ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសបារាំងមិនមែនជាការចៃដន្យទេ តែបារាំងបានផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត នយោបាយ សេដ្ឋកិច្ច រវាងកម្ពុជានិងបារាំង ខណៈអ្នកស្រាវជ្រាវមើលឃើញពីភាពស្និទ្ធស្នាលកាន់តែខ្លាំងឡើងបន្ទាប់ពីមានជំនួបជាបន្ដបន្ទាប់រវាងថ្នាក់ដឹកនាំប្រទេសទាំង២។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងដូចនេះក្នុងពេលលោកជួបជាមួយពលរដ្ឋខ្មែររស់នៅទ្វីបអឺរ៉ុបប្រមាណជាង ២ ពាន់នាក់ ដើម្បីសួរសុខទុក្ខ និងសំណេះសំណាលប្រកបដោយស្មារតីខ្មែរតែមួយ ជាពិសេសក៏បានឆ្លៀតឱកាសក្នុងការធ្វើបច្ចុប្បន្នភាពពីស្ថានភាពសុខសន្តិភាព ការអភិវឌ្ឍ និងសេចក្តីសុខសាន្តរបស់កម្ពុជា។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា៖«ការដែលខ្ញុំមកទស្សនកិច្ចនេះមិនមែនជាការចៃដន្យ ឬខ្ញុំចេះជិះយន្តហោះមកឬសុំគេមកទេ។ រាល់ទស្សនកិច្ចផ្លូវការ ផ្លូវរដ្ឋគឺតែងតែមានការអញ្ជើញ ហើយការទស្សនកិច្ចផ្លូវការរវាងបារាំង និងកម្ពុជាមានលក្ខណពិសេសដែលជាធម្មតាគឺយើងមានអ្នកដែលស្មើគ្នា តែសម្រាប់បារាំង និងកម្ពុជាគឺមានប្រធានាធិបតីតែម្តងជាអ្នកចេញលិខិតអញ្ជើញ មានន័យថា កម្រិតខ្ពស់បំផុតក្នុងប្រទេសបារាំង»។
លោកបានបញ្ជាក់ទៀតថា៖«ទាំងនេះបញ្ជាក់ឱ្យឃើញថា បារាំងបានវាយតម្លៃ និងផ្តល់តម្លៃចំពោះទំនាក់ទំនងការទូត ទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរវាងកម្ពុជា និងបារាំង ដែលនេះជាមោទនភាពរបស់យើង ហើយយើងក៏ផ្តល់ការឆ្លើយតបស្មើភាពគ្នា។ ទំនាក់ទំនងរវាងកម្ពុជា-បារាំងដែលមានតាំងពីយូរមកហើយ ហើយក៏ជាទំនាក់ទំនងប្រវត្តិសាស្ត្រដែលយើងត្រូវបន្តដែរ»។
លោក ម៉េង ថុងដាវិត ប្រធានផ្នែកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានថ្លែងនៅថ្ងៃទី ១៥ ខែមករាថា ទំនាក់ទំនងកម្ពុជា និងបារាំងហាក់បីដូចជាមានការងើបឡើង និងស្និទ្ធស្នាលកាន់តែខ្លាំង បន្ទាប់ពីការទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជា តបការអញ្ជើញរបស់លោកប្រធានាធិបតីបារាំង និងដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលនាពេលនេះ។
លោកបានថ្លែងថា៖«កម្ពុជាវាយតម្លៃខ្ពស់ទៅលើតួនាទីរបស់បារាំងក្នុងការកសាងសន្តិភាពនិងអភិវឌ្ឍនៅកម្ពុជាស្ទើរគ្រប់វិស័យដែលជាកត្តាសំខាន់ធ្វើឱ្យសេដ្ឋកិច្ច និងសង្គមកម្ពុជាមានការរីកចម្រើនជាខ្លាំង។ ដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រីនឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុសណ្ឋានលើវិស័យសេដ្ឋកិច្ច និងសង្គមបន្ថែមទៀតដល់កម្ពុជា ក៏ដូចជាការជំរុញការវិនិយោគ និងអ្នកទេសចរបារាំងបន្ថែមទៀតមកកម្ពុជា»។
លោក ថុងដាវិត បានបន្ថែមថា កម្ពុជានឹងចូលរួមជាមួយបារាំងក្នុងការលើកកម្ពស់ច្បាប់អន្តរជាតិ កិច្ចសហប្រតិបត្តិការរក្សាសន្តិភាព និងសន្តិសុខពិភពលោក ការពង្រឹងលើការបង្កើតយន្តការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងការវិនិយោគ និងកសាងហេដ្ឋារចនាសម្ព័ន្ធ ស្បៀងអាហារ និងថាមពលបៃតង។
ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់លោកហ៊ុន ម៉ាណែតនេះដែរ លោកសម រង្ស៊ី ដែលកំពុងរស់នៅប្រទេសបារាំងក៏បានសរសេរលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ១៣ ខែមករាដោយប្រាប់ទៅលោកប្រធានាធិបតីបារាំង Emmanuel Macron កុំឱ្យគាត់ចាញ់បោកត្រកូលហ៊ុន។
ជាការឆ្លើយតបនឹងការលើកឡើងនេះលោក ហ៊ុន ម៉ាណែត បានថ្លែងថា មុននឹងប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីនៃប្រទេសនីមួយៗ ជាពិសេសប្រទេសមហាអំណាចដូចជាប្រទេសបារាំងជាដើមសម្រេចចិត្តផ្ញើលិខិតអញ្ជើញប្រមុខរាជរដ្ឋាភិបាលកម្ពុជាមកទស្សនកិច្ចប្រទេសគេ គឺប្រាកដជាមានការវាយតម្លៃគ្រប់ជ្រុងជ្រោយ និងមើលឃើញពីអត្ថប្រយោជន៍នៃទំនាក់ទំនងនេះហើយទើបមានការអញ្ជើញមក។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «អ៊ីចឹង បើគិតថាប្រធានាធិបតីម៉ាក្រុងហៅខ្ញុំមកនេះ ហើយខ្លាចខ្ញុំមកបោក អាហ្នឹងខ្ញុំមិនដឹងថាយ៉ាងម៉េចទេ ហើយបើប្រធានាធិបតីមហាអំណាចមួយឱ្យខ្ញុំមកបោកបានគឺចប់ហើយ។ វាគ្មានអីដែលត្រូវបោក កិច្ចការទាំងអស់ដែលត្រូវធ្វើក្នុងនាមប្រមុខរដ្ឋាភិបាល រាជរដ្ឋាភិបាលភារកិច្ចរបស់យើងធ្វើដើម្បីជាតិ និងប្រជាជន គ្មានទេផលប្រយោជន៍របស់បុគ្គល»។
ជាមួយគ្នានោះ លោកក៏បានលើកឡើងដែរថា ក្នុងនាមអ្នកនយោបាយ ចង់អ្នកឯងស្រឡាញ់ឬមិនស្រឡាញ់រដ្ឋាភិបាលក៏ដោយ តែគួរតែឱ្យតម្លៃទៅលើអ្វីដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិរបស់ខ្លួនជាជាងយកនយោបាយដាក់មុខគ្រប់ពេល។
លោកថា៖ «គិតអំពីផលប្រយោជន៍ជាតិជាជាងផលប្រយោជន៍នយោបាយ ហើយដាក់នយោបាយចំពោះមុខទាំងអស់។ ខ្ញុំមិនបន់ឱ្យស្រឡាញ់ខ្ញុំទេ ខ្ញុំមិនថាឱ្យឈប់រិះគន់នោះទេ វាជាសិទ្ធិរបស់គាត់ ប៉ុន្តែយ៉ាងហោចណាស់គួរឱ្យគិតថាពេលណាផលប្រយោជន៍ជាតិតម្កល់ យើងរួមគ្នាទៅ ដើម្បីប្រទេសជាតិរបស់យើង»។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ផងដែរថា វត្តមានរបស់លោកនៅអឺរ៉ុបលើកនេះមានគោលដៅ ២ គឺការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដារ៉ូស ប្រទេសស្វ៊ីស និងទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង។
លោកបានឱ្យដឹងដែរថា ក្នុងរយៈពេល ៦ ថ្ងៃនេះ លោកមានកម្មវិធីប្រជុំប្រមាណជាង ៤០ ហើយបើជំនួបរបស់លោកជាមួយដៃគូអន្តរជាតិត្រឹម ១៥ នាទីអាចទាក់ទាញការវិនិយោគរបស់ពួកគាត់នៅកម្ពុជានោះ លោកត្រូវតែចំណាយពេលជួប ព្រោះកិច្ចការទាំងនេះគឺជាប្រយោជន៍ដើម្បីប្រជារាស្ត្រកម្ពុជា។
រីឯលោកហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានលើកឡើងនៅថ្ងៃទី ១៥ មករាថា បារាំងចង់បង្កើតឱ្យមានចំណងទាក់ទងមួយរវាងអាជ្ញាធរជាន់ខ្ពស់របស់ប្រទេសបារាំងជាមួយនាយករដ្ឋមន្ត្រីកម្ពុជា។មួយទៀតក៏ចង់ឱ្យមានកិច្ចសន្ទនានយោបាយមួយដែលមានការពង្រឹង និងពង្រីកថែមទៀតហើយប្រធានបទមួយចំនួនដែលភាគីទាំង ២ ធ្លាប់បានពិភាក្សាក៏លើកយកទៅពិភាក្សាម្តងទៀតផងដែរ។
លោកបានបញ្ជាក់ថា៖«ដំណើរទស្សនកិច្ចរបស់សម្តេចហ៊ុន ម៉ាណែត បង្ហាញពីសារៈសំខាន់ដែលប្រទេសបារាំងផ្តល់ឱ្យប្រទេសកម្ពុជា ហើយយើងសងេ្កតឃើញថា ដំណើរទស្សនកិច្ចនេះជាដំណើរទស្សនកិច្ចដំបូងរបស់សម្តេចធិបតីនៅទ្វីបអឺរ៉ុប យើងសង្កតឃើញឆន្ទៈនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំង២»។
លោក ហ្សាក់ បឺឡេ បានបន្ដថា៖ «ប្រទេសកម្ពុជាសម្រាប់ប្រទេសបារាំង គឺជាច្រកចូល ១ នៃគោលនយោបាយរបស់បារាំងចូលមកក្នុងអាស៊ាន ជាពិសេសយើងមានមជ្ឈមណ្ឌលបណ្តុះបណ្តាលកងទ័ពមួកខៀវកម្ពុជាមួយដែលមានការចូលរួមពីកងទ័ពមួកខៀវនានានៅអាស៊ាន ហើយយើងបានលិខិតបញ្ជាក់ពីអង្គការសហប្រជាជាតិ»។
សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំង ចាប់ពីថ្ងៃ ១៨-១៩ ខែមករា ឆ្នាំ២០២៤ តបតាមការអញ្ជើញ របស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង។សូមរំឭកផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានទទួលព្រះរាជសវនាការព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅវិមានអេលីហ្សេប្រទេសបារាំង ដោយភាគីបារាំងចាត់ទុកថា ជំនួបនោះឆ្លុះបញ្ចាំងឱ្យឃើញពីឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងពិសេសរវាងបារាំង និងកម្ពុជាឱ្យកាន់តែស៊ីជម្រៅថែមទៀត៕