សៀមរាបៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសារអបអរសាទរ «ប្រាសាទអង្គរវត្ត» ដែលជាប់ជាទីតាំងដ៏ល្អបំផុតចំណាត់ថ្នាក់លេខ ១ សម្រាប់មើលថ្ងៃរះ នៅអាស៊ីអាគ្នេយ៍ និងពិភពលោក។ នេះបើយោងតាមបណ្តាញតេឡេក្រាមរបស់លោកហ៊ុន ម៉ាណែត នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤។
យោងតាមគេហទំព័រ Mornings.co.uk ដែលប្រមូលទិន្នន័យ និងស្វែងរកពាក្យគន្លឹះ «ថ្ងៃរះ» នៅក្នុងប្រទេសប្រមាណ ៧២ នៅជុំវិញពិភពលោកក្នុងនោះប្រាសាទអង្គរវត្តរបស់កម្ពុជាជាប់ជាទីតាំងដែលទទួលបានការលើកឡើងច្រើនជាងគេ និងត្រូវបានចាត់ទុកថា «ជាកន្លែងដែលល្អបំផុតសម្រាប់ការមើលថ្ងៃរះ» គឺមានអ្នកលើកឡើងចំនួន ១០ ៤០៤ នាក់។ ដោយពុំមានចំណាត់ថ្នាក់លេខ ២ និងលេខ ៣ Mornings.co.uk ចាត់ចំណាត់ថ្នាក់លេខ ៤ ទៅប្រាសាទព្រះពុទ្ធសាសនា Borobudur នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានអ្នកលើកឡើង ១៦០០ នាក់ ទទួលបានចំណាត់ថ្នាក់លេខ ៤ ខណៈតំបន់កោះ Ko Lipe ក្នុងប្រទេសថៃ មានអ្នកលើកឡើង ១៩០ នាក់ ទទួលបានចំណាត់ថ្នាក់លេខ ២៦ និង ឧទ្យាន Merlion នៅសិង្ហបុរីមានចំណាត់ថ្នាក់ទាបជាងគេគឺមានអ្នកលើកឡើង ៣០ នាក់ ទទួលបានចំណាត់ថ្នាក់លេខ ៥៦។
ជាមួយគ្នានេះលោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ក៏បានបង្ហាញនូវមោទនភាពចំពោះប្រាសាទអង្គរវត្តរបស់ កម្ពុជា បានជាប់ជាទីតាំងល្អបំផុត នៅអាស៊ីអាគ្នេយ៍ និងនៅលើ ពិភពលោកសម្រាប់មើលថ្ងៃរះនេះផងដែរ។ លោកសុភ័ក បានថ្លែងនៅថ្ងៃទី ១៤ ខែមករាថា នេះជាមោទនភាពសម្រាប់កម្ពុជា ដែលជាចំណុចទាក់ទាញ និងជាអត្តសញ្ញាណរបស់កម្ពុជា ដោយទេសចរអន្តរជាតិភាគច្រើនបំផុត មកកម្ពុជា ក្នុងគោលដៅទស្សនារមណីយដ្ឋានប្រាសាទអង្គរដ៏ល្អវិចិត្រនេះ។
យោងតាមគេហទំព័រ Mornings.co.uk បានបញ្ជាក់ថា៖ «ប្រាសាទអង្គរវត្តជាអច្ឆរិយវត្ថុមួយក្នុងចំណោមអច្ឆរិយទាំង ៧ របស់ពិភពលោកបុរាណ និង ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ទីនេះសម្បូរទៅដោយវប្បធម៌ និងប្រវត្តិសាស្ត្រ និងជាកន្លែងទាក់ទាញដែលអ្នកទេសចរត្រូវតែទៅទស្សនាយ៉ាងហោចណាស់បានម្តងក្នុងជីវិត និងមិនគួររំលងឡើយ»។
លោក តុប សុភ័ក បានថ្លែងប្រាប់ឱ្យដឹងថា នេះមិនមែនជាលើកទី ១ នោះទេដែលអង្គរវត្ត របស់កម្ពុជា ទទួលបានចំណាត់ថ្នាក់នាំមុខគេ ក្នុងនាមជាទីតាំងដែលមើលថ្ងៃរះស្អាតជាងគេនេះ ប៉ុន្តែបានជាប់ច្រើនដងដែរហើយ។
លោកបញ្ជាក់ថា៖ «ហើយថ្មីៗនេះ នៅលើគេហទំព័រ Trip Advisor ដែលជា គេហទំព័រទេសចរណ៍ធំជាងគេលើពិភពលោក ក៏បានផ្តល់ចំណាត់ថ្នាក់លេខ ៩ ទៅដល់រាជធានីភ្នំពេញដែលជាគោលដៅទេសចរណ៍ដែលពេញនិយម ទាំង ១០ នៅលើពិភពលោកក្នុងឆ្នាំ ២០២៤ ផងដែរ។ ទាំងនេះហើយជាចំណុចពិសេស ដែលអាចទាក់ទាញភ្ញៀវទេសចរបរទេសមកកម្ពុជាបន្ថែមទៀត»។
កន្លងទៅភ្ញៀវទេសចរ ដែលបានធ្វើដំណើរទស្សនាជុំវិញពិភពលោក តាមរយៈគេហទំព័រទេសចរណ៍ផ្សេងៗទៀតតែងតែបានបោះឆ្នោតឱ្យតំបន់ទេសចរណ៍របស់កម្ពុជាផ្សេងៗទៀត ជាប់ចំណាត់ថ្នាក់ល្អនាពេលកន្លងមកដូចជាទាក់ទងនឹងចំណាត់ថ្នាក់ជាប្រទេស ដែលប្រជាជនមានស្នាមញញឹមរួសរាយរាក់ទាក់ជាងគេលើពិភពលោក ជាដើម ដោយធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ ១,លេខ ២ ជាច្រើនដងដែរ។
លោក សុភ័ក បន្តថា៖ «កិច្ចការទាំងអស់នេះជាការចូល រួមចំណែកនៅក្នុងការបង្ហាញពីសក្តានុពលទេសចរណ៍របស់កម្ពុជាយើងជាពិសេសតំបន់រមណីយដ្ឋានប្រាសាទអង្គរក្នុងខេត្តសៀមរាបតែម្តង។ ការដែលសៀមរាបមានកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញបែបនេះ មិនត្រឹមតែទាក់ទាញទេសចរមកសៀមរាបតែមួយទេ តែភ្ញៀវក៏នឹងដើរកម្សាន្តកន្លែងដទៃទៀតក្នុងប្រទេសកម្ពុជាផងដែរ។ ដូច្នេះសូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា»។
ជាមួយគ្នានេះដែរលោក ហូ វណ្ណឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាក៏បានបង្ហាញពីការសាទរចំពោះលទ្ធផលនេះដែរ ដោយលោកយល់ឃើញថា នេះជាចំណុចមួយបន្ថែមទៀត ក្នុងការទាក់ទាញទេសចរបរទេសឱ្យមកទស្សនាកម្ពុជា ជាពិសេសតំបន់រមណីយដ្ឋានអង្គរ។
លោកបានប្រាប់ឱ្យដឹងថា៖ «ជាទូទៅភ្ញៀវទេសចរ អន្តរជាតិមុននឹងគេដើរកម្សាន្តទៅបរទេស ជាពិសេសនៅរដូវកាលនេះ ដែលជារដូវកាលមានអ្នកទេសចរច្រើនផងនោះគេតែងតែស្រាវជ្រាវរកមើលប្រទេសណា ឬកន្លែងកម្សាន្តណាដែលមានភាពទាក់ទាញជាពិសេសគោលដៅទេសចរណ៍ដែលល្បីល្បាញ គេចង់ទស្សនាណាស់។ ដូច្នេះការដែលតំបន់ទេសចរណ៍របស់យើង ដូចជាប្រាសាទអង្គរវត្តជាដើម បានជាប់ចំណាត់ថ្នាក់ក្នុងការបោះឆ្នោតពីអ្នកទេសចរមានន័យថា ជាការផ្តល់ព័ត៌មានវិជ្ជមានដល់ទេសចរបរទេសផ្សេងទៀត ពីភាពទាក់ទាញនៃតំបន់ទេសចរណ៍របស់កម្ពុជា»។
លោកក៏សំណូមពរផងដែរឱ្យមានការរួមគ្នាចូលរួមពីគ្រប់មជ្ឈដ្ឋានក្នុងការផ្សព្វផ្សាយពីរូបភាពល្អនៃតំបន់ទេសចរណ៍ពីចំណុចវិជ្ជមានរបស់ប្រទេសជាតិឱ្យបានច្រើនទើបជាវិធីសាស្ត្រដ៏ល្អក្នុងការរួមចំណែកធ្វើឱ្យវិស័យទេសចររស់ឡើងវិញ។
សូមរំឭកថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) ថ្ងៃរះនៅចំកំពូលកណ្តាលប្រាសាទអង្គរវត្ត តែងកើតឡើងចំនួន ២ ដង ក្នុង ១ ឆ្នាំ ដោយ លើកទី ១ នៅក្នុងខែមីនា និងលើកទី ២ ក្នុងខែកញ្ញា ដោយមានការចូលរួមទស្សនានិងផ្តិតយករូបភាពយ៉ាងច្រើនកុះករក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ៕