ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ព័ត៌មានដោយប្រកាន់គោលជំហរលើនយោបាយចិនតែ ១ ឆ្លើយតបទៅនឹងការវិវឌ្ឍថ្មីនៅតៃវ៉ាន់ ពោលគឺក្រោយតៃវ៉ាន់បញ្ចប់ការបោះឆ្នោតជ្រើសរើសសមាជិកសភា និងប្រធានាធិបតី ខណៈចិនប្រកាសថា តៃវ៉ាន់នៅតែជាផ្នែកមួយរបស់ចិនដដែល។
សេចក្តីថ្លែងការណ៍ព័ត៌មានរបស់ក្រសួងការបរទេស នាថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ បានបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់ អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់សាជាថ្មីពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជាចំពោះគោលនយោបាយចិន ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិនជាអាជ្ញាធរស្របច្បាប់តែ ១ គត់តំណាងឱ្យប្រទេសចិនទាំងមូល»។
សូមបញ្ជាក់ថា នៅថ្ងៃទី ១៣ ខែមករា តៃវ៉ាន់បានដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងសមាជិកសភា ដែលជាលទ្ធផលគណបក្សប្រជាធិបតេយ្យចម្រើននិយម ដែលមានលោក William Lai ឬ លោក Lai Ching Te ជាបេក្ខជនតំណាង ដែលស្និទ្ធនឹងលោកស្រី សៃ អ៊ីងវិន ប្រធានាធិបតីបច្ចុប្បន្នបន្តឈ្នះឆ្នោតជាលើកទី ៣ ក្នុងលទ្ធផលឈ្នះឆ្នោតបឋមប្រមាណ ៤០,១% ខណៈគណបក្សកំពុងកាន់អំណាចនេះមានជំហរប្រកាសឯករាជ្យពីប្រទេសចិន។
នៅថ្ងៃទី ១៤ ខែមករា ក្រសួងការបរទេសតៃវ៉ាន់បានចេញសេចក្តីប្រកាសអំពាវនាវដល់ភាគីចិនឱ្យគោរពលទ្ធផលបោះឆ្នោតរបស់ខ្លួន ហើយទទួលស្គាល់ការពិតដោយត្រូវបញ្ឈប់ការគំរាមកំហែងមកលើតៃវ៉ាន់។ ការប្រកាសនេះធ្វើឡើងក្រោយពីអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ទោះបីលទ្ធផលបោះឆ្នោតនៅតៃវ៉ាន់ទៅជាយ៉ាងណាក្តី ក៏មានចិនតែ ១ ទេក្នុងពិភពលោកនេះ ហើយតៃវ៉ាន់នៅតែជាផ្នែក ១ របស់ចិនដដែល។
លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសមិនអាចសុំការបញ្ជាក់បន្ថែមបានទេនៅថ្ងៃទី ១៥ ខែមករា។
លោក ស៊ឺន សម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា គោលជំហរប្រកាន់យកគោលនយោបាយចិនតែ ១ នេះ មិនមែនជារឿងថ្មីឡើយ ដែលការប្តេជ្ញានេះគឺធ្វើឡើងតាំងពីសម័យសង្គមរាស្ត្រនិយម ដែលដឹកនាំដោយព្រះបាទនរោត្តម សីហនុ ហើយបន្តមកដល់ជំនាន់លោកហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែលការប្រកាសជាថ្មីនេះ ស្របពេលតៃវ៉ាន់មានការបោះឆ្នោតប្រធានាធិបតីថ្មី ហើយចិនបានហៅការបោះឆ្នោតនេះថា ជាជម្រើសនៃសង្គ្រាម និងសន្តិភាព។
លោកថា៖ «កម្ពុជាយើងជាប្រទេសមួយដែលមានទំនាក់ទំនងល្អជាមួយចិន គ្រាន់តែចង់រំឭកថា កម្ពុជាគោរពលើអ្វីដែលជាគោលនយោបាយចិនតែ ១ ដែលកម្ពុជាបានប្រកាសជាយូរយារណាស់មកហើយ កម្ពុជាតែងចាត់ទុកតៃវ៉ាន់ជាផ្នែកមួយរបស់ចិន។ នេះជាការបញ្ជាក់ជំហរឡើងវិញ»។
