
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងភរិយាបានជួបជាមួយបងប្អូនសហគមន៍ខ្មែរ និងនិស្សិតខ្មែរដែលកំពុងសិក្សានៅអឺរ៉ុបជាង ២ ពាន់នាក់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងភរិយាបានជួបជាមួយបងប្អូនសហគមន៍ខ្មែរ និងនិស្សិតខ្មែរដែលកំពុងសិក្សានៅអឺរ៉ុបជាង ២ ពាន់នាក់ ដើម្បីសំណេះសំណាល សាកសួរសុខទុក្ខ និងជម្រាបជូនពីស្ថានភាពសុខសន្តិភាព ការអភិវឌ្ឍ និងសេចក្តីសុខសាន្តរបស់កម្ពុជា។
នេះគឺជាការបន្តជំនួបដែលលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តែងតែបានផ្តល់ពេលវេលាដើម្បីជួបជាមួយបងប្អូនសហគមន៍រស់នៅតាមបណ្តាក្រៅប្រទេស ហើយក្នុងនោះតំបន់អឺរ៉ុប ក៏ត្រូវបានរៀបចំជាបន្តបន្ទាប់ផងដែរ។
តេឡេក្រាមរបស់លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា៖«គោលបំណងសំខាន់ក្នុងការជួបជុំ គឺដើម្បីសាកសួរសុខទុក្ខ និងផ្តល់នូវការសំណេះសំណាលប្រកបដោយស្មារតីខ្មែរតែមួយ ជាពិសេសក៏បានឆ្លៀតឱកាសក្នុងការធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពសុខសន្តិភាព ការអភិវឌ្ឍ និងសេចក្តីសុខសាន្តរបស់កម្ពុជា»។
លើសពីនោះ លោកក៏បានធ្វើការបញ្ជាក់ផងដែរ អំពីបេសកកម្មនៃការធ្វើទស្សនកិច្ចផ្លូវការ ដែលលោក និងរាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងធ្វើជាមួយប្រទេសបារាំង និងដៃគូដែលពាក់ព័ន្ធសំដៅស្វែងរកការវិនិយោគក្នុងការផ្តល់ផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា។
លោកនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់បងប្អូនសហគមន៍ខ្មែរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទាំងកម្លាំងកាយចិត្ត ថវិកាក្នុងការធ្វើដំណើរមកជួបជុំគ្នានៅពេលនេះ ដែលជាការផ្តល់នូវភាពស្និទ្ធស្នាល និងកម្លាំងចិត្តដ៏ខ្លាំងក្លាសម្រាប់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលក្នុងការបន្តដឹកនាំ និងបំពេញបេសកកម្ម ដើម្បីបុព្វហេតុជាតិ និងប្រជាជន៕




