មណ្ឌលគិរីៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់សិទ្ធិឱ្យសម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស (FOCUS Consortium) សិក្សានិងវិនិយោគលើគម្រោងសាងសង់អាកាសយានដ្ឋានថ្មីក្នុងខេត្ដមណ្ឌលគិរីក្នុងទម្រង់សាងសង់ធ្វើអាជីវកម្មផ្ទេរ (BOT) និងការអភិវឌ្ឍធ្វើជាទីក្រុងរណបនៅក្នុងខេត្តនេះ។
យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយលោក ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សហការជាមួយសម្ព័ន្ធក្រុមហ៊ុនហ្វូខឺស ក្នុងការរៀបចំអភិវឌ្ឍគម្រោងវិនិយោគសាងសង់អាកាសយានដ្ឋានខេត្តមណ្ឌលគិរីនេះស្របតាមច្បាប់ និងនិតិវិធីជាធរមាននៃកម្ពុជា។
លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិលបានប្រាប់នៅថ្ងៃទី១៥ ខែមករាថា កន្លងមករាជរដ្ឋាភិបាលធ្លាប់បានអនុញ្ញាតឱ្យក្រុមហ៊ុនចិន (China Power) សិក្សាលើគម្រោងវិនិយោគអាកាសយានដ្ឋាននៅខេត្តមណ្ឌលគិរីនេះ ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ វាបានធ្វើឱ្យប៉ះដល់ផ្នែកហិរញ្ញវត្ថុ ដែលធ្វើឱ្យក្រុមហ៊ុនចិនដកខ្លួនចេញពីគម្រោងវិនិយោគហើយធ្វើឱ្យគម្រោងនេះត្រូវបានជាប់គាំង។
លោកបានបន្តថា រហូតមកទល់ពេលនេះ រាជរដ្ឋាភិបាល ទើបតែបានសម្រេចអនុញ្ញាតឱ្យសម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស សិក្សានិងវិនិយោគលើគម្រោងអាកាសយានដ្ឋានមណ្ឌលគិរីថ្មីក្នុងទម្រង់សាងសង់ធ្វើអាជីវកម្មផ្ទេរ(BOT) និងការអភិវឌ្ឍទីក្រុងរណបពហុបំណងនិងមជ្ឈមណ្ឌលទំនិញផ្លូវអាកាសនៅខេត្តមណ្ឌលគិរី។
ក្រុមហ៊ុនថ្មីនេះជាក្រុមហ៊ុនហ្វូខឺសគ្រុបដែលដឹកនាំដោយក្រុមហ៊ុន ហ្វូខឺស ត្រេន គ្លូប៊ល វេនឈ័រឯ.ក ដែលមានបណ្ដាញចូលរួមពីអ្នកវិនិយោគមកពីប្រទេសម៉ាឡេស៊ី ចិន និងប្រទេសអារ៉ាប់។
លោក ស៊ិន ចាន់សេរីវុត្ថា បានបញ្ជាក់ថា៖ «ក្រុមហ៊ុនថ្មីនេះ គ្រាន់តែធ្វើការសិក្សាសិន ទើបអាចឈានទៅរកការវិនិយោគ ហើយប្រសិនបើការសិក្សាហ្នឹងបង្ហាញថា គម្រោងមិនល្អនោះ តើគាត់អាចបោះទុនវិនិយោគយ៉ាងម៉េចកើត? អ៊ីចឹងត្រូវរង់ចាំការសិក្សាមើលសិន ទើបអាចនឹងមានការសម្រេចយ៉ាងណាបន្តទៀត»។
បើតាមលោក ស៊ិន ចាន់សេរីវុត្ថា ក្នុងគម្រោងដែលក្រុមហ៊ុនចិន (China Power)ធ្លាប់បានសិក្សាកន្លងមកមានទំហំសាងសង់លើផ្ទៃដី៣០០ហិកតាដែលអាចចំណាយថវិកាវិនិយោគប្រមាណជាង៨០លានដុល្លារ។ សម្រាប់គម្រោងសិក្សារបស់ក្រុមហ៊ុនថ្មីនេះ លោកមិនទាន់អាចបញ្ជាក់បានទេទាក់ទងនឹងការចំណាយថវិកា និងទំហំផ្ទៃដីដែលនឹងសាងសង់ ប៉ុន្តែគ្រាន់តែដឹងខ្លះៗពីការសិក្សារបស់ក្រុមហ៊ុនថ្មីនេះ គឺអាចនឹងមានតម្រូវការផ្ទៃដីសាងសង់ធំជាងគម្រោងចាស់។
លោកបានប្រាប់ដែរថា៖ «ប្រសិនបើគម្រោងហ្នឹង ត្រូវបានសាងសង់ ប្រាកដណាស់ខេត្តមណ្ឌលគិរីយើង នឹងមានសកម្មភាពសេដ្ឋកិច្ច ជាពិសេសគឺផ្ដោតទៅលើកសិឧស្សាហកម្ម និងវិស័យទេសចរណ៍។ ដោយសារកន្លងមកនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក៏ដូចជាផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ រួមទាំងរាជរដ្ឋាភិបាលផងដែរ គឺបានកំណត់ខេត្តមណ្ឌលគិរី ជាខេត្តទាក់ទាញ និងចង់អភិវឌ្ឍខេត្តនេះ ឱ្យមានសកម្មភាពសេដ្ឋកិច្ចល្អប្រសើរ»។
ជុំវិញគម្រោងនេះលោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានលើកឡើងដែរថា ការសាងសង់ព្រលានយន្តហោះបន្ថែមនេះ វាជាកិច្ចការសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិមួយ ពីព្រោះខេត្តដែលត្រូវសាងសង់ព្រលានយន្តហោះនេះវាជាគោលដៅទេសចរណ៍ផង និងសេដ្ឋកិច្ចផង។
លោកបានបន្តថា ចម្ងាយផ្លូវពីរាជធានីភ្នំពេញ ទៅខេត្តមណ្ឌលគិរី គឺសមស្របនឹងមានព្រលានយន្តហោះមួយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនក្នុងវិស័យផ្សេងៗជាពិសេសវិស័យទេសចរណ៍ ក៏ដូចជាវិស័យកសិឧស្សាហកម្មនៅក្នុងខេត្តមណ្ឌលគិរី។
លោក ហុង វណ្ណៈ បានបញ្ជាក់ថា៖ «បើកាលណាយើងបង្កលក្ខណៈងាយស្រួលលើការធ្វើដំណើរ នោះវាបង្កើនភាពទាក់ទាញដល់វិនិយោគិននៅក្នុងវិស័យទេសចរណ៍ ក៏ដូចជាវិស័យកសិឧស្សាហកម្ម ពីព្រោះខេត្តមណ្ឌលគិរីមានសក្ដានុពលធម្មជាតិស្រស់ស្អាត អាកាសធាតុត្រជាក់ល្អ ដែលយើងមិនទាន់អាចយកមកប្រើបានសម្រាប់ជួយសេដ្ឋកិច្ចជាតិ»។
លោកបានបន្ថែមទៀតថា ដូច្នេះប្រសិនបើគម្រោងវិនិយោគព្រលានយន្តហោះនេះត្រូវបានសាងសង់ឡើង វានឹងផ្ដល់ប្រយោជន៍ជួយកែប្រែសម្រស់មុខមាត់និងជួយកែប្រែអ្វីដែលមាននាពេលបច្ចុប្បន្ននេះទៅជាទីក្រុងសេដ្ឋកិច្ចមួយយ៉ាងសំខាន់ក្នុងប្រទេសកម្ពុជា៕