ភ្នំពេញៈ​លោក​ទេស​រដ្ឋមន្ត្រី​ គន់ ​គីម​ អនុ​ប្រធាន​ទី​១គណៈក​ម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហ​ន្តរាយ (​គ​.​ជ​.​គ​.​ម​.)​បាន​លើក​ឡើង​ថា​រាជ​រដ្ឋាភិ​បាល​កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​ពេញ​លេញ​ចំពោះ​ការ​អភិវ​ឌ្ឍនិ​ង​សុខុមាល​ភាព​របស់​ប្រជា​ពលរដ្ឋ​ខណៈគ​.​ជ​.​គ​.​ម​.​បានធ្វើការ​យ៉ាង​សកម្ម​ក្នុង​ការ​កាត់​បន្ថយ​ហានិ​ភ័យ​ពីគ្រោះ​មហន្ត​រាយ​។​

​លោក​បាន​លើក​ឡើង​ផង​ដែរ​ពី​សារៈសំខាន់​របស់​ប្រព័ន្ធ​ប្រកាស​ព័ត៌មាន​ឱ្យដឹង​មុន​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ខ្ពស់ ក្នុង​ការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ ​និង​ប្រព័ន្ធ​ប្រកាស​ព័ត៌​មាន​ឱ្យ​ដឹង​មុន​នៅ​កម្ពុជា​។​

​លោក​ គន់ ​គីម ​បាន​បញ្ជាក់​ដូច​នេះ​ក្នុង​ខណៈ​ពេល​លោក​ជួប​ពិភាក្សា​ការងារ​ជា​មួយ​នឹង​លោក ​ចូ សូ​យ័រ (Jo Scheuer) អ្នក​សម្រប​សម្រួល​អង្គ​ការ​សហ​ប្រជាជា​តិប្រ​ចាំ​កម្ពុជា​កាល​ពី​រសៀល​ថ្ងៃទី​១៥ ​ខែមករា​ ឆ្នាំ​២០២៤ ​នៅ​គណៈ​កម្មាធិ​ការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​រាជ​ធានី​ភ្នំពេញ​។នេះ​បើ​យោង​តាម​ការ​ផ្សព្វ​ផ្សាយរ​ប​ស់ គ​.​ជ​.​គ​.​ម​.​។​

​អនុ​ប្រធាន​ទី​១ គ​.​ជ​.​គ​.​ម​.​បាន​ឱ្យដឹង​ថា៖ «​ការ​ជួប​ពិភាក្សា​គ្នា​​នេះ ជា​ការ​ពង្រឹង​ភាព​ជា​​ដៃគូ​ដែល​មាន​ស្រាប់​ រវាង​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ និង​អង្គ​ការ​សហ​ប្រជា​ជាតិ​លើ​ផ្នែក​សំខាន់ៗ​នៃ​ការ
អ​ភិវឌ្ឍ​និង​កា​រគ្រប់​គ្រង​ហានិ​ភ័យ​គ្រោះ​មហន្ត​រាយ ​នៅ​កម្ពុជា​»​។​

​លោក​គន់ ​គីម​ បាន​បន្ត​ថា៖«​រាជ​រដ្ឋាភិ​បាល​កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​ពេញ​លេញ​ចំពោះ​ការ​អភិ​វឌ្ឍ​និង​សុខុ​មាល​ភាព​របស់​ប្រជាព​លរដ្ឋ​។  គ​.​ជ​.​គ​.​ម​. បាន​ធ្វើកា​រយ៉ាង​សកម្ម​ក្នុង​ការ​ធ្វើស​មាហរ​ណកម្ម​ការកាត់​បន្ថយ​ហានិ​ភ័យ​គ្រោះ​មហន្ត​រាយ​ទៅ​ក្នុង​ផែន​ការ​អភិ​វឌ្ឍ​ន៍និង​ស្រប​តាម​ផែន​ការ​យុទ្ធ​សាស្ត្រ​អភិវ​ឌ្ឍន៍​ជាតិ​»​។​

​លោក​បាន​អះអាង​ទៀត​ថា ​ជា​ពិសេស គ​.​ជ​.​គ​.​ម​.​បាន​និង​កំពុង​រៀបចំ​ផែន​ការ​សកម្ម​ភាព​ជាតិ​សម្រាប់​ការ​កាត់​បន្ថយ​ហានិ​ភ័យ​គ្រោះ​មហន្ត​រាយ (​NAP-DRR) ២០២៤-​២០២៨ ​ដោយ​ទទួល​ស្គាល់​ពី​សារៈ​សំខាន់​នៃ​ការ​ការ​ពារ​ប្រជា​ជននិ​ង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ពី​ផល​ប៉ះ​ពាល់​ដោយ​គ្រោះ​មហន្ត​រាយ​។​

