​ភ្នំពេញៈ លោក ឃឹម ហ្វី​ណង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បានឱ្យដឹងថា បើទោះបីជា​តំបន់​ខ្លះ​ដែល​កំពុង​ជួប​បញ្ហា​ខ្វះ​ទឹក​ក៏ដោយ ក៏​ក្រសួង​មិន​រំពឹងទុក​ថា ទិន្នផល​ស្រូវប្រាំង​ឆ្នាំនេះ​នឹង​ថយចុះ​នោះទេ ព្រោះ​តំបន់​ដែល​កំពុង​ជួប​បញ្ហា​ខ្វះ​ទឹក​ទាំងនេះ ភាគច្រើន​ជា​តំបន់​ដែល​តែងតែមាន​ហានិភ័យ មិន​សមស្រប​នឹង​ការ​បង្កបង្កើនផល​ស្រូវប្រាំង និង​មិន​ត្រូវបាន​ចាត់បញ្ចូល​នៅក្នុង​ផែនការ​ផលិតកម្ម​ទេ​។​

​បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​ស្ថាន​ភាព​ផ្គត់ផ្គង់​ទឹក​សម្រាប់​ការ​បង្កបង្កើនផល​ស្រូវប្រាំង​នៅក្នុង​ខេត្តពោធិ៍សាត់ ជាមួយនឹង​ក្រុមការងារ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត កាលពីពេល​ថ្មីៗ​នេះ លោក ឃឹម ហ្វី​ណង់ បានលើកឡើង​កាលពី​ថ្ងៃទី​​ ១៤ ខែមករា​ថា​៖ «​ឆ្នាំកន្លងមក យើង​តែង​ជួប​បញ្ហា​ខ្វះខាត​ទឹកតែ​ពេល​មាន​គ្រោះរាំងស្ងួត​ទេ តែ​សម្រាប់​ឆ្នាំនេះ មិនទាន់​ទាំង​មាន​គ្រោះរាំងស្ងួត​ផង បែរជា​យើង​ប្រឈម​នឹង​បញ្ហា​នេះ​បាត់ទៅហើយ ទោះបីជា​យើង​បាន​ត្រៀម​ផែនការ​ផ្គត់ផ្គង់​ទឹក​ទុកជាមុន​បាន​យ៉ាង​សមរម្យ​រួចជាស្រេច​ហើយក៏​ដោយ​»​។​

​លោក​បញ្ជាក់ថា​៖ «​មាន​អ្នកយល់ច្រឡំ​ថា អាជ្ញាធរ​ហាម​ឃាត់​មិនឱ្យ​កសិករ​ធ្វើស្រែ​លើ​កន្លែង​ដែល​ពួកគាត់​តែងតែ​ធ្វើ តែ​តាមពិតទៅ បញ្ហា​កើតចេញពី​ការដែល​ប្រជាពលរដ្ឋ​នាំគ្នា​សម្រុក​ធ្វើ​នៅលើ​កន្លែង​ដែល​ធ្លាប់ធ្វើ​ទៅវិញ​ទេ ព្រោះ​ឆ្នាំនេះ​ស្រូវ​លក់បាន​ថ្លៃ ទោះបីជា​ដឹង​មុន​ថា​នឹងមាន​ហានិភ័យ​ក៏ដោយ ដែលជា​ហេតុ​ធ្វើឱ្យ​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​រដ្ឋបាលខេត្ត គ្មាន​ជម្រើស​អ្វី​ក្រៅពី​ប្រញាប់​ជូនដំណឹង​ពី​ការខ្វះខាត​ទឹក​នោះទេ​»​។​

​លោក ឃឹម ហ្វី​ណង់ បាន​ថ្លែង​បន្តទៀតថា ការផ្តល់​ព័​ត៌​មាន​ត្រឹមត្រូវ និង​ទាន់ពេល​​វេលា​ដល់​កសិករ គឺជា​អភិបាល​កិច្ច​ដែល​មានការ​ទទួលខុស​ត្រូវ ក្នុង​ចេតនា​ព្យាយាម​ការពារ​អ្នក​ដែល​បាន​ជ្រុល​ជា​ចាប់ផ្តើម​រួចហើយ​កុំឱ្យ​ខ្វះ​ទឹក​ពាក់កណ្តាល​ទី និង​ណែនាំ​អ្នកថ្មី​កុំឱ្យ​ចាប់​ផ្តើមធ្វើ​បន្ថែមទៀត​តែប៉ុណ្ណោះ ដែល​អាច​នាំឱ្យ​មានការ​ខាត​បង់​រឹតតែ​ច្រើន​។​

​លោក​ថ្លែងថា​៖ «​ទោះជា​យ៉ាងណាក៏ដោយ ពេល​កសិករ​ជួប​បញ្ហា យើង​មិន​ខ្វល់​ថា អ្នក​​ណា​ខុស​អ្នកណា​ត្រូវ​នោះទេ អ្វីដែល​អាចជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​បាន​ភ្លាមៗ អាជ្ញា​ធរ​នឹង​ព្យាយាម​ធ្វើឱ្យ​អស់ពី​លទ្ធភាព​»​។​

​លោក ចាន់ យុ​ត្ថា អ្នក​នាំ​ពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ១៥ ខែមករា ឆ្នាំ​ ២០២៤ ដែរ​ថា កាលពី​ថ្ងៃទី​ ១៤ ខែមករា ក្រុមការងារ នៃ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ចុះ​ពិនិត្យ​ការងារ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​រដូវប្រាំង នៅ​ឃុំ​​គោក​បន្ទាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​លោក​បាន​ប្រាប់ថា បើតាម​ការរាយការណ៍​របស់​ក្រុម​​ការងារ​ក្រសួង ផ្ទៃដី​ស្រូវប្រាំង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៧០០​ ហិកតា នៅ​ឃុំ​គោក​​បន្ទាយ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង កំពុង​បន្តធ្វើ​ការសង្គ្រោះ ដែល​ជំហាន​ដំបូង​នៃ​ការអន្តរាគមន៍​មន្ទីរ​បាន​យក​គ្រឿងចក្រ​ចំនួន ២​ គ្រឿង កាយ​ស្តារ​ប្រឡាយ​ដើម្បី​នាំ​ទឹក ខណៈ​នាយកដ្ឋាន​ធារាសាស្ត្រ​កសិកម្ម​នឹង​បញ្ជូន​ម៉ាស៊ីន​បូម​​ទឹក ៨​ គ្រឿង​បូមទឹក​ជូន​ប្រជា​ពលរដ្ឋ​ដើម្បី​បម្រើ​ការងារ​ស្រោចស្រព​។​

​លោក​បាន​បញ្ជាក់ទៀតថា​៖«​កន្លងមក​ស្រូវប្រាំង​ក្នុង​តំបន់​នេះ​ធ្លាប់​បានទទួល​ទឹក​ពី​ស្ទឹង​​ជ្រៃ​បាក់ តែ​បច្ចុប្បន្ន​ប្រភពទឹក​ពី​ស្ទឹង​ជ្រៃ​បាក់​មិនបាន​យកមក​ផ្គត់ផ្គង់​នៅ​តំបន់​នេះ​ទេ ដោយសារតែ​ផ្នែក​ខាងលើនេះ​រាល់​ឆ្នាំ​មិនដែល​ធ្វើ​ស្រូវប្រាំង​លើ​ផ្ទៃដី​ស្រូវវស្សា​ទេ ទើបតែ​ឆ្នាំនេះ​មាន​ការធ្វើ​ស្រូវប្រាំង​លើ​ផ្ទៃដី​ស្រូវវស្សា​។ ស្រូវ​នៅ​តំបន់​នេះ​ពុំមាន​បញ្ហា​ខ្វះ​ទឹក​ទេ ដោយសារ​មាន​ប្រភពទឹក​មួយកន្លែង​ទៀត​ពី​បឹង​ធំ​ដែល​អាច​ធានាបាន​រហូត​ដល់ពេល​ប្រមូល​ផល​»​។​

​លោក ចាន់ យុ​ត្ថា បាន​ថ្លែងបន្តថា នៅក្នុង​ឆ្នាំ ​២០២៤​ នេះ កម្ពុជា​អាច​ទទួលរង​សី​តុ​ណ្ហ​​ភាព​ក្ដៅ និង​បរិមាណ​ទឹកភ្លៀង​តិចជាង​បណ្ដា​ឆ្នាំ​កន្លងទៅ ដោយសារតែ​បាតុភូត​សកល​អែល​នី​ណូ​។ មួយផ្នែក​ទៀត ទឹកទន្លេ​មាន​កម្រិត​ទាប មិនអាច​ហូរ​ចូល​សព្វ​អាង បឹងបួ និង​ព្រែក​ធម្មជាតិ​មួយចំនួន នៅ​អម​សងខាង​ទន្លេមេគង្គ​លើ មេគង្គ​ក្រោម ទន្លេបាសាក់ និង​ទន្លេសាប បាន​ច្រើន​ទេ​។​

​លោក យុ​ត្ថា ថ្លែងថា​៖«​លក្ខ​ខណ្ឌ​អាកាសធាតុ​បែបនេះ នឹងធ្វើ​ឱ្យ​ទឹក​ហួត ឬ​រីងស្ងួត​ឆាប់​​រហ័ស​។ ដូចនេះ ខ្ញុំ​សូម​ណែ​នាំឱ្យ​ពលរដ្ឋ​ធ្វើស្រែ​ប្រាំង​តែ​១​លើក​ប៉ុណ្ណោះ ដើម្បី​រក្សា​ទឹក​ទុក​ប្រើប្រាស់​ក្នុង​ជីវភាព​រស់​​នៅ​ប្រចាំថ្ងៃ ចៀសវាង​ការខ្វះ​ខាត ឬ​ប្រឈម​ខ្លាំង ដូចដែល​កម្ពុជា​ធ្លាប់​ជួប​កាលពី​ឆ្នាំ​ ២០១៥ និង​ ២០១៦»​។​

​អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក​ដដែល បាន​ថ្លែង​បន្ថែមថា គ្រប់​រាជធានី​ខេត្ត អាច​ប្រឈម​ខ្វះ​ទឹក​ប្រើប្រាស់ បើសិន​ពល​​រដ្ឋ​មិន​ព្រម​អនុវត្តតាម​ផែនការ​បង្កបង្កើន​ស្រូវប្រាំង ដែល​ដាក់ចេញ​ដោយ​មន្ទីរ​ធនធានទឹក មន្ទីរ​កសិកម្ម និង​រដ្ឋបាលខេត្ត​។​

​យោងតាម​សេចក្តីជូនដំណឹង​បន្ថែម​របស់​ក្រសួង​ធនធានទឹក ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ១២ ខែមករា ឆ្នាំ​ ២០២៤ បានឱ្យដឹងថា រដូវប្រាំង នឹង​បន្ត​អូសបន្លាយ​រហូតដល់​ដើមខែ​ឧសភា ឆ្នាំ​ ២០២៤ ខណៈ​ក្រសួង​ក៏​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន​ឱ្យចូល​រួម​សហ​​ការថែរក្សា ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​ក្នុង​កម្រិត​ខ្ពស់ ជា​ពិសេស​បណ្តា​តំបន់​ជនបទ​ដាច់ស្រយាល ដែល​នៅ​ឆ្ងាយ​ពី​ប្រភពទឹក​។​

​ក្រសួង​បន្តថា បន្ទាប់ពី​បានធ្វើ​ការតាមដាន និង​ព្យាករ​ស្ថានភាព​អាកាស​​ធាតុ​រួចមក ស្ថានភាព​អាកាស​ធាតុ​ដូចនេះ​បន្ត​នៅក្នុង​រដូវប្រាំង ដែល​ក្នុងនោះ សីតុណ្ហភាព​មានការ​ប្រែប្រួល​ខ្លាំង ជាមួយនឹង​សីតុណ្ហភាព​ក្តៅ​កើនឡើង ខ្ពស់ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ និង​ក្តៅ​ជាង​ឆ្នាំ​ ២០២៣ ដោយ​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៧​ អង្សា​ C និង​សីតុណ្ហភាព​អតិបរមា​ខ្ពស់បំផុត​រង្វង់ ៤១​ អង្សា​C  នៅក្នុង​ខែមេសា និង​ដើម​ខែឧសភា​៕