ភ្នំពេញៈ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានបង្ហាញរបាយការណ៍ឆ្នាំ២០២៣ ថា ករណីជំងឺគ្រុនចាញ់បានកើតឡើងជាង ១ ០០០ ករណី នៅក្នុងឆ្នាំ២០២៣ ថយចុះជាង ៦០ ភាគរយ បើប្រៀបធៀបក្នុងឆ្នាំ ២០២២ ដែលមានជំងឺគ្រុនចាញ់ជាង ៤ ០០០ ករណី។
របាយការណ៍នេះបានឱ្យដឹងថា ករណីជំងឺគ្រុនចាញ់បានកើតមានចំនួន ១ ៣៨៤ ករណី ក្នុងឆ្នាំ២០២៣ ថយចុះចំនួន ៦៦ ភាគរយ បើធៀបទៅឆ្នាំ២០២២ ដែលជំងឺគ្រុនចាញ់កើតមាន ៤ ០៥៣ ករណី។
ប្រភពដដែលបានបន្តថា៖ «ក្នុងចំណោមអ្នកឆ្លងជំងឺទាំងជាង១ពាន់ករណីនេះ មិនមានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់នោះទេ ដែលចាប់តាំងពីឆ្នាំ២០១៨ មក កម្ពុជាមិនមានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ឡើយ ពិសេសប្រទេសកម្ពុជាមានគោលដៅត្រូវលុបបំបាត់ទាំងស្រុងនូវជំងឺគ្រុនចាញ់នាឆ្នាំ២០២៥»។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ថា ក្នុងខេត្តកំពង់ស្ពឺ នៅក្នុងឆ្នាំ ២០២៣ ជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម ឬគ្រុនសន្ធំ គឺត្រូវបានលុបបំបាត់បានហើយ ប៉ុន្តែសម្រាប់ប្រភេទគ្រុនចាញ់ គ្រុនលួសគឺនឹងបន្តយុទ្ធនាការលុបបំបាត់ឱ្យបានតាមវឌ្ឍនភាពរបស់មន្ទីរសុខាភិបាលខេត្ត គឺអាចលុបបំបាត់បាននៅឆ្នាំ២០២៥។
លោក ថ្លែងថា៖ «មូលហេតុគឺថា នៅតាមតំបន់ព្រៃមួយចំនួនដែលយើងគិតថា តំបន់ប្រឈម ព្រោះមិនមែនគ្រប់ព្រៃទាំងអស់សុទ្ធតែមានមូសខ្លា ឬមានគ្រុនចាញ់នោះទេ។ អ៊ីចឹង! សម្រាប់តំបន់ណាដែលប្រឈមនឹងជំងឺនេះ យើងមានអ្នកតាមដានសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ដោយមុននឹងពួកគេចូលព្រៃ គាត់ត្រូវមកយកថ្នាំលេប ឬថ្នាំលាប ឬមុងជ្រលក់ថ្នាំពីមន្ត្រីសុខាភិបាលយើង»។
លោក វ៉ី សំណាង ថ្លែងថា នៅក្នុងឆ្នាំ២០២៥ គោលដៅនៃការលុបបំបាត់ជំងឺគ្រុនចាញ់ដែលជាគោលដៅធំមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធឈ្នះជំងឺគ្រុនចាញ់នេះ។
នៅក្នុងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានធ្វើឡើងក្រោមប្រធានបទ «នេះជាពេលដែលគ្រុនចាញ់ត្រូវសូន្យ តាមរយៈការវិនិយោគ កែច្នៃ និងអនុវត្ត» ក្នុងគោលបំណងបង្ហាញឱ្យឃើញពីពេលវេលា ដែលត្រូវធ្វើឱ្យគ្រុនចាញ់សូន្យពីពេលនេះ តាមរយៈការលើកកម្ពស់ ប្រសិទ្ធភាពនៃការអនុវត្តសកម្មភាពពីគ្រប់មជ្ឈដ្ឋានជាចាំបាច់ សម្រាប់ឈានឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់បានទាំងស្រុងក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២៥ និងក្នុងពិភពលោកនៅឆ្នាំ២០៣០។
លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានថ្លែងតាមរយៈសារលិខិតប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ថា ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលអនុម័ត ដាក់ចេញជាផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ ដែលជាត្រីវិស័យនៃជ្រុងមួយ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០១៦-២០៣០ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារនិងអភិវឌ្ឍប្រទេសកម្ពុជា៕