​នា​ឱកាស​នោះ​លោក​ គន់ ​គីម ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ពី​សារៈ​សំខាន់​របស់​ប្រព័ន្ធ​ប្រកាស​ព័ត៌​មាន​ឱ្យ​ដឹង​មុនដែល​ប្រព័ន្ធ​នេះ​មិន​អាច​ខ្វះ​បាន ​ជា​ពិសេស​ការ​ពង្រឹង​ភាព​ជា​ដៃ​គូ​ជា​មួយ​ភាគី​អ្នក​ពាក់​ព័ន្ធ ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ខ្ពស់ ​ក្នុង​ការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ និង​ប្រព័ន្ធ​ប្រកាស​ព័ត៌​មាន​ឱ្យ​ដឹង​មុន​នៅ​កម្ពុជា​ដែលជា​​ចំណែក​ដ៏​មាន​សារៈ​សំខាន់​បំផុតក្នុង​ការ​ការ​ពារ​អាយុ​ជីវិត​របស់​ប្រជា​ពល​រដ្ឋឱ្យ​រួច​ចាក​ផុតពី​គ្រោះ​មហន្ត​រាយនិង​រួម​ចំណែក​ដល់​រាជ​រដ្ឋាភិ​បាលក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​។ 

​លោ​កបានបញ្ជាក់​ទៀត​ថា​៖«​អង្គ​ការ​សហ​ប្រជា​ជាតិ​ក៏ដូច​ជា​ដៃគូ​អភិវឌ្ឍន៍​ដែល​មាន​វត្ត​មាន​នៅ​កម្ពុជា​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចី​ភាព​និង​ភាព​ធន់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​យើង​ពិត​ជា​កោត​ស​រសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​នេះ​»​។​

​ជា​មួយ​គ្នា​នោះ​ដែរ​លោក​ ចូ សូ​យ័រ (Jo Scheuer) បាន​កោតស​រសើ​រ​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុ​ជាដែល​សម្រេច​បាន​សមិទ្ធ​ផល​ផ្លែផ្កា​ជា​ច្រើន ​ហើយ​ក្នុង​អា​ណ​ត្តិ​បំពេញ​ភារកិច្ច​នៅ​កម្ពុជា​នេះ​លោក​នឹង​បន្ត​ខិត​ខំ​ពង្រឹង ​និង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​គ្រប់​វិស័យ​អាទិ​ភាព របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា​។

​ទាក់ទ​ង​នឹង​ប្រព័ន្ធ​ប្រកាស​ឱ្យ​ដឹង​មុន​នេះ​ដែរ​ លោក​ ចូ សូ​យ័រ ធ្លាប់​បាន​លើក​ឡើងថា ​ប្រព័ន្ធ​ប្រកាស​ព័ត៌​មាន​ឱ្យ​ដឹង​មុន​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ខែវិ​ច្ឆិកា ​ឆ្នាំ​២០២២ ​កន្លង​ទៅ​ដោយ​អគ្គ​លេខាធិ​ការ​អង្គ​ការ​សហ​ប្រជា​ជាតិ អំពី​ផែន​ការ​សកម្ម​ភាព​ក្នុងការ​ការ​ពារ​ប្រព័ន្ធ​នេះ ​ហើយ​កាលពីដើម​ឆ្នាំ​២០២៣​​ អង្គកា​រសហ​ប្រជា​ជាតិ បាន​ធ្វើ​ការ​ងារ​ជា​មួយ​ដៃគូ​ពាក់​ព័ន្ធ​ អង្គ​ការ​សង្គម​ស៊ីវិល ​និង​ក្រុមហ៊ុន​អាយ​ធី ដែល​ផ្តោត​សំខាន់​លើ​ប្រទេស​ចំនួន ៣០ ​ក្នុង​នោះ​មាន​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​។​

​សូម​បញ្ជាក់​​ផងដែរ​ថា​ ប្រព័ន្ធ​ប្រកាស​ឱ្យដឹ​ង​មុន​នេះ​នឹង​ជួយ​កម្ពុជាបាន​ស្វែង​យល់​ពី​ហានិ​ភ័យការ​ត្រួត​ពិនិត្យ​ការ​ព្យាករ​ការ​ប្រស្រ័យ​ទាក់​ទង​គ្នា និង​ការ​ត្រៀម​បង្ការ​ក្នុង​ការ​ឆ្លើយ​តប​៕