លោក ស៊ឺន សម យល់ថា ការប្រកាសរបស់ក្រសួងការបរទេសកម្ពុជានេះ នឹងមិនប៉ះពាល់អ្វីជាដុំកំភួនលើទំនាក់ទំនងជាមួយតៃវ៉ាន់ឡើយ ខណៈកម្ពុជា និងកោះតៃវ៉ាន់មិនមានចំណងការទូតផ្លូវការណាមួយឡើយ ហើយនឹងមិនប៉ះពាល់លើទំនាក់ទំនងកម្ពុជានឹងក្រុមប្រទេសបស្ចិមលោកទេ ដែលសូម្បីសហរដ្ឋអាមេរិកក៏មិនមានស្ថានទូតរបស់ខ្លួននៅតៃវ៉ាន់ដែរ។
ចំណែកលោក សេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ និងជាអ្នកតាមដាននយោបាយតំបន់ក៏យល់ឃើញស្រដៀងគ្នានេះដែរថា ការប្រកាសជំហររបស់កម្ពុជាមិនប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីជាមួយតៃវ៉ាន់ឡើយដោយសារកម្ពុជាមិនមានចំណងការទូតផ្លូវការទេ ទោះបីភាគីទាំង ២ មានទំនាក់ទំនងផ្នែកពាណិជ្ជកម្មមួយចំនួននឹងគ្នាក្តី ដោយអ្នករកស៊ីតៃវ៉ាន់ភាគច្រើនមករកស៊ីនៅកម្ពុជាតាមរយៈការសម្របសម្រួលពីចិន ឬពីវៀតណាម។
លោកបញ្ជាក់ថា៖ «នេះជាការបង្ហាញជំហរម៉ឺងម៉ាត់របស់កម្ពុជា និងក៏ជាការយកចិត្តដល់ភាគីចិនផងដែរ។ ភាគច្រើនការប្រកាសជំហរបែបនេះធ្វើឡើងនៅក្រោយការបោះឆ្នោតនៅតៃវ៉ាន់ ក្នុងលទ្ធផលមួយដែលគណបក្សកាន់អំណាចបន្តឈ្នះឆ្នោត ហើយខ្លាចក្រែងស្ថានការណ៍តៃវ៉ាន់ និងចិនវិវឌ្ឍទៅរកភាពអវិជ្ជមាន»។
លោកសង្កត់ធ្ងន់ថា មិនត្រឹមតែកម្ពុជានោះទេ ទោះបីសម្ព័ន្ធមិត្តតៃវ៉ាន់ពោល គឺសហរដ្ឋអាមេរិកតាមរយៈរដ្ឋមន្ត្រីការបរទេស និងប្រធានាធិបតីអាមេរិកលោកចូ បៃឌិន ក៏បានបង្ហាញការមិនគាំទ្រដល់ឯករាជភាពរបស់តៃវ៉ាន់ដែរ ខណៈសហរដ្ឋអាមេរិកប្រកាន់ជំហរលើស្ថានភាពបច្ចុប្បន្ន និងមិនចង់ឃើញការប្រើកម្លាំងយោធា ដែលអាចជាផ្នែកមួយលើការគាំទ្រគោលនយោបាយចិនតែ ១ ដោយបញ្ឆិតបញ្ឆៀង។
លោក សេង វណ្ណលី សង្កេតឃើញថា ការប្រកាសជំហរបន្តគោរពគោលនយោបាយចិនតែ ១ របស់បណ្តាប្រទេសជិតស្និទ្ធនឹងចិន ក៏ជាយុទ្ធសាស្ត្រការទូតសម្រាប់តៃវ៉ាន់ពិចារណាបន្ថយភាពតានតឹងរវាងខ្លួន និងចិនផងដែរជុំវិញមហិច្ឆតាផ្តាច់ខ្លួនប្រកាសឯករាជ្យពីចិនដែលអាចនាំឱ្យកើតមានជម្លោះណាមួយដោយប្រដាប់ អាវុធ។
សូមរំឭកថា កាលពីខែតុលា ឆ្នាំ ២០២៣ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិន លោកបានជួបថ្នាក់ដឹកនាំចិន ជាពិសេសប្រធានាធិបតីចិនលោក ស៊ី ជីនភីង ដោយបញ្ជាក់ពីការប្រកាន់ជំហរគោលនយោបាយចិនតែ ១ ផងដែរ។
ចំណែកនៅក្នុងជំនួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅខេត្តតាកែវ កាលពីខែកញ្ញា ឆ្នាំមុននោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ជាថ្មីទៀត ពីការប្តេជ្ញាចិត្តឥតងាករេចំពោះគោលនយោបាយចិនតែ ១ ដោយលោកបានអះអាងថា មិនត្រឹមតែកម្ពុជាទេ តែមានប្រទេសចំនួន ១៨១ ដែលជាសមាជិកអង្គការសហប្រជាជាតិ ក្នុងនោះរួមទាំងសហរដ្ឋអាមេរិកក៏បានគាំទ្រគោលនយោបាយចិនតែ ១ ដែរ៕