ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ ២០២៦ ខាងមុខ ដោយកម្ពុជាបានដាក់ពាក្យជាបេក្ខជនរួចរាល់ហើយ និងបានទទួលការគាំទ្រពីប្រធានាធិបតីបារាំងលោក អេម៉ានុអែល ម៉ាក្រុង ផងដែរ ដែលនេះជាមោទនភាពមួយរបស់កម្ពុជា។
លោក ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងដូចនេះនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាសហគមន៍ខ្មែរ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសដែលលោកទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំសូមជូនព័ត៌មានល្អមួយរបស់កម្ពុជា នៅឆ្នាំ២០២៦ ខាងមុខនេះ យើងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីហើយឥឡូវនេះ យើងកំពុងដាក់ពាក្យធ្វើជាបេក្ខជនធ្វើជាម្ចាស់ផ្ទះសម្រាប់ប្រជុំកំពូលហ្វ្រង់ហ្វូកូនី ហើយប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានផ្តល់ការគាំទ្រ។ នេះគឺជាមោទនភាពរបស់យើងក្នុងនាមជាប្រទេសហ្វ្រង់ហ្វូកូនី»។
លោក ហ៊ុន ម៉ាណែត បានបន្ថែមថា នៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសហ្វ្រង់ហ្វូកូនីមានមិនច្រើននោះទេ គឺមានកម្ពុជា ឡាវ និងវៀតណាម ហើយក្នុងនោះកម្ពុជានៅសកម្មជាងគេ។ កម្ពុជាក៏នៅតែបន្តពង្រីកបន្ថែមទៀតផងដែរ ក្នុងនោះទៅលើទំនាក់ទំនងផ្នែកសន្តិសុខ ផ្នែកការទូត វប្បធម៌ និងទំនាក់ទំនងផ្នែកផ្សេងៗទៀតគឺសំដៅទៅលើការលើកកម្ពស់ឱកាស និងទំនាក់ទំនងរវាងប្រទេស និងប្រទេស។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាលោកប៉ា ចន្ទរឿន បានថ្លែងថា ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឬបណ្តាប្រទេសដែលនិយមនិយាយភាសាបារាំង ជាការបើកទ្វារការទូតសម្រាប់កម្ពុជាក្នុងការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសទាំងនេះ ជាពិសេសប្រទេសបារាំងតែម្តង។
ទោះជាយ៉ាងណា លោកយល់ថា៖ «បើខ្ញុំមើលពីទំនោរទូទៅ និន្នាការនៃការប្រើប្រាស់ភាសាបារាំងនៅក្នុងពិភពលោក និងនៅកម្ពុជា នៅតែបន្តធ្លាក់ចុះ ដែលទាមទារការពង្រឹង និងគាំទ្រពីសំណាក់ប្រទេសបារាំងផ្ទាល់ទៅដល់សមាជិកនៃហ្វ្រង់ហ្វូកូនីនេះ ជារឿងសំខាន់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាសា»។
លោកបានបន្ថែមថា បារាំងគួរបន្ថែមជំនួយទៅកាន់បណ្តាប្រទេសសមាជិកនិយមភាសាបារាំង ជាពិសេសជំនួយផ្នែកបច្ចេកទេស បច្ចេកវិទ្យារបស់បារាំង ដោយសារបារាំងក៏មានសក្តានុពលផងដែរទៅលើវិស័យនេះ និងជាពិសេសលោកចង់ឱ្យបារាំងដែលជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ របស់កម្ពុជាជំរុញឱ្យកម្ពុជាគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យផងដែរ។
ចំណែកលោក ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ក៏បានប្រាប់ឱ្យដឹងដែរថា សន្និសីទហ្វ្រង់កូហ្វូនីរៀបចំធ្វើរៀងរាល់ ២ឆ្នាំម្តង ដែលក្នុងឆ្នាំ២០២៤នេះបារាំងធ្វើជាម្ចាស់ផ្ទះ។ កម្ពុជាជជែកជាមួយភាគីបារាំងដើម្បីបើកលទ្ធភាពរៀបចំធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៦ ខាងមុខ ដែលអាចពង្រឹងសាមគ្គីភាពក្នុងចំណោមបណ្តាប្រទេសជាសមាជិកហ្វ្រង់កូហ្វូនីជិត ៥០ប្រទេស ក្នុងនោះមានប្រទេសធំៗតួយ៉ាង បារាំង កាណាដា និងស្វ៊ីស ប្រទេសនៅអាស៊ីមួយចំនួន និងបណ្តាប្រទេសពីតំបន់អាហ្វ្រិក ជាដើម។
លោកបានសង្កត់ធ្ងន់ថា៖ «បើយើងធ្វើជាម្ចាស់ផ្ទះ វាជាការពង្រឹងផ្នែកការទូត លើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ ជាពិសេសពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសជាសមាជិក។ បន្ថែមពីនេះ គឺផលប្រយោជន៍ទំនាក់ទំនងវប្បធម៌ និងទេសចរណ៍ ដែលកម្ពុជាអាចទទួលជំនួយបន្ថែមលើការអភិរក្សសម្បត្តិវប្បធម៌។ យើងក៏អាចផ្សាយសក្តានុពលផ្នែកទេសចរណ៍យើងទៅលើពិភពលោក»។
លោក ជ័យ តិច បានបន្តថា កិច្ចប្រជុំកំពូលខាងមុខនេះ ក៏ជាការបើកផ្លូវដល់ទំនាក់ទំនងពាណិជ្ជកម្ម ដែលបណ្តាប្រទេសសមាជិកអាចស្វែងយល់ពីលទ្ធភាពវិនិយោគនៅកម្ពុជា ហើយកម្ពុជាក៏នឹងអាចទទួលជំនួយលើវិស័យអប់រំពាក់ព័ន្ធចំណេះភាសាបារាំង ជាមួយនឹងជំនួយការអភិវឌ្ឍនានាផ្សេងទៀតពីបណ្តាប្រទេសជាសមាជិក ជាពិសេសនោះគឺផ្នែកបច្ចេកវិទ្យាឌីជីថលដែលជាមុខព្រួញនៃរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី៕