ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់អតីតអភិបាលក្រុងកែបលោកខេង យ័ន ពីបទរំលោភអំណាច និងសម្អាតប្រាក់ ដែលការសម្រេចនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីសម្រេចដកតំណែងរូបលោកពីអភិបាលក្រុង ក្រោយពីអង្គភាពប្រឆាំងអំពើរលួយ (ACU) រកឃើញភាពមិនប្រក្រតីរបស់មន្ត្រីរូបនេះ។
លោកប្លង់ សុផល អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងកាលពីយប់ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ តាមរយៈតេឡេក្រាមថា៖ «តំណាងអយ្យការបានបើកការស៊ើបសួរលើឈ្មោះខេង យ័ន ភេទប្រុស រួចហើយពីបទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម»។
សូមរំឭកថា នារសៀលថ្ងៃទី ១៣ ខែមករា អង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនលោកខេង យ័ន បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីឱ្យតុលាការធ្វើនីតិវិធីតាមផ្លូវច្បាប់ បន្ទាប់ពីអង្គភាពនេះបានរកឃើញភាពមិនប្រក្រតីដែលលោកខេង យ័នបានប្រើប្រាស់អំណាចនៃតួនាទីខ្លួនលើសលប់ប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងប្រជាពលរដ្ឋ។
កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានសម្រេចដកលោក ខេង យ័ន ពីតំណែងជាអភិបាលក្រុងកែប ដែលលោកហ៊ុន ម៉ាណែតថា ជាការអនុវត្តអភិក្រមទី ៥ គឺ «ការវះកាត់» នៅក្នុងទិសដៅពង្រឹងអភិបាលកិច្ច និងប្រឆាំងអំពើពុករលួយ។
លោកសយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងនៅថ្ងៃទី ១៤ ខែមករាថា មកទល់ពេលនេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនលោកខេង យ័ន ជាបណ្តោះអាសន្ន ពាក់ព័ន្ធសំណុំរឿងដែលខាង ACU បញ្ជូនទៅ បន្ទាប់ពី ACU បានឃាត់ខ្លួនអតីតអភិបាលក្រុងរូបនេះកាលពីថ្ងៃទី ១១ ខែមករា ហើយបានរៀបចំសំណុំរឿងគាត់ ដោយប្រើពេលជិត ៤៨ ម៉ោង ទើបបានបញ្ជូនខ្លួនគាត់ទៅតុលាការភ្នំពេញនៅល្ងាចថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤។
លោកឱ្យដឹងថា៖«មកដល់ពេលនេះ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនគាត់ ជាបណ្តោះអាសន្នហើយ នៅកន្លែងឃុំខ្លួន ពាក់ព័ន្ធនឹងករណីដែលអង្គភាពបានបញ្ជូនសំណុំរឿងរបស់គាត់នេះ»។
លោកសយ ច័ន្ទវិចិត្រ បញ្ជាក់ថា៖ «អង្គភាពបានចំណាយពេលស្រាវជ្រាវពាក់ព័ន្ធនឹងគាត់ហ្នឹងយូរខែដែរ ទម្រាំរហូតឈានសម្រេចកោះហៅគាត់មកសាកសួរ និងឈានរហូតដល់ការឃុំខ្លួន និងបញ្ជូនសំណុំរឿងទៅតុលាការនេះ ប៉ុន្តែខ្ញុំសុំមិនជម្រាបលម្អិតថា រយៈពេលប៉ុន្មាននោះទេ គ្រាន់តែថា យើងប្រើពេលច្រើនក្នុងការកសាងសំណុំរឿងពាក់ព័ន្ធនឹងគាត់»។
លោកលើកឡើងទៀតថា ACU តែងបំពេញតួនាទីរបស់ខ្លួនប្រកបដោយភាពទទួលខុសត្រូវបំផុតចំពោះការងារដែលរដ្ឋាភិបាលប្រគល់ជូន ពាក់ព័ន្ធបញ្ហាអំពើពុករលួយ។ នៅ
ពេលអង្គភាពរកឃើញមានភ័ស្តុតាងគ្រប់គ្រាន់អង្គភាពនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្នុងនាមជាសេនាធិការរបស់រដ្ឋាភិបាលដើម្បី ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការលើកកម្ពស់អភិបាលកិច្ចល្អ។
ជាមួយគ្នានេះដែរ លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានប្រាប់ឱ្យដឹងដែរថា ករណីរបស់លោកខេង យ័ន នេះជាឧទាហរណ៍មួយបង្ហាញថា វិធានការច្បាប់អនុវត្តន៍សម្រាប់ជនគ្រប់រូបទាំងអស់ មិនថាពលរដ្ឋសាមញ្ញ មិនថាមន្ត្រី ឱ្យតែប្រព្រឹត្តល្មើសច្បាប់ ដែលគេអាចរកឃើញ គឺត្រូវប្រឈមមុខនឹងផ្លូវច្បាប់ដូចៗគ្នា។
ចំណែកលោកយង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាលើកឡើងថា ករណីលោកខេន យ័ន ពាក់ព័ន្ធនឹងបញ្ហាអំពើពុករលួយ និងការសម្អាតប្រាក់នេះ មិនត្រឹមតែប៉ះពាល់ដល់ប្រព័ន្ធរដ្ឋាភិបាលនោះទេ តែវាជះឥទ្ធិពលអវិជ្ជមានដល់ផលប្រយោជន៍ប្រទេសជាតិផងដែរ ខណៈបញ្ហាសម្អាតប្រាក់ឬលាងលុយកខ្វក់នេះជាចំណោទបញ្ហាធំដល់មុខមាត់ និងសេដ្ឋកិច្ចជាតិ។
លោកបានប្រាប់ថា៖ «មុខមាត់ប្រទេសកម្ពុជា ជារឿងសំខាន់ បើកាលណា យើងចង់ទាក់ទាញអ្នកវិនិយោគមកវិនិយោគ ឬធ្វើកិច្ចសហប្រតិបត្តិការ បើយើងជាប្រទេសលាងលុយ
បណ្តោយឱ្យមន្ត្រីខិលខូចលាងលុយ នោះអ្នកវិនិយោគ គេមិនហ៊ានមករកស៊ីនៅស្រុកយើងឡើយ ដោយសារគេខ្លាចទណ្ឌកម្មអន្តរជាតិជុំវិញការលាងលុយ»។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា (TIC) បានបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាលក្នុងការវះកាត់មន្ត្រីស្អុយ ដែលប្រព្រឹត្តអំពើពុករលួយ មិនបម្រើប្រយោជន៍ជូនរាស្ត្រ ដែលជាដំណើរវិវឌ្ឍន៍ជាវិជ្ជមានមួយដែលលោកចង់ឃើញការអនុវត្តជាប្រព័ន្ធ។
លោកបាននិយាយថា៖ «ដើម្បីកម្ចាត់មន្ត្រីពុករលួយឱ្យមានប្រសិទ្ធភាព រឿងចាំបាច់ជាងគេ គឺធានាដល់ ការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពចំពោះមន្ត្រីពាក់ព័ន្ធ ចំពោះភាពមិន
ប្រក្រតី ស៊ីសំណូកសូកប៉ាន់ ដែល ធ្វើឱ្យប៉ះពាល់សេវាសាធារណៈរបស់រដ្ឋផង ប៉ះពាល់ដល់ការវិនិយោគផងនិងធ្វើឱ្យពលរដ្ឋបាត់បង់ជំនឿលើរដ្ឋាភិបាលផង»។
លោកប៉ិច ពិសី បានលើកឡើងថា ភាពចាំបាច់បំផុត រដ្ឋាភិបាលអាណត្តិថ្មីត្រូវធានាឱ្យមានការអនុវត្តច្បាប់ដោយស្មើភាពគ្នា មិនថាសម្រាប់រាស្ត្រ មិនថាមន្ត្រី មិនថាអ្នកមានអំណាចម្នាក់ណាឡើយ៕