ភ្នំពេញៈ របាយការណ៍របស់រដ្ឋបាលជលផលបានឱ្យដឹងថា ការចិញ្ចឹមត្រីបែបវារីវប្បកម្ម នៅទូទាំងប្រទេសក្នុងរយៈពេល ១២ ខែ ក្នុងឆ្នាំ ២០២៣ សម្រេចបានក្នុងបរិមាណចំនួន ៣១៤ ០០០ តោនស្មើនឹង ៨៧,២២ ភាគរយ នៃផែនការចំនួន ៣៦០ ០០០ តោន និងថយចុះចំនួន ១៦ ៦០០ តោន ឬស្មើ ៥ ភាគរយប្រៀបធៀបឆ្នាំ ២០២២។
លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានប្រាប់ឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ កន្លងទៅ រដ្ឋបាលជលផលបានតាមដាន និងត្រួតពិនិត្យសំណល់ឱសថវារីសត្វ និងសារធាតុគីមីហាមឃាត់នៅកសិដ្ឋានវារីវប្បកម្មចំនួន ៧៩ និងត្រួតពិនិត្យការអនុវត្តអនាម័យល្អនៅកន្លែងកែច្នៃ ៦០ ទីតាំង និងបានចេញវិញ្ញាបនបត្រសុខភាពសម្រាប់នាំចេញផលិតផលជលផលចំនួន ៨៨០ តោន ទៅកាន់ប្រទេសចិន និងប្រទេសថៃ។
នៅក្នុងឆ្នាំ ២០២៤ នេះរដ្ឋបាលជលផល នឹងជំរុញការអភិវឌ្ឍវារីវប្បកម្មតាមគ្រប់រូបភាព ដោយសិក្សាពីតម្រូវការទីផ្សារធ្វើផែនការផលិតកម្មច្បាស់លាស់ជំរុញការផលិតពូជដែលមានគុណភាព ពង្រឹងការអនុវត្តបច្ចេកទេសវារីវប្បកម្មឱ្យមានប្រសិទ្ធភាព និងបង្កើតបណ្តុំវារីវប្បករដើម្បីងាយស្រួលក្នុងការផ្ដល់បច្ចេកទេសនិងរកទីផ្សារ។
លោកពុំ សុថា បញ្ជាក់ថា ៖«រដ្ឋបាលជលផល នឹងបន្តជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផល និងពង្រឹងសមត្ថកិច្ចក្នុងការត្រួតពិនិត្យ និងវិភាគគុណភាព សុវត្ថិភាពផលនៃផលិតផលជលផល»។
លោក ឡែមផូរ វរិទ្ធិ មន្ត្រីអភិវឌ្ឍន៍សមាគម និងជាអ្នកនាំពាក្យសមាគមវារីវប្បករកម្ពុជា ក៏បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៤ ខែមករា ដែរថា កាលពីដើមឆ្នាំ ២០២៣ សមាគម ធ្លាប់បានវាយតម្លៃថា មានវារីវប្បករ ដែលជាសមាជិករបស់សមាគមប្រមាណពី ៥០ ទៅ ៦០ ភាគរយបានសម្រេចចិត្តទុកស្រះឱ្យទំនេរចោលក្រោយប្រមូលផល ដោយមិនមានការសម្អាត និងដាក់កូនត្រីចិញ្ចឹមបន្តនោះទេ ដោយសារតែកាលនោះតម្លៃត្រីទាបខ្លាំងពេក ដែលធ្វើឱ្យពួកគាត់មិនអាចចំណេញបាន។
ប៉ុន្តែលោកបញ្ជាក់ថា ស្ថានភាពនេះបានប្រែប្រួល ចាប់តាំងពីខែកក្កដា ឆ្នាំ ២០២៣ មកដោយសារតម្លៃត្រីចាប់ផ្តើមកើនឡើងវិញខ្លាំង ដោយត្រីប្រាធ្លាប់តែ ១ គីឡូក្រាម ៤ ០០០ រៀលឡើងដល់ ៥ ២០០ រៀល, ត្រីឆ្តោ ១ គីឡូក្រាម ៩ ០០០ រៀល ឡើង ១២ ០០០ រៀល។ ហេតុដូចនេះ អ្នកដែលធ្លាប់ផ្អាកចិញ្ចឹមត្រី បែរជាងាកមកចាប់ផ្តើមចិញ្ចឹមត្រីវិញ។
លោក ឡែមផូរ វរិទ្ធិ បានបញ្ជាក់ទៀតថា៖«ដោយសារតែវារីវប្បករបានជួបការលំបាកខ្លះដោយសារតែផុតខែដែលសម្បូរកូនត្រីពូជ (ខែឧសភា ឬមិថុនា) ធ្វើឱ្យវារីវប្បករយើងពិបាករកទិញកូនត្រីពូជមកដាក់។ ដូចនេះអ្នករកពូជបានក៏ចិញ្ចឹម អ្នកខ្លះទៀតរកមិនបានក៏មិនបានចិញ្ចឹមដែរដោយអ្នកដែលរកកូនត្រីមកចិញ្ចឹមបាន មានប្រហែលពាក់កណ្តាលនៃអ្នកធ្លាប់ផ្អាកចិញ្ចឹម»។
អ្នកនាំពាក្យសមាគមវារីវប្បករកម្ពុជា ដដែលបានលើកឡើងថា ជាទូទៅ នៅរៀងរាល់ខែធ្នូ ឬខែមករានេះ គេប្រមូលផលត្រីហើយ តែមកទល់ពេលនេះ មិនទាន់ប្រមូលផលលក់បាននៅឡើយទេដោយសារត្រីនៅស្ទើរ ព្រោះពួកគាត់មួយចំនួនធំ ទើបតែសម្រេចចិត្តចិញ្ចឹមត្រីនៅខែកក្កដា ឆ្នាំមុន។
ចំពោះវារីវប្បករដែលបានចិញ្ចឹមត្រីនៅក្នុងអំឡុងខែឧសភា ឆ្នាំ ២០២៣ បានប្រមូលផលហើយ ដោយលក់បាននៅក្នុងតម្លៃល្អ ខណៈការចិញ្ចឹមនៅក្នុងខែកក្កដា ឬខែសីហា អាចនឹងប្រមូលផលនៅខែមីនា ខាងមុខ។
លោក ឡែមផូរ វរិទ្ធិ បញ្ជាក់ថា៖ «បើតាមខ្ញុំស្ទាបស្ទង់មើលពីមតិរបស់កសិករ ក៏ដូចជាវារីវប្បករយើងនៅឆ្នាំ ២០២៤ នេះ ក្រោយពីប្រមូលផលត្រីក្នុងអំឡុងខែមីនា ឬមេសាហើយពួកគាត់អាចនឹងចិញ្ចឹមច្រើនឡើងវិញដោយសារតែតម្លៃត្រីល្អនាមួយរយៈពេលចុងក្រោយនេះ»។
បើតាមសមាគមវារីវប្បករកម្ពុជាបច្ចុប្បន្នសមាសភាពមានដូចជាវារីវប្បករចិញ្ចឹមត្រីក្នុងស្រះ រោងចក្រ ឬក្រុមហ៊ុនផលិតចំណី, អ្នកកែច្នៃត្រី ឈ្មួញបោះដុំ វារីវប្បករចិញ្ចឹមត្រីក្នុងបែ កសិដ្ឋានបង្កាត់ភ្ញាស់ឈ្មួញប្រមូលទិញត្រីតាមស្រះ ដេប៉ូចែកចាយចំណី បុគ្គលិកសាកលវិទ្យាល័យ វារីវប្បករ ចិញ្ចឹមត្រីក្នុងស្រះ និងអ្នកផ្សាំកូនត្រី៕