ភ្នំពេញៈ ​ក្រុមគ្រូពេទ្យ​ភ្នែក​ស្ម័គ្រចិត្ត ក្រោម​ការឧបត្ថម្ភ​រប​ស់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំពុងផ្ដល់​សេវា​ព្យាបាល​ភ្នែក​ដោយ​ឥតគិតថ្លៃ​ជូន​ពលរដ្ឋ​នៅ​ខេត្តកណ្ដាល ខណៈដែល​ក្រុមគ្រូពេទ្យ​មកពី​កម្មវិធី​ជាតិ​សុខភាព​ភ្នែក នៃ​ក្រសួងសុខាភិបាល ក៏​កំពុងផ្ដល់​សេវា​ព្យាបាល​ភ្នែក​ដោយ​ឥតគិតថ្លៃ​ផងដែរ​ជូន​ពលរដ្ឋ​នៅ​ខេត្តមណ្ឌលគិរី​។​

ក្រោម​ការឧបត្ថម្ភ​រប​ស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រុមគ្រូពេទ្យ​ភ្នែក​ស្ម័គ្រចិត្ត បាន​ចុះ​ពិនិត្យ ព្យាបាល វាស់​ភ្នែក និង​កាត់​វ៉ែនតា ដោយ​ឥតគិតថ្លៃ ដល់​ប្រជាពលរដ្ឋ​ជាង​២​ពាន់​នាក់​នៅក្នុង​ខេត្តកណ្ដាល កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៤ នៅ​បរិវេណ​អនុវិទ្យាល័យ​ព្រែក​ក្របៅ​។ 

ប្រជាពលរដ្ឋ​ជាង ២​ ពាន់​នាក់​ មកពី​សង្កាត់​ចំនួន ​៦ ក្នុង​ក្រុង​អរិយ​ក្សត្រ ខេត្តកណ្ដាល រួមមាន​៖ សង្កាត់​អរិយ​ក្សត្រ សង្កាត់​ស្វាយជ្រំ សង្កាត់​ព្រែ​កតា​កូវ សង្កាត់​ព្រែក​លួង សង្កាត់​ព្រែក​អំពិល និង​សង្កាត់​កោះ​ឧកញ៉ា​តី​។ 

លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ថ្លែង​ឱ្យដឹង​នៅ​ថ្ងៃទី​១៥ ខែមករា ​ថា ក្រុមគ្រូពេទ្យ​ភ្នែក​ស្ម័គ្រចិត្ត ដែល​មក​ពិនិត្យ ព្យាបាល វាស់​ភ្នែក និង​កាត់​វ៉ែនតា ដោយ​ឥតគិតថ្លៃ​នេះ មិនមែន​ធ្វើឡើង​តែ​ក្នុង​ក្រុង​អរិយ​ក្សត្រ​នោះទេ ពោលគឺ​ក្រុមគ្រូពេទ្យ​នឹង​ចុះ​ពិនិត្យ ព្យាបាល​នៅ​គ្រប់​១៣​ក្រុង​-​ស្រុក​ទូទាំង​ខេត្តកណ្ដាល ទៅតាម ផែន​ការដែល​គ្រោងទុក​។​

លោក​បាន​ថ្លែងថា​៖ «​ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នេះ គឺជា​ស្មារតី​មនុស្សធម៌​សុទ្ធសាធ ដែល​ស្តែង​ចេញពី​សេចក្តីស្រឡាញ់​បងប្អូន​ប្រជាពលរដ្ឋ ក្នុងនាម​ជា​ឈាមជ័រ​ខ្មែរ​ដូចគ្នា ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​រួបរួមគ្នា​តែមួយ អនាគត​តែមួយ ពោលគឺ​ការព្យាបាល​មិន​ប្រកាន់​បក្ខពួក សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​»​។​

ចំណែក​លោក ប៊ុន សួរ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី ក៏​ឱ្យដឹង​ដែរ​ថា ក្រុមគ្រូពេទ្យ​ផ្នែក​ចក្ខុរោគ​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តមណ្ឌលគិរី និង​ក្រុមគ្រូពេទ្យ​មកពី​កម្មវិធី​ជាតិ​សុខភាព​ភ្នែក នៃ​ក្រសួងសុខាភិបាល ក្រោម​ការឧបត្ថម្ភ​ពី​មូលនិធិ​ថែទាំ​សុខភាព​ភ្នែក បានចាប់ផ្តើម​ផ្តល់​សេវា​ពិនិត្យ ព្យាបាល និង​វះកាត់ ជូន​ដល់​អ្នកជំងឺ​ភ្នែក​ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី​១៤ រហូតដល់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៤​។  

លោក​បាន​ប្រាប់ថា កាលពី​ថ្ងៃទី​១៤ មាន​ប្រជាពលរដ្ឋ​រស់នៅ​បណ្ដា​ស្រុក​ផ្សេងៗ​ក្នុង​ខេត្តមណ្ឌលគិរី និង​មាន​មកពី​ខេត្ត​ផ្សេងទៀត ដែលមាន​បញ្ហា​ភ្នែក បានមក​ពិគ្រោះ និង​វះកាត់ នៅក្នុង​បរិវេណ​មន្ទីរពេទ្យបង្អែក​ខេត្តមណ្ឌលគិរី ហើយ​មកដល់ពេលនេះ​មាន​ប្រជាពលរដ្ឋ​ដែល​ទទួល​សេវា​វះកាត់​រួចរាល់ បាន​ចំនួន​ជាង ៣០​នាក់ និង​សេវា​ពិគ្រោះ​បាន​ចំនួន​ជិត ១០០​ នាក់​។​

លោក ​ប៊ុន សួរ បាន​ថ្លែងថា​៖ «​ការវះកាត់​ភ្នែក ឥតគិតថ្លៃ​រយៈពេល ៣​ថ្ងៃ​ហ្នឹង គឺ​ក្រុមគ្រូពេទ្យ​ធ្វើ​តែ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ុណ្ណោះ និង​មិនមាន​គម្រោង​ចុះ​តាម​មូលដ្ឋាន​ឡើយ ប៉ុន្តែ​ចំពោះ​ការពិនិត្យ​ភ្នែក គឺ​ក្រុមគ្រូពេទ្យ​យើង តែងតែ​ចុះទៅពិនិត្យ ក៏ដូចជា​មណ្ឌល​សុខភាព​ទាំងអស់​ទូទាំង​ខេត្ត ក៏​តែងតែ​ផ្ដល់​សេវា​ពិនិត្យ​ឥតគិតថ្លៃ​នេះ​ផងដែរ​»​។​

​លោក ប៊ុន សួរ ថា ចាប់ពី​ដើមឆ្នាំ​២០២៤​នេះ​តទៅ ប្រជាពលរដ្ឋ​ដែលមាន​ជំងឺ​ភ្នែក​រស់នៅ​ខេត្តមណ្ឌលគិរី មិន​ពិបាក​ធ្វើដំណើរ​ទៅ​ព្យាបាល​ផ្លូវ​ឆ្ងាយ​ទៀតឡើយ ពីព្រោះ​ឥឡូវនេះ​ក្រសួងសុខាភិបាល បានដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ចក្ខុរោគ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តមណ្ឌលគិរី​។ អគារ​ចក្ខុរោគ​នេះ នឹង​រំពឹងថា​បាន​បម្រើសេវា​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដែលមាន​បញ្ហា​ភ្នែក​ទាំងអស់ ដើម្បីឱ្យ​ពួកគាត់​បាន​មើលឃើញ​ឡើងវិញ និង​មិនមាន​ជំងឺ​ងងឹតភ្នែក​បន្តទៀត​៕