ភ្នំពេញៈ ក្រសួងព័ត៌មានចាត់ទុករបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch (HRW) អំពីសេរីភាពសារព័ត៌មាននៅកម្ពុជាថា មិនបានឆ្លុះបញ្ចាំងអំពីការពិតនៅកម្ពុជានិង «ជាការបរាជ័យ» ក្នុងការបង្ហាញអំពីស្ថានភាពពិតនៃសេរីភាពសារព័ត៌មាន សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពក្នុងការទទួលព័ត៌មាននៅកម្ពុជា។
ប្រតិកម្មរបស់ក្រសួងព័ត៌មានធ្វើឡើងក្រោយពីអង្គការHRWដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១១ ខែមករា បានចេញរបាយការណ៍ពិភពលោកប្រចាំឆ្នាំ ២០២៤ (World Report 2024) ដែលរបាយការណ៍នេះលើកឡើងថា រដ្ឋាភិបាលរបស់ប្រទេសកម្ពុជាគ្រប់គ្រងដោយមានប្រសិទ្ធភាពនូវទូរទស្សន៍ វិទ្យុ និងកាសែតជាភាសាខ្មែរនៅក្នុងប្រទេសទាំងអស់។ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនដែលនៅសេសសល់ត្រូវទទួលរងនូវការយាយី ការបំភិតបំភ័យ និងការគំរាមកំហែងនៃការបិទជាប្រចាំ។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា ការសន្និដ្ឋានរបស់របាយការណ៍អង្គការ HRW ដែលបានមើលត្រឹមតែ ១ ជ្រុងនៃស្ថានភាពពិតប្រាកដនៃការអភិវឌ្ឍរបស់វិស័យទាំងមូលនៅកម្ពុជា គឺជាសេចក្តីសន្និដ្ឋានខ្វះការថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងជ្រោយ។ លោកបានថ្លែងដោយចាត់ទុករបាយការណ៍នេះជារបាយការណ៍ខ្វះព័ត៌មាន មានភាពលម្អៀង មានចេតនាធ្វើឱ្យវិស័យនេះអាប់ឱន បង្ខូចកិច្ចខិតខំ សមិទ្ធផល និងបង្ខូចកេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ទេព អស្នារិទ្ធ បានថ្លែងថា៖ «នៅកម្ពុជាសេរីភាពសារព័ត៌មាន សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពក្នុងការទទួលព័ត៌មានត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន»។
លោកបន្តថា អ្នកសារព័ត៌មានបាននិងកំពុងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងពេញលេញ យ៉ាងសកម្មពីគ្រប់ទិសទីនៅទូទាំងប្រទេស ក្នុងការចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ ក៏ដូចជាធ្វើសេចក្ដីរាយការណ៍ព័ត៌មាននានាដោយសេរី គ្រប់ពេលវេលា ដោយសុវត្ថិភាព តាមវិជ្ជាជីវៈខ្លួនដោយតម្លាភាព ហើយទទួលបានការទុកចិត្ត និងការគាំទ្រពីសាធារណជនទូទៅគ្រប់មជ្ឈដ្ឋានទាំងអស់។
លោកថ្លែងថា ទិដ្ឋភាពទាំងអស់នេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីភាពរីកចម្រើននៃវិស័យព័ត៌មាន និងការអភិវឌ្ឍកាន់តែប្រសើរឡើងនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ប្រកបដោយលក្ខណៈចម្រុះនិងសម្បូរបែប ក្រោមការដឹកនាំ និងគ្រប់គ្រងរបស់រាជរដា្ឋភិបាលកម្ពុជាពី ១ អាណត្តិទៅ ១ អាណត្តិ។
លោក ទេព អស្នារិទ្ធ បន្តថា ក្នុងអាណត្តិទី៧ នេះ រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តក្នុងការគាំពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន ដោយលើកកម្ពស់ស្ថាប័នសារព័ត៌មានជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យឱ្យកាន់តែរីកចម្រើនឡើងទៀត។
លោកបានថ្លែងថា៖ «ខ្ញុំសូមអរគុណដល់បងប្អូនអ្នកសារព័ត៌មានដែលកន្លងមកបានអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន បានល្អ និងបានប្រកបការងារដោយមិនបំពានលើសតួនាទីខ្លួនជាអ្នកសារព័ត៌មាន មិនបំពានលើសិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ មិនបម្រើឱ្យរបៀបវារៈនយោបាយ ដោយគោរពផលប្រយោជន៍ជាតិកម្ពុជា និងបានគោរពកាតព្វកិច្ចរបស់ខ្លួនក្នុងដែនដែលច្បាប់បានកំណត់»។
លោកបន្តថា៖ «រីឯអ្នកសារព័ត៌មាន ឬអង្គភាពសារព័ត៌មាន ដែលបានបំពានក្រមសីលធម៌ បំពានលិខិតបទដ្ឋានគតិយុត្តិ ត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់ជាធរមាន ដោយអនុលោមតាមគោលការណ៍នីតិរដ្ឋ»៕