ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាស និងអំពាវនាវទៅដល់ប្រជាពលរដ្ឋ កុំឱ្យមានការភាន់ច្រឡំចំពោះបណ្ណបើកបរអន្តរជាតិ ដែលមានលក្ខណៈស្រដៀងនឹងបណ្ណអនុញ្ញាតបើកបរអន្តរជាតិ ដែលផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមទាក់ទងនឹងបណ្ណបើកបរអន្តរជាតិ។
ក្រសួងបានប្រកាសឱ្យដឹងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ថា មានការផ្សព្វផ្សាយតាមហ្វេសប៊ុក ដែលមានឈ្មោះថា «IAA international driving license បណ្ណបើកបរអន្តរជាតិ» ដែលបានបង្ហោះអមដោយរូបភាព បណ្ណបើកបរអន្តរជាតិ កាលពីខែតុលា ឆ្នាំ២០២៣ ថា៖«ការធ្វើបណ្ណបើកបរអន្តរជាតិ ហេតុអ្វីមិនចាំបាច់រៀន ឬប្រឡង?»។
ប្រភពដដែលនេះបានលើកឡើងទៀតថា សម្រាប់ច្បាប់បើកបរអន្តរជាតិ គឺដូចគ្នាគ្រប់ប្រទេសទាំងអស់ មិនថាប្រកាន់ស្តាំ ឬឆ្វេងឱ្យ តែមានបណ្ណបើកបរមួយហើយ អាចជាបណ្ណបើកបរខ្មែរ ឬបរទេស បានន័យថា បានឆ្លងកាត់ការរៀន និងបើកបរ ប្រឡងជាប់ហើយ គឺអាចដាក់ពាក្យស្នើសុំចូលសមាគមយកបណ្ណបើកបរអន្តរជាតិបានហើយ គឺមិនបាច់ប្រឡង ឬរៀនទៀតទេ។
បន្ទាប់ពីក្រសួងបានពិនិត្យឃើញមានការផ្សព្វផ្សាយព័ត៌មានបែបនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា៖«ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាកុំមានការកាន់ច្រឡំថាសៀវភៅបកប្រែនេះជាបណ្ណអនុញ្ញាតបើកបរអន្តរជាតិដែលមានការទទួលស្គាល់ពីក្រសួងសាធារណការ និងដឹកជញ្ជូន»។
ជាមួយគ្នានោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាប្រើប្រាស់ សេវាសាធារណៈរបស់ក្រសួងនៅតាមបណ្តាទីតាំងផ្តល់សេវាដែលបានកំណត់ ដោយត្រូវចៀសវាងការប្រើប្រាស់សេវាក្រៅផ្លូវការ ដែលនាំឱ្យខាតបង់ថវិកា ពេលវេលា និងទទួលបានឯកសារក្លែងបន្លំពីជនខិលខូច។
លោក ហ៊ាង សុទ្ធាយុទ្ធ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន មិនអាចទាក់ទងសុំធ្វើអត្ថាធិប្បាយបន្ថែមបានទេ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នេះ។
ទោះជាយ៉ាងណា យោងតាមប្រកាសលេខ ០៣២ ប្រក.សក.ដជគ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ស្តីពីនីតិវិធីនៃការចេញបណ្ណអនុញ្ញាតបើកបរអន្តរជាតិ ក្រសួងសាធារណការ និងដឹកជញ្ជូនទទួលស្គាល់លើបណ្ណអនុញ្ញាតបើកបរអន្តរជាតិ ស្របតាមអនុសញ្ញាស្តីពីចរាចរណ៍ផ្លូវគោក ទីក្រុងហ្សឺណែវ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩ ដែលមានសុពលភាព ១ ឆ្នាំ និងអាចបើកបរបាន ១០៣ ប្រទេសតែប៉ុណ្ណោះ៕