ភ្នំពេញៈ រាជរដ្ឋាភិបាល តាមរយៈអន្តរក្រសួង បានប្រកាសថា មុខងារចុះបញ្ជីកែប្រែព័ត៌មាន ក្រុមហ៊ុន/ សហគ្រាសចំនួន ៥ នឹងត្រូវដាក់ដំណើរការជាផ្លូវការ ចាប់ពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ តទៅ លើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal)។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួម ស្តីពីការដាក់ដំណើរការមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាសចំនួន៥ លើប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ចុះថ្ងៃទី១៥ ខែមករា បានឱ្យដឹងថា ការដាក់ឱ្យដំណើរការនេះ គឺក្រុមការងារអន្តរក្រសួង ជាអ្នករៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចរបស់រាជរដ្ឋាភិបាល ដោយផ្អែកតាមវិធានការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
សេចក្ដីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា៖ «មុខងារទាំង៥ នេះរួមមាន៖ កែប្រែព័ត៌មាន លម្អិតអាសយដ្ឋាន ទីស្នាក់ការចុះបញ្ជី, កែប្រែលក្ខន្តិកៈក្រុមហ៊ុន, កែប្រែសកម្មភាពអាជីវកម្ម, តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និងការកែប្រែព័ត៌មានគណនីធនាគារ។ ដំណើរការនេះនឹងត្រូវធ្វើឡើងតាមអនឡាញ ទាំងស្រុង ដោយមិនមានតម្រូវការវត្តមានទៅផ្ទាល់ដល់ទីកន្លែងទៀតទេ»។
សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ រាជរដ្ឋាភិបាលបានកត់ត្រាដំណើរការឌីជីថលូបនីយកម្មសេវាសាធារណៈមួយយ៉ាងសំខាន់ នោះគឺការដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី១ សំដៅបង្កបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ចនៅកម្ពុជា និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៥ ខែមករាថា ការចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ បានប្រែក្លាយជាការចុះបញ្ជីអាជីវកម្មឱ្យកាន់តែមានភាពងាយស្រួល ដោយបានកាត់បន្ថយចំណាយ កាត់បន្ថយថិរវេលា និងកាត់បន្ថយនីតិវិធីស្មុគស្មាញផងដែរ។
លោកបានបញ្ជាក់ថា៖ «សភាពាណិជ្ជកម្មកម្ពុជា បានគាំទ្រលើការបង្កើត ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ តាំងពីដំបូងមកម្ល៉េះ ព្រោះថា ប្រព័ន្ធCamDXត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់ការវិនិយោគទាំងអស់នៅកម្ពុជា។ ?ប្រព័ន្ធចុះបញ្ជីអាជីវកម្ម ដែលក្រសួងសេដ្ឋកិច្ចបានបង្កើតឡើង គឺចំពេលដែលវិបត្តិកូវីដ១៩ បានផ្ទុះឡើង ដូចនេះប្រព័ន្ធនេះពិតជាសម្រួលបានច្រើនណាស់ដល់អ្នករកស៊ី»។
លោកបានបន្ថែមថា នេះជាការកែទម្រង់យ៉ាងស៊ីជម្រៅ ផ្នែកសេដ្ឋកិច្ច ដោយបានកាត់បន្ថយ ការិយាធិបតេយ្យបានច្រើនគួរឱ្យកត់សម្គាល់។
លោកបានបញ្ជាក់បន្ថែមថា៖ «នៅជំហានបន្ទាប់ទៀត យើងរំពឹងប្រព័ន្ធនឹងបន្តការអភិវឌ្ឍមុខងារសំខាន់បន្ថែមទៀត ដើម្បីសម្រួលបានកាន់តែច្រើនសម្រាប់ការធ្វើអាជីវកម្មនៅកម្ពុជា។ សម្រាប់ការពង្រីកវិសាលភាព ដែលត្រូវបានធ្វើជាបន្តបន្ទាប់នេះ វានឹងជួយលើតម្រូវការខ្ពស់របស់វិស័យឯកជន និងមានហានិភ័យទាប»។
ចំណែក លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជាយល់ឃើញថា វាគឺជាពេលវេលា ដែលបច្ចេកវិទ្យា ត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យធុរកិច្ច ដែលស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា។
លោក បូឡែន បាននិយាយថា៖ «ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បានផ្តល់ភាពងាយស្រួល និងចំណេញពេលវេលា ដោយការបំពេញបែបបទនេះ អាចធ្វើបានដោយខ្លួនឯងបាន។ ដូច្នេះវាមានភាពងាយស្រួល ដែលធ្វើឱ្យអ្នកធុរកិច្ច មិនមានភាពធុញទ្រាន់លើការងារចុះបញ្ជីនេះ»។
សូមជម្រាបថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ត្រូវបានពង្រីកវិសាលភាពរហូតដល់ដំណាក់កាលទី៣ ហើយ ដែលដំណាក់កាលទី១ ជាការចុះបញ្ជីអាជីវកម្មជាខ្សែច្រវាក់ និងដំណាក់កាលទី២ និងទី៣ ជាការស្នើសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាតវិញ្ញាបនបត្រជំនាញ និងឯកសារពាក់ព័ន្ធនឹងការធ្វើធុរកិច្ច។
ក្នុងឆ្នាំ២០២៤ក្រុមការងារអន្តរក្រសួង នឹងរៀបចំដាក់ដំណើរការជាបន្តបន្ទាប់នូវមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាសផ្សេងទៀត រួមជាមួយនឹងការបញ្ចូលសេវាសាធារណៈគន្លឹះសំខាន់ៗ ពាក់ព័ន្ធនឹងការធ្វើធុរកិច្ចថ្មីៗបន្ថែមទៀត មកក្នុងប្រព័ន្ធចុះបញ្ជី អាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន៕