ភ្នំពេញៈ បារាំងនឹងបញ្ជូនអ្នកជំនាញខាងសារមន្ទីរមកកាន់កម្ពុជា ដើម្បីសិក្សាពីការជួសជុល និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមលោក ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅស្ថានទូតនាព្រឹកថ្ងៃទី១៥ ខែមករា ស្តីពីដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅប្រទេសបារាំង។
លោកបានឱ្យដឹងថា គម្រោងសិក្សាពីការជួសជុលការពង្រីកសារមន្ទីជាតិនេះ ធ្វើឡើងដោយសារមានព្រះរាជដំណើររបស់ព្រះមហាក្សត្រកម្ពុជាទៅប្រទេសបារាំងកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ហើយដែលត្រូវបានប្រធានាធិបតីបារាំងប្តេជ្ញាគាំទ្រគម្រោងកិច្ចសហប្រត្តិបត្តិការរវាងកម្ពុជា និងបារាំងលើវិស័យវប្បធម៌ធំៗមួយចំនួនក្នុងនោះក៏មានគម្រោងជួសជុលនិងពង្រីកសារមន្ទីរជាតិផងដែរ។
លោកបានបញ្ជាក់ថា៖ «ប្រទេសបារាំងកំពុងធ្វើការងារជាមួយប្រទេសកម្ពុជា ដើម្បីរៀបចំបង្កើតកន្លែងណាដាក់អីនៅកន្លែងដែលគាត់ឈប់រៀន[សាលាភូមិន្ទវិចិត្រសិល្បៈប្តូរទីតាំង] ដើម្បីពង្រីកសារមន្ទីរ យើងនឹងមានការក្រុមជំនាញខាងសារមន្ទីរបារាំង បំពេញការងារជាមួយសារមន្ទីរជាតិកម្ពុជា ដើម្បីធ្វើការងារហ្នឹង»។
ជុំវិញរឿងនេះ លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា សាលាភូមិន្ទ និងវិចិត្រសិល្បៈដែលនៅជាប់ និងសារមន្ទីរជាតិនឹងត្រូរប្តូរទៅទីតាំងថ្មីនៅជ្រោយចង្វារ ហេតុនេះទីតាំងចាស់នៃសាលានោះនឹងត្រូវរៀបចំធ្វើជាសារមន្ទីរជាតិតែម្តង ព្រោះទីតាំងនៅជាប់គ្នា។ លោកបន្តថា អ្នកជំនាញដែលបារាំងបញ្ជូនមកសិក្សាស្រាវជ្រាវអំពីការពង្រីកប្លង់សម្រាប់សារមន្ទីរជាតិ អាចចំណាយពេលប្រមាណជិត ២ឆ្នាំ ដែលសមល្មមនឹងការរួចរាល់នៃការប្តូរទីតាំងសាលា។
បើតាមលោក ឆាយ វិសុទ្ធ ចំពោះការរៀបចំជួសជុល និងពង្រីកនេះជាគោលការណ៍ត្រូវសិក្សាបឋមជាមុនសិន ពោលគឺអ្នកជំនាញដែលបារាំងបញ្ជូនមកត្រូវសិក្សាជាមួយអ្នកជំនាញនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមួយនឹងប្រភេទសមុច្ច័យដែលមាននិងតម្រូវការជាក់ស្តែងសម្រាប់ការរៀបចំថ្មីនេះ ទើបអាចមានសេចក្តីសន្និដ្ឋានមួយថា តើទម្រង់នៃការពង្រីកនោះយ៉ាងណា។
យ៉ាងណាក្ដី លោកបានថ្លែងថា៖«រហូតមកទល់ពេលនេះយើងអត់ទាន់មានជា Master plan ណាមួយបញ្ជាក់ថា ក្តីស្រមៃរបស់យើងត្រូវពង្រីកយ៉ាងម៉េចទេ»។
លោកបានឱ្យដឹងដែរថា អ្នកជំនាញក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្លាប់ជួបអ្នកជំនាញបារាំងម្តងរួចមកហើយកាលពីឆ្នាំ២០២៣ ដែលកាលនោះបារាំងគ្រាន់តែមើលទីតាំងនិងលើកជាគម្រោងសំណើដាក់ចេញជារបាយការណ៍ជូនទៅរដ្ឋាភិបាលបារាំងនិងក្រសួងវប្បធម៌ប៉ុណ្ណោះ។ ហេតុនេះ ផែនការបន្តបន្ទាប់ទៀតលុះត្រាតែបានជួបជាមួយអ្នកជំនាញបារាំងជាលើកទី២ទៀត។
លោកថា៖ «របៀបនៃការដាក់តាំងរបស់យើង[ក្រោយបានពង្រីកសារមន្ទីរជាតិ]ដើម្បីឱ្យមានព័ត៌មានគ្រប់ជ្រុងជ្រោយ យើងអត់ធ្វើដូចរាល់ថ្ងៃទេ។ រាល់ថ្ងៃយើងដាក់របស់ឱ្យច្រើន តែព័ត៌មានយើងមានតិច ប៉ុន្តែយើងអត់ចង់បានអ៊ីចឹងទេ ថ្ងៃក្រោយទៅជាសារមន្ទីរស្តង់ដា១ គេត្រូវការដាក់តាំងបង្ហាញ១ ដែលមានព័ត៌មានជាបរិបទ»។
លោក ឆាយ វិសុទ្ធ បានរំពឹងថា ភាពទំនើប ឬលទ្ធភាពនៃការពង្រីកសារមន្ទីរជាតិនឹងផ្តល់សក្តានុពលធំ១ ថ្មីទៀត សម្រាប់ប្រទេសជាតិដើម្បីដាក់តាំងឱ្យត្រូវនឹងក្របខ័ណ្ឌនៃពាក្យថាសារមន្ទីរជាតិហើយតម្លៃនៃវត្ថុសិល្បៈដែលត្រូវដាក់តាំងបង្ហាញនឹងសម្បូរបែប។សម្បូរបែបក្នុងន័យនេះអាចទាំងខាងបច្ចេកវិទ្យានិងអាចទាំងព័ត៌មានផ្សេងៗដែលពាក់ព័ន្ធនឹងសាវតារនៃរបស់ទាំងនោះ៕