ភ្នំពេញៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោកប៉ែន បូណា បានលើកឡើងថា ការគាំទ្រលោកហ៊ុន ម៉ាណែត កំពុងមានសម្ទុះពីពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ជាពិសេសអ្នករស់នៅឯនាយសមុទ្រដែលតែងតែចេញសារគាំទ្រ និងទទួលស្វាគមន៍វត្តមានលោកនាយករដ្ឋមន្ត្រីយ៉ាងគគ្រឹកគគ្រេង។
លោកបានលើកឡើងដូចនេះនៅថ្ងៃទី ១៤ ខែមករា ក្រោយបានទៅដល់អាកាសយានដ្ឋានអន្តរជាតិ Orly នាទីក្រុងប៉ារីសក្នុងដំណើរទស្សនកិច្ច បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងកាលពីល្ងាចថ្ងៃទី ១៣ ខែមករា ដោយមានវត្តមានប្រជាពលរដ្ឋ និងនិស្សិតខ្មែរជាច្រើនរូបដែលរស់នៅទ្វីបអឺរ៉ុបបានរង់ចាំស្វាគមន៍យ៉ាងកក់ក្តៅ។
លោកប៉ែន បូណា បានថ្លែងថា មិនថាក្នុងជំនាន់ដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីហ៊ុន សែន និងនាយករដ្ឋមន្ត្រីបច្ចុប្បន្នទេគឺតែងទទួលបានសារគាំទ្រ និងការទទួលស្វាគមន៍ពីប្រជាពលរដ្ឋ និស្សិតនៅក្រៅប្រទេស ជាច្រើនកុះករ ពេលប្រមុខរដ្ឋាភិបាលទាំង ២ ជំនាន់ទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេសម្តងៗ។
លោកបានបន្តថា៖«គ្រាន់តែទទួលដំណឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការអញ្ជើញពីលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង និស្សិត និងពលរដ្ឋខ្មែរជាច្រើនដែលរស់នៅអឺរ៉ុបបានចេញឃ្លីបវីដេអូអបអរសាទរជាបន្តបន្ទាប់ដោយទឹកចិត្តរំភើបយ៉ាងក្រៃលែង»។
បើតាមលោក ប៉ែន បូណា សម្ទុះការគាំទ្រនេះបានកើនឡើងជាលំដាប់ពី ១ ឆ្នាំទៅ ១ ឆ្នាំ ទាំងក្នុង និងក្រៅប្រទេសដែលការបោះឆ្នោតអាណត្តិទី ៧ កន្លងទៅ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្ររហូត ៨២ ភាគរយក្នុងចំណោមអ្នកបោះឆ្នោត ៨៣ ភាគរយនៃផ្ទៃប្រទេស ហើយអ្នកគាំទ្រនៅក្រៅប្រទេសទៀតសោតក៏បានងាកមកគាំទ្ររាជរដ្ឋាភិបាលផងដែរ ដោយសារការដឹកនាំរបស់លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ជាសក្ខីកម្ម បង្ហាញពីសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រ។
លោកប៉ែន បូណា បានបញ្ជាក់ថា៖ «សំឡេងគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសដែលបន្តកើនឡើងជាលំដាប់ឥតឈប់ឈរគឺជាឧត្តមភាពដ៏ក្លៀវក្លារបស់រាជរដ្ឋាភិបាល។ ឧត្តមភាពនេះកំពុងលើកស្ទួយមោទនភាពជាតិខ្មែរក៏ដូចជាកិត្យានុភាពរបស់កម្ពុជាឱ្យកាន់តែខ្ពស់ត្រដែតឡើងទាំងនៅក្នុងផ្ទៃប្រទេស និងលើឆាកអន្តរជាតិ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងតាមតេឡេក្រាមរបស់លោកនៅព្រឹកថ្ងៃទី ១៤ ខែមករា ដោយលោកបានថ្លែងអំណរគុណចំពោះវត្តមានទទួលស្វាគមន៍លោកនៅព្រលានយន្តហោះពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងនិស្សិតដែលរស់នៅទ្វីបអឺរ៉ុបក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅបារាំង និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វ៊ីស។
លោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងដែរថា តាមការកត់សម្គាល់ឃើញថា ទោះបីមិនទាន់មានការសិក្សាបែបវិទ្យាសាស្ត្រឬការ
ស្ទង់មតិក្តី ប៉ុន្តែលទ្ធផលការបោះឆ្នោតឆ្នាំ ២០២៣ កន្លងមកដែលគណបក្សប្រជាជនឈ្នះឆ្នោតជាមួយលទ្ធផលខ្ពស់ ជាសូចនាករវាស់វែងពីប្រជាប្រិយភាពរបស់លោកហ៊ុន ម៉ាណែត និងលោកហ៊ុន សែន ផងដែរ។
លោកបានបន្តថា តាមរយៈការសង្កេត ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសក៏តែងចេញសារនិងចេញស្វាគមន៍ រាល់វត្តមានដំណើរទស្សនកិច្ចទៅក្រៅប្រទេសរបស់មេដឹកនាំកម្ពុជាផងដែរ។
លោកគិន ភា បានបន្តថា៖ «កម្រិតប្រជាប្រិយភាពរបស់សម្តេចធិបតី ហាក់មានខ្ពស់ បើធៀបនឹងនិន្នាការមិនសប្បាយ ឬប្រឆាំងវត្តមានរបស់សម្តេចធិបតីនៅក្រៅប្រទេស មិនថានៅសហរដ្ឋអាមេរិកក្តី នៅជប៉ុនឬនៅអឺរ៉ុបក្តី។ អ្នកគាំទ្រហ្នឹងមានទំហំធំជាងអ្នកបាតុកម្មប្រឆាំងដែលបញ្ជាក់ថា សម្តេចមានការគាំទ្រនៅក្រៅប្រទេសក្នុងទំហំមួយខ្ពស់»។
សម្រាប់ដំណើរទស្សនកិច្ចរបស់លោកហ៊ុន ម៉ាណែត ទៅកាន់បារាំង និងស្វ៊ីសលើកនេះវិញ លោកគិន ភា បានថ្លែងថា នឹងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបារាំងនិងស្វ៊ីស និយាយដោយឡែក និងជាច្រកទ្វារពង្រឹងទំនាក់ទំនងជាមួយសហភាពអឺរ៉ុបនិយាយជារួម ព្រោះបារាំងជាឆ្អឹងខ្នងសំខាន់របស់សហភាពអឺរ៉ុប ខណៈស្វ៊ីសជាច្រកទ្វារសហប្រតិបត្តិការអន្តរជាតិ។
លោកថា កម្ពុជាគួរតែបន្តយន្តការការទូតផ្កាចម្រុះពណ៌នៅក្នុងដំណើរទស្សនកិច្ចនៅបារាំង និងការចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ជាទីជួបជុំជាមួយបណ្តាមេដឹកនាំពិភពលោក។ ជាមួយគ្នានេះកម្ពុជាត្រូវតែបង្កើនការចូលរួមក្នុងកិច្ចការតំបន់ និងអន្តរជាតិ ជាពិសេសជំហរនយោបាយការបរទេសដែលឯករាជ្យផ្អែកលើទិដ្ឋភាពច្បាប់ គោលការណ៍មិនចូលបក្សសម្ព័ន្ធ ព្រមទាំងការទូតសាធារណៈផ្សេងៗទៀតក៏ដូចជុំវិញការងារមនុស្សធម៌ ការងារបោសសម្អាតមីន គំនិតផ្តួចផ្តើមវិបត្តិអាកាសធាតុ និងការបញ្ជ្រាបការទូតសេដ្ឋកិច្ចដើម្បីទាក់ទាញការវិនិយោគ និងពាណិជ្ជកម្ម។
សូមជម្រាបដែរថា លោកហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅបារាំងតបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែមករា ដែលលោកនឹងជួបប្រធានាធិបតីបារាំងលោកម៉ាក្រុង នៅវិមានអេលីហ្សេ ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភាបារាំង អគ្គលេខាធិការអង្គការអន្តរជាត្រិហ្វង់កូហ្វូនី និងជួបជាមួយវិស័យឯកជនរបស់បារាំងផងដែរ៕