
ត្រីកាម៉ុង ដែលរដ្ឋបាលជលផលប្រកាសផ្អាកការនេសាទ។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជូនដំណឹងដល់ប្រជានេសាទនៅតំបន់ឆ្នេរសមុទ្រ ពីការបិទការធ្វើនេសាទត្រីកាម៉ុង សម្រាប់រដូវនេសាទឆ្នាំ ២០២៤ ចាប់ពីថ្ងៃទី ១៥ ខែមករា រហូតដល់ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២៤នេះ។
ការប្រកាសបិទការនេសាទ ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា គឺដោយសារតែ វាជារដូវបន្តពូជ និងពងកូនរបស់ត្រី កាម៉ុង "ប្លាធូ" ក្នុងដែននេសាទសមុទ្រកម្ពុជា។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផលបានបញ្ជាក់ថា៖«ដូច្នេះដើម្បីធានាបាននិរន្តរភាពផលស្តុកក្នុងធម្មជាតិ សូមប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រី កាម៉ុង"ប្លាធូ" ទាំងអស់ សូមផ្អាកសកម្មភាពការនេសាទត្រីកាម៉ុង "ប្លាធូ" តាមពេលវេលាដូចមានក្នុងសេចក្តីជូនដំណឹងនេះ»។
រដ្ឋបាលជលផលសង្ឃឹមថា ប្រជាពលរដ្ឋ ដែលប្រកបរបរនេសាទត្រី កាម៉ុង "ប្លាធូ" ទាំងអស់ និងចូលរួមអនុវត្តតាមការជូនដំណឹងនេះ ដើម្បីរួមចំណែកថែរក្សា និងការពារធនធានជលផលសមុទ្រឱ្យមាននិរន្តរភាព៕
