងថែរក្សាសុខភាព ខណៈធាតុអាកាសចុះត្រជាក់ដល់១៦ អង្សាសេ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។
ក្រសួងបានប្រកាសនៅថ្ងៃទី១៤ ខែមករាថា ដោយសារទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនបានបង្កើនឥទ្ធិពលគ្របដណ្តប់មកលើភាគឦសាន និងភាគខាងកើតប្រទេសកម្ពុជា ក្នុងនោះមាន ខេត្តមណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ ដែលធាតុអាកាសចុះត្រជាក់នៅពេលព្រឹក សីតុណ្ហភាពអប្បបរមាពី១៦-១៨ អង្សាសេ។
សេចក្តីប្រកាសបានបញ្ជាក់ថា៖«ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសាន សូមប្រុងប្រយ័ត្នថែរក្សាសុខភាពចំពោះធាតុអាកាសត្រជាក់ដោយស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ដើម្បីបង្ការពីជំងឺតម្កាត់នានាដែលអាចកើតមានឡើងជាយថាហេតុ»។
ដោយឡែកតំបន់វាលទំនាបសីតុណ្ហភាពអប្បបរមាមានពី២១-២៣អង្សាសេនិងសីតុណ្ហភាពអតិបរមាពី ៣៣-៣៥អង្សាសេរីឯតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមាមានពី ២៣-២៥ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣២-៣៤ អង្សាសេ។
លោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារបានប្រាប់នៅថ្ងៃទី១៤ ខែមករាថា ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ខ្លាំងអាជ្ញាធរខេត្តបានណែនាំដល់ប្រជាពលរដ្ឋសូមប្រុងប្រយ័ត្នការពារសុខភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារឱ្យបានល្អ ដើម្បីចៀសផុតពីជំងឺតម្កាត់ផ្សេងៗ។
លោកថ្លែងថា៖«យើងបានណែនាំឱ្យគាត់ត្រូវស្លៀកពាក់អាវក្រាស់ៗដើម្បីការពារកុំឱ្យធាតុត្រជាក់ប៉ះខ្លួនប្រាណដោយចំហធ្វើយ៉ាងណាឱ្យមានការរក្សាកម្ដៅក្នុងខ្លួនជាធម្មតា។ប្រសិនបើបងប្អូនមានរោគសញ្ញាពិបាកដកដង្ហើម គ្រុនក្តៅ ក្អក ឈឺក និងឈឺសាច់ដុំ ឬមានបញ្ហាសុខភាពផ្សេងទៀតត្រូវស្វែងរកការព្យាបាលនៅតាមមណ្ឌលសុខភាពដែលនៅជិតបំផុត»។
លោកបានឱ្យដឹងដែរថា រដ្ឋបាលខេត្ត តែងតែផ្សព្វផ្សាយតាមរយៈអាជ្ញាធរពាក់ព័ន្ធនៅតាមមូលដ្ឋានចុះអប់រំបន្តទៅកាន់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនហើយរដ្ឋបាលខេត្តក៏បានបង្កើតទីបញ្ជាការមួយដោយដាក់លេខទូរស័ព្ទដើម្បីរង់ចាំទទួលប្រជាពលរដ្ឋ ដែលទាក់ទងមកត្រូវការជំនួយបន្ទាន់។
ចំណែកលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីក៏បានឱ្យដឹងដែរថា ខេត្តបានត្រៀមវិធានជាហូរហែរួចមកហើយ ដែលវិធានការការពារទាំងនោះនៅតាមមូលដ្ឋានដែលមានអាជ្ញាធរគ្រប់លំដាប់ថ្នាក់តែងតែចុះទៅណែនាំទៅដល់ប្រជាពលរដ្ឋនៅពេលដែលមានការប្រែប្រួលអាកាសធាតុដើម្បីឱ្យពួកគាត់ត្រៀមការពារនិងប្រុងប្រយ័ត្នចំពោះសុខភាពជាដើម។
លោកបានបញ្ជាក់ថា៖«យើងអនុវត្តវិធានការដូចកាលពីមុនដែរដោយឱ្យអាជ្ញាធរមូលដ្ឋានរបស់យើងមើលការខុសត្រូវដោយពិនិត្យមើលពីការខ្វះខាត និងភាពលំបាកខ្លាំងរបស់ពលរដ្ឋយើងដើម្បីផ្ដល់សម្ភារការពារខ្លួនក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់»។
ក្រៅពីនេះលោក ញ៉ែម សំអឿន ក៏បានណែនាំឱ្យប្រជាពលរដ្ឋជាជនចាស់ជរានិងក្រុមគ្រួសារដែលមានមនុស្សចាស់ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពរបស់ពួកគាត់និងមិនត្រូវឱ្យមនុស្សចាស់ជរាចេញក្រៅផ្ទះឡើយ បើសិនគ្មានការចាំបាច់៕