ភ្នំពេញៈ លោក ម៉ុក ដារ៉ា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី១៥ បានជួបប្រជុំតំណាងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតចំនួន ៤ ដើម្បីផ្សព្វផ្សាយជូនគណបក្សនយោបាយអំពីគោល ការណ៍រៀបចំកម្មវិធីស្មើភាព សម្រាប់គណបក្សផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយ នៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក ម៉ុក ដារ៉ា ដែលជាប្រធានគណៈកម្មការសម្របសម្រួលផងដែរនោះ បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «គណបក្សនយោបាយទាំងអស់ទទួលបានឱកាសដោយស្មើភាព តម្លាភាព និងឥតគិតថ្លៃ ដើម្បីផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនទៅដល់សាធារណជន និងអ្នកបោះឆ្នោត តាមរយៈកម្មវិធីស្មើភាពដែលរៀបចំដោយ គ.ជ.ប»។
សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឱ្យដឹងថា គណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភាខាងមុខនេះមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ។
សូមបញ្ជាក់ដែរថា កម្មវិធីស្មើភាព ត្រូវចែកចេញជា ៣ ផ្នែក ក្នុងនោះមាន៖ ១. កម្មវិធីកិច្ចពិភាក្សាតុមូល ដែលគ្រប់គណបក្សនយោបាយ ត្រូវធ្វើការបង្ហាញនូវគោលនយោបាយរបស់ខ្លួនតាមប្រធានបទដែលគណៈកម្មការសម្របសម្រួលបានដាក់ជូន ហើយកម្មវិធីនេះត្រូវថតទុកជាមុន និងត្រូវចាក់ផ្សាយតាមវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា។ ២. ស្ប៉តឃោសនារបស់គណបក្សនយោបាយ ដែលត្រូវចាក់ផ្សាយតាមវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជានិង៣. ការបោះពុម្ពផ្សាយអត្ថបទឃោសនារបស់គណបក្សនយោបាយលើព្រឹត្តិបត្រគោលនយោបាយគណបក្ស ដែលបោះពុម្ពផ្សាយដោយ គ.ជ.ប ចំនួន ២ លេខ។
លោក ម៉ុក ដារ៉ា បានបញ្ជាក់ឱ្យដឹងដែរថា៖ «ក្រោយកិច្ចប្រជុំកាលពីថ្ងៃទី១៥ គណបក្សនយោបាយទាំង ៤ បានឯកភាព និងមិនមានការតវ៉ាចំពោះកម្មវិធីស្មើភាព ដែល គ.ជ.ប រៀបចំនោះទេ»។
លោក គឹមសួរ ភិរិទ្ធ បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា របស់គណបក្សឆន្ទៈខ្មែរ បានឱ្យដឹងដែរថា គណបក្សលោកនឹងអនុវត្ត និងធ្វើទៅតាមការណែនាំនិងកំណត់របស់ គ.ជ.ប សម្រាប់ការឃោសនាបោះឆ្នោតនៅពេលខាងមុខនេះ។
លោកបានប្រាប់ថា៖ «យើងចេះតែធ្វើទៅតាមការកំណត់នេះទៅ ប៉ុន្តែខ្ញុំគិតថា មិនសូវជាសំខាន់ សម្រាប់ការផ្សព្វផ្សាយកម្មវិធីនយោបាយ និងសារនយោបាយរបស់គណបក្ស សម្រាប់ការបោះឆ្នោតព្រឹទ្ធសភាទេ ព្រោះប្រជាពលរដ្ឋមិនបានទៅស្តាប់»៕