ភ្នំពេញៈ យុវជនប្រមាណ ២៥ ០០០ នាក់ ជាជនមកពីក្រុមគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងសង្គមបានចុះឈ្មោះចូលរៀន ក្នុងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នៅរាជធានីភ្នំពេញ នៅពេលដែលវិទ្យាស្ថាននេះបានប្រកាសបើកទ្វារកាលពីម្សិលមិញ។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងក្នុងពិធីប្រកាសបើកវគ្គបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះបានបញ្ជាក់ថា មានយុវជនប្រមាណ ២៥ ០០០ នាក់ បានចុះឈ្មោះក្នុងអំឡុងពេលនៃដំណើរការចុះប្រមាណ ២ ខែ មុនពេលដែលវិទ្យាស្ថានបើកបង្រៀនជាផ្លូវការនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ក្នុងចំណោមនេះ មានយុវជនប្រមាណ ៤០ ភាគរយ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
លោកថ្លែងថា៖ «ការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) គឺជាស្ពាន ១ ដែលមានភាពបត់បែនងាយស្រួល និងរយៈពេលខ្លីសម្រាប់យុវជនកម្ពុជា អាចចាប់យកជំនាញ ១ ដែលអាចបង្កើនចំណូល ១ សម្រាប់ជួយទ្រទ្រង់ខ្លួនឯងផង និងដើម្បីជួយសម្រាលបន្ទុកគ្រួសារផងដែរ»។
លោក ហេង សួរ បានថ្លែងទៀតថា៖ «នេះជាការបញ្ជាក់ឱ្យឃើញពីប្រសិទ្ធភាពនៃគោលនយោបាយ ក៏ដូចជាកម្មវិធី ដែលសម្តេចនាយករដ្ឋមន្ត្រីដាក់ចេញសម្រាប់ក្រសួងការងារអនុវត្តផងដែរ ហើយទោះបីជាថ្ងៃនេះ (១៥មករា) យើងបានប្រកាសបើកបវេសនកាលសម្រាប់វគ្គរបស់យើងក៏ដោយ ប៉ុន្តែបេសកកម្មរបស់ក្រសួង ក៏ដូចជាប្អូនៗក្មួយៗ និងសាលាទាំងអស់ គឺមិនទាន់ចប់ទេ»។
លោក ហេង សួរ បានបន្តថា ៖ «លទ្ធផលចុងក្រោយ ដែលសម្តេចធិបតីចង់ឃើញ គឺគ្រប់គ្នាពេលដែលរៀនចប់ គឺចេះ ហើយមានការងារធ្វើ ទោះបីជាបងប្អូនបានចូលរៀន បានចុះកម្មសិក្សា ចុងក្រោយមានតែសញ្ញាបត្រ តែគ្មានការងារធ្វើ នោះក៏មិនមែនជាលទ្ធផលជោគជ័យសម្រាប់ក្រសួងក្នុងការឆ្លើយតបចំពោះសម្តេចធិបតីទេ»។
នាពិធីនោះដែរ លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងដែរថា វាជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់យុវជន ក្នុងការជ្រើសរើសជំនាញវិជ្ជាជីវៈមួយដ៏ត្រឹមត្រូវប្រចាំជីវិតរបស់ខ្លួន។
លោកបានបន្តថា កម្មវិធីបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ជារបៀបវារៈដ៏សំខាន់ ដែលត្រូវបានដាក់បញ្ចូលក្នុងគោលនយោបាយអាទិភាព ក្នុងចំណោមគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាល។
លោក ផាន់ ផល្លា បានបញ្ជាក់ថា៖ «ជាការពិតណាស់ ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយចំណេះដឹង និងជំនាញ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ប្រសិនបើយើងចង់ឱ្យប្រទេសយើងក្លាយទៅជាប្រទេសមួយ ដែលសម្រេចបានចក្ខុវិស័យជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០»។
លោកបានបន្តថា ការអប់រំទូទៅតែ ១ មុខ មិនគ្រប់គ្រាន់សម្រាប់ឱ្យកម្ពុជាសម្រេចបានការអភិវឌ្ឍមូលធនមនុស្សប្រកបដោយមហិច្ឆតានេះបានទេ ហើយការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស គឺជាកត្តាគន្លឹះក្នុងការបំពាក់កម្លាំងពលកម្មកម្ពុជានូវជំនាញចាំបាច់ ដែលជាដើមទុនក្នុងការប្រកបរបរ និងស្វែងរកការងារក្នុងន័យលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួន ក៏ដូចជាអនុញ្ញាតឱ្យកម្លាំងពលកម្មទាំងនេះ ចូលរួមក្នុងសកម្មភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
បើតាមរបាយការណ៍របស់លោក ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋាន អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ បានឱ្យដឹងថា គិតចាប់តាំងប្រកាសដាក់ឱ្យអនុវត្តកម្មវិធីបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ រហូតមកទល់នឹងថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ សិស្សចុះឈ្មោះចូលរួមទូទាំងប្រទេសមានចំនួន ២៤ ៤៣៣ នាក់ (ស្រី ៨ ៥៧៩នាក់) ក្នុងនោះនៅរាជធានីភ្នំពេញ មានចំនួន ៩ ៣២៨ នាក់។
លោកបន្តថា វិស័យចំនួន ៥ ដែលពេញនិយមចុះឈ្មោះចូលរៀនជាងគេក្នុងចំណោមវិស័យ ១០ រួមមាន៖ ផ្នែកធុរកិច្ច និងព័ត៌មានវិទ្យា, សំណង់,មេកានិកទូទៅ និងមេកានិករថយន្ត,បរិក្ខារត្រជាក់ និងកម្ដៅ និងផ្នែកទេសចរណ៍៕