ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចង្អុលបង្ហាញនូវអភិក្រមទាំង៥ ដែលរួមមាន«ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ថា ជាគោលដៅឈានទៅរកភាពល្អឥតខ្ចោះនៃរាជរដ្ឋាភិបាលកម្ពុជាបន្ទាប់ពីលោកបានសម្រេចដកអភិបាលក្រុងកែបកាលពីសប្តាហ៍មុនដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើមិនគប្បី និងការប្រើប្រាស់អំណាច។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ដូចនេះក្នុងអំឡុងពេលលោកបានជួបសំណេះសំណាល ជាមួយនឹងសហគមន៍ខ្មែរដែលរស់នៅក្នុងទ្វីបអឺរ៉ុប កាលពីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅប្រទេសកម្ពុជា។
លោកមានប្រសាសន៍ថា៖«ខ្ញុំមិនថា កម្ពុជាល្អឥតខ្ចោះ រាជរដ្ឋាភិបាលកម្ពុជាល្អឥតខ្ចោះ ឬមន្ត្រីរាជរដ្ឋាភិបាលល្អឥតខ្ចោះនោះទេ យើងត្រូវមានអភិក្រម។ អ៊ីចឹងហើយបានជារាជរដ្ឋាភិបាលបានដាក់ចេញនូវអភិក្រមទាំង ៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ មុននឹងខ្ញុំមកទីនេះ ខ្ញុំបានចុះហត្ថលេខាដកអភិបាលក្រុងកែបមួយ ដោយសារតែប្រព្រឹត្តអំពើមិនគប្បី ប្រើប្រាស់អំណាច ខ្ញុំដកចេញតែម្តង»។
លោកបានបន្ថែមថា លោកមិនចង់ឈានទៅដល់ការសម្រេចដកអភិបាលក្រុងកែប (លោក ខេង យ័ន) ចេញនោះទេ ប៉ុន្តែលោកទុកឱកាសឱ្យកែខ្លួន តែគាត់មិនព្រមកែខ្លួន ដែលចាំបាច់ លោកត្រូវតែដកចេញក្រោយការពិនិត្យទៅឃើញការអនុវត្តការងារធ្វើឱ្យប៉ះពាល់ដល់ផលប្រយោផជន៍របស់ប្រជាពលរដ្ឋ។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា៖«យើងត្រូវអនុវត្តអភិក្រមនេះ ព្រោះវាជាកាតព្វកិច្ចរបស់យើង បម្រើប្រជាពលរដ្ឋ យើងថា យើងមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែយើងមានគោលដៅធ្វើឱ្យខ្លួនយើងឱ្យល្អឥតខ្ចោះ។ នេះហើយ គឺជាគោលដៅរបស់យើង ហើយយើងមានទស្សនវិស័យចង់ឱ្យខ្លួនយើងល្អឥតខ្ចោះ នោះហើយបានជាយើងឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ជាប់ជាប្រចាំ»។
អ្នកសិក្សាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមលោក ជ័យ តិច បានប្រាប់ឱ្យដឹងដែរថា អភិក្រមទាំង៥ នេះ ត្រូវបានដាក់ចេញដោយលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប៉ុន្តែអាណត្តិមុនៗ មិនសូវបានប្រើប្រាស់អភិក្រម ៥នេះឱ្យបានហ្មត់ចត់ និងតឹងរ៉ឹងដូចអាណត្តិថ្មីនេះទេ។ រដ្ឋាភិបាលថ្មី អាណត្តិទី៧ ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត គឺបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវអភិក្រមទី៥ គឺការវះកាត់នេះឯង។
លោក ជ័យ តិច ថ្លែងថា៖«ជាមួយគ្នានោះដែរនៅតាមថ្នាក់ក្រសួង ក៏បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវអភិក្រមនេះដែរ ជាពិសេសក្រសួងមហាផ្ទៃ គឺមានការបណ្តេញចេញនូវកងកម្លាំង នគរបាល ជាច្រើននាក់ដែលមានការពាក់ព័ន្ធនូវភាពមិនប្រក្រតី នៃការអនុវត្តតួនាទីភារកិច្ចពាក់ព័ន្ធនឹងគ្រឿងញៀន និងបញ្ហារំលោភអំណាចតួនាទីភារកិច្ច រហូតដល់ថ្នាក់ឧត្តមសេនីយ៍ឯក និងអនុសេនីយ៍ត្រីជាច្រើនរូប ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ និងទម្លាក់ពីតួនាទីជាដើម»។
ក្នុងសន្និសីទសារព័ត៌មាន នាវិមានរដ្ឋសភា បន្ទាប់ពីចូលរួមសម័យប្រជុំលើកទី១ នៃរដ្ឋសភា នីតិកាលទី៧ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ លោក ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ក្នុងឋានៈលោកជាប្រធានគណបក្សកាន់អំណាច លោកនៅតែបន្តឱ្យគ្រប់ផ្នែកទាំងអស់ដែលជាមន្ត្រីគណបក្សប្រជាជនកម្ពុជាបន្តអនុវត្តនូវអភិក្រមទាំង៥ដែលលោកបានដាក់ចេញនេះ។
លោកបានបញ្ជាក់នាពេលនោះថា ៖ «បើបោះបង់ចោលអភិក្រមទាំង៥នេះ គឺបានន័យថា យើងអត់បានដឹងពីចំណុចខ្សោយរបស់យើងនៅកន្លែងណា? បើយើងមិនទៅឆ្លុះកញ្ចក់ទេ យើងមិនដឹងថា មុខយើងមានអីប្រឡាក់នៅកន្លែងណាដែរ។ បើយើងមានប្រឡាក់ប្រឡូស យើងត្រូវងូតទឹក ហើយដុសក្អែលវាទៅ ហើយបើមានជំងឺយើងព្យាបាលវាទៅ ប៉ុន្តែបើសិនជាព្យាបាលមិនកើតទេ ត្រូវតែកាត់ចេញតែម្តងទៅ»។
លោកបានបន្តទៀតថា អភិក្រមនេះ ចោលមិនបានទេ។ ការចោលអភិក្រមនេះគឺស្មើនឹងបរាជ័យ ហើយស្មើនឹងធ្វើឱ្យបក្សនយោបាយមួយដួលរលំរលាយបាន។ សម្រាប់រដ្ឋាភិបាលថ្មី យកឬមិនយកគឺជារឿងមួយ ប៉ុន្តែលោកបានអំពាវនាវឱ្យសមាជិកគណបក្សទាំងអស់ ប្រើប្រាស់អភិក្រមនេះដោយចៀសវាងមិនបាន